រាជធានីភ្នំពេញ ៖ ​តារា​ចម្រៀង​ថ្មី​វ័យ​ក្មេង​អាយុ​ទើប​២០​ឆ្នាំ ​ដែល​បាន​​ចូល​ប្រឡូក​​ក្នុងពិភព​សិល្បៈ​​ចម្រៀង​កាលពី​​ឆ្នាំ ២០០៨ ​មក​នោះ ​ពេល​នេះ​ទើប​តែ​​​ច្រៀង​ថត​សំឡេង​​ចូល​ស៊ីឌី​ឱ្យ​ផលិត​កម្ម​ថ្មី​មួយ​​បានតែ​៤​បទ​ប៉ុណ្ណោះ។ ​

​កញ្ញា  ជា នីតា ហៅ​ Ella ​ពេល​នេះ​កំពុង​តែ​ពុះ​ពារ​ដើម្បី​ទាញ​យក​ប្រជា​ប្រិយ​ភាព​ពី​មហា​​ជន​ទូទៅ​នៅ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​តាម​រយៈ​ការ​ឡើង​ច្រៀង​ជា​កិត្តិ​យស​​នៅលើ​ឆាក​ប្រគំ​តន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​​នានា។ ​ជាក់​ស្តែង​កាលពី​​ថ្ងៃទី​១១ មីនា ២០១២ ​កន្លង​ទៅ​នេះ Ella ​បាន​ឡើង​ច្រៀង​ក្នុង​កម្ម​វិធី​តារា​មាស​តន្ត្រី​នៃ​​ស្ថានីយ​​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ ដោយ​ច្រៀង​ចំនួន​​៣​បទ គឺទី១ បទ «ស្មាន​មិន​ត្រូវ» ទី២ បទ «សង្សារ​ខ្ញុំណែនាំ​សង្សារ​ថ្មី» ទី​៣ បទ «សង្ស័យ​ថា​មាន​ថ្មី» ដែល​​ជា​បទ​ចម្រៀង​​សម្រាប់​យុវ​វ័យ​​សម័យ​បច្ចុ​ប្បន្ន​​នេះ ។ ​កញ្ញា​ ជា នីតា ​បាន​ឱ្យ​​ដឹងថា នាង​​មាន​ស្រុក​កំណើត​នៅ​​ទីក្រុង​ភ្នំពេញ ​​ក្នុង​សង្កាត់​ទឹក​​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ​ឪពុក​ឈ្មោះ​ជា ចន្ធូ ជា​កង​ទ័ព​​ម្តាយ​​ឈ្មោះ​​ហ៊ិន ​សុផាន (ស្លាប់) Ella ​មាន​បង​ប្អូន​៣​នាក់ ​ក្នុងនោះ​ប្រុស​ម្នាក់ នាង​ជា​កូន​ពៅ​​ក្នុង​គ្រួសារ ។

ដោយ​សារ​ការ​ស្រឡាញ់​សិល្បៈ​​ចម្រៀង​មិន​អាច​កាត់​ផ្តាច់​​បាន​នៅ​ឆ្នាំ ២០០៨ ​នាង​បាន​ឈប់​សិក្សា​ត្រឹម​ថ្នាក់​ទី១០ ហើយ​​ចូល​ហ្វឹក​ហាត់​រៀន​​ច្រៀង​នៅ​ក្នុង​ក្លឹប​សិល្បៈ​មួយ​​​​បាន​រយៈ​ពេល​បី​-បួនខែ​ក៏​ចេញ​ច្រៀង​នៅ​តាម​ភោជនីយ​ដ្ឋាន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ​រហូត​មក​ដល់​ចុង​ឆ្នាំ​២០១១ ​នាង​បាន​​ចុះ​កុង​ត្រា​នៅ​​ផលិត​​កម្ម​ថ្មី​ក្នុង​​ស្រុក​មួយ​ដែល​រយៈ​ពេល​​ជាង​​៤​ខែ​មក​នេះ ទើប​តែ​​ច្រៀង​ថត​សំឡេង​ចូល​ស៊ីឌី​​បាន​៤​បទ​តែ​ប៉ុណ្ណោះ ​គឺ​បទ «សង្ស័យ​​ថា​បង​មានថ្មី» ​បទ «គ្មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​មុន» បទ «ស្មាន​មិន​ត្រូវ» និង​បទ «សង្សារ​ខ្ញុំ​ណែនាំ​សង្សារ​ថ្មី» ដែល​​ត្រៀម​ចេញ​លក់​នា​ពេល​​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។ ​

​អ្នក​គ្រប់​​គ្រង​ផលិត​កម្ម​បាន​ឱ្យ​កោះ​សន្តិ​​ភាព​​​ដឹងថា Ella បាន​ចុះ​កុង​ត្រា​ជាមួយ​ផលិត​​កម្ម​​​រយៈ​ពេល​៥​ឆ្នាំ ដោយ​មាន​ប្រាក់​​ឧត្តម​​ប្រចាំ​ខែ ​និង​ប្រាក់​សម្រាប់បទ​ចម្រៀងនីមួយៗ។ តែ​គេ​មិន​បាន​ប្រាប់ថា Ella ​មាន​ប្រាក់​ប្រចាំ​​ខែ​ប៉ុន្មាន​នោះ​ទេ ហើយ​ក្នុង​​មួយ​បទ​​ក៏មិន​ដឹងថា ទទួល​កម្រៃ​​ប៉ុន្មាន​ដែរ ។

ពេល​សម្ភាសន៍​​កញ្ញា​ Ella ​ហាក់ដូចជា​មាន​ការ​លាក់​លៀម​​មិន​ហ៊ាន​​និយាយ​អ្វី​​ច្រើន​នោះ​ទេ។ ​សូម្បី​តែ​អ្នក​យក​ព័ត៌​មាន​​សួ​រទាក់​ទង​នឹង​ជីវិត​​​ស្នេហា​ថា តើ​ពេល​នេះ​នាង​បាន​បើក​បេះដូង​សម្រាប់​​​អ្នក​ណា ហើយ​​ឬ​នៅ Ella មិន​និយាយ​អ្វី​ទេ​ ដោយ​គ្រាន់តែ​​ប្រាប់​ថា ​ទុក​ឱ្យ​​មហា​ជន​តាម​ដាន  ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]