នៅក្នុងឳកាសសន្និសិទសារពត៌មាន ដែលបានប្រព្រឹត្តធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣នេះ នៅទីស្នាក់ការរបស់ផលិតកម្មReload Music បានធ្វើពិធីចុះកិច្ចសន្យារវាងតំណាងក្រុមហ៊ុន និងតារាថ្មីៗចំនួន២នាក់បន្ថែមទៀត ដើម្បីក្លាយទៅជាតារាប្រចាំផលិតកម្មReload Music។ 
 
នៅក្នុងពិធីនេះចុះកិច្ចសន្យានេះ អ្នកតំណាងរបស់ក្រុមហ៊ុនគឺលោក អ៊ិន វិសាល ដែលជាសហស្ថាបនិកម្នាក់នៃម្ចាស់ទាំងបីក្រុមហ៊ុនដែលមាន Manich Media ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងជំនាញទីផ្សារនៅលើប្រព័ន្ធអ៊ិនធឺណេត និងKhmerload ដែលជាគេហទំព័រជាប់ចំណាត់ថ្នាក់លេខ១ក្នុងប្រទេសកម្ពុជា ដែលមានអ្នកទស្សនាជាង២លាននាក់ក្នុងមួយខែ និងមួយទៀតគឺក្រុមហ៊ុនFish & Coដែលបំរើសេវាកម្មភោជនីយដ្ឋាន អាហារសមុទ្រអន្តរជាតិ។
 
លោក អ៊ិន មាន ជាចាងហ្វាងរបស់ផលិតកម្មReload Music បានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនៗក្រុមហ៊ុនបាន ធ្វើពិធីចុះកិច្ចសន្យារវាង តំណាងក្រុមហ៊ុនជាមួយ និងតារាចម្រៀងនិងសម្តែងជើងចាស់ចំនួន៧នាក់រួចមកហើយ ក្នុងនោះរួមមាន លោក លោក សាន រ័ត្នបញ្ញាស័ក លោក ម៉ៃ សុគន្ធ លោក ហេងកាន់ឌី លោក យស ស័ក្តវិរៈសុធ លោក យុគ ឆេងហាក់ លោក ដា ធននិវឌ្ឍន៍ និង លោក សួន វិសាល។ ចំនែកនៅរសៀលថ្ងៃទី ២៤ ខែមិថុនានេះ មានពិធីចុះកិច្ចសន្យាបន្ថែមតារា ២នាក់ទៀត គឺ កញ្ញា ហង្ស សុជាតា ជាអ្នកចម្រៀងមានសំលេងទឹកដមពិរោះ ក្រអួនក្រអៅ ហើយកញ្ញាមានទេពកោសល្យផ្នែករាំ និងសម្តែងបានយ៉ាងល្អផងដែរ។ ចំនែកតារាមួយដួងទៀតគឺកញ្ញា សុភ័ក្ត្រ កុសុម៉ា ជាតារាចម្រៀងដែលមានឧបនិស្ស័យពីកំណើត មានសំលេងយ៉ាងពិរោះក្រអៅក្រអួនអន្រួនអារម្មណ៍ អ្នកស្តាប់មិនចេះជិននឿយ ហើយក៏ជាម្ចាស់បទ បេះដូងស្រីខ្មៅ ដែលធ្លាប់ជាបទចម្រៀងដ៏ពេញនិយមក្នុងផលិតកម្មនាគមាសផងដែរ។
 
លោក អ៊ិន មាន បាននិយាយទៀតថានេះជាសក្ខីភាពមួយរបស់ផលិតកម្ម Reload Music និងអ្នកដែលបានចូលរួមក្នុងពិធីនេះ ដែលបង្ហាញថាវាជាថ្ងៃចាប់ផ្តើមអាជីពជាអ្នកសិល្បៈ។ ដោយសារតែមើលឃើញនូវសក្តានុពល និងចក្ខុវិស័យដ៏ល្អនៃផលិតកម្មReload Music ទើបជំរុញឲ្យតារាទាំងពីរដួងនេះសំរេចចិត្តឈានជើងចូលក្នុងផលិតកម្មReload Music ដើម្បីចែករំលែកចំនេះដឹង និងទេពកោសល្យដែលខ្លួនមាន ជូនដល់ពន្លកតារាថ្មីៗដើម្បីបំពេញសេចក្តីត្រូវការ ទស្សនិកជនក្នុងវិស័យសិល្បៈ។ តារាទាំងពីរដួងសុទ្ធសឹងជាយុវសិល្បៈករ ដែលមានបទពិសោធន៍ និងទេពកោសល្យក្នុងការសំដែង និងច្រៀងយ៉ាងប៉ិនប្រសប់ដែលអាចនិយាយបានថា ជាដួងតារាងបញ្ចេញពន្លឺភ្លឺចិញ្ចែងចិញ្ចាច មិនចេះរលត់ក្នុងវិស័យសិល្បៈ។
 
ចំពោះការចូលរួមរបស់តារាទាំងពីរដួងនេះ គឺបានធ្វើការចុះហត្ថលេខាដោយផ្តោត លើគោលការណ៍ចំនួន២គឺ៖ ទី១ ការចេញបទចំរៀងថ្មីៗរបស់ខ្លួន តាមរយៈផលិតកម្ម Reload Music ទី២ ការចូលរួមបង្រៀននិងដឹកនាំតារាថ្មីៗដែលនឹងចូលមកផលិតកម្ម Reload Music តាមរយៈការប្រកួតនៅក្នុងកម្មវិធីមួយឈ្មោះថា “តារាឯកកម្ពុជា”។ 
 
គួរបញ្ជាក់ផងដែរថាផលិតកម្ម Reload Music បានបញ្ចូលតារាជើងចាស់ ចំនួន៧ដួងរួចទៅហើយ កាលពីថ្ងៃទី ១០ និងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣។ គិតមកដល់ពេលនេះ Reload Music បានទទួលតារាសរុបចំនួន ៩ ដួងហើយ។ ផលិតកម្ម Reload Music មានគម្រោងការណ៍ក្នុងបញ្ចូលតារាជើងចាស់ ជាច្រើនដួងទៀតនៅក្នុងអំឡុងខែមិថុនានេះ ហើយនឹងចេញផ្សាយនៅស្នាដៃរបស់ខ្លួន ក្នុងពេលឆាប់ៗនេះដែរ។ ដើម្បីតាមដានពត៌មានបន្ថែមដែលពាក់ព័ន្ធនិង Reload Music ប្រិយមិត្តអាចមើលតាមគេហទំព័រ www.KhmerReload.com៕
 
 


 
កែសម្រួលដោយ អៀង
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា