រាជធានីភ្នំពេញ ៖ ស្រ្តីជាប្រពន្ធដើម និងកូនប្រុស២នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាមោ៉ង៧និង ៣០នាទីយប់ថ្ងៃទី២៣ មិថុនា នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយសារត្រូវបុរសជាប្តី និងជាឪពុក ប្តឹងចោទប្រកាន់ ពីបទមនុស្សឃាត ព្រោះបានដណ្តើម កាំភ្លើងពីឪពុកយកទៅ អាមេ៉ភ្ជង់ប្រពន្ធ ចុងនិងខ្លួនជាឪពុក ខណៈកើតជម្លោះ រវាងប្រពន្ធដើម និងប្រពន្ធចុង ។ បុរសដែលក្លាយជា ស្មាមួយអម្រែក២នេះ  គឺជាមន្ត្រីប៉ូលិសប៉ុស្តិ៍ សង្កាត់ឃ្មួញ ឈ្មោះ គួយ សុខា អាយុ៤៥ឆ្នាំ ។

ស្រ្តីជាប្រពន្ធ ដើមឈ្មោះ ស្រី ច័ន្ទសុគា អាយុ៤០ឆ្នាំ និងកូនប្រុស២នាក់ ម្នាក់ឈ្មោះ គួយ សុខេង អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ គួយ សុខុន អាយុ១៥ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន ។ ចំណែកស្រ្តីជាប្រពន្ធចុងឈ្មោះ គង់ ចាន់ អាយុុ៣៨ឆ្នាំ ។ នៅក្នុងការិយាល័យប៉ូលិសប៉ុស្តិ៍ ក្នុងទឹកមុខស្រងូតស្រងាត់ ស្រី្តជាប្រពន្ធដើមបាន និយាយទាំងស្រក់ទឹកភ្នែកថា គាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធ ក្រាបសំពះក្បាលដល់ កន្ទេល និងមានលិខិតអាពាហ៍ពិពាហ៍ ត្រឹមត្រូវស្របច្បាប់ តាំងពីឆ្នាំ១៩៩៣ មក ដោយមានកូនប្រុស ចំនួន៤នាក់ ។

ពីមុនគាត់រស់នៅ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ តែនៅឆ្នាំ២០០០ ក្រុមគ្រួសារគាត់បាននាំគ្នា ទៅរស់នៅផ្ទះមួយទៀត ស្ថិតនៅខាងក្រោយ សាលាបឋមសិក្សាប្រាសាទ ក្នុងភូមិទួលក្រសាំង សង្កាត់ឃ្មួញដដែល ។ ស្រ្តីជាប្រពន្ធដើមរៀបរាប់បន្តថា ខណៈពេលទៅរស់នៅផ្ទះថ្មី នោះហើយ ដែលប្តីគាត់ចាប់ផ្តើម បែកគំនិតមានស្រី គឺលួចមានប្រពន្ធចុង និងបង្កជម្លោះវាយតប់ គាត់និងកូនៗឥតល្ហែ ធ្លាប់ដកកាំភ្លើងភ្ជង់គំរាម និងបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះអស់ជាច្រើនលើក ព្រមទាំងបានយកប្រពន្ធចុង មករស់នៅក្នុងផ្ទះចាស់ថែមទៀត ។

ជាបន្តបន្ទាប់ជម្លោះ ប្តីប្រពន្ធកាន់តែរី ករាលដាលរហូតប្តឹងប្តល់ដល់ តុលាការនៅឆ្នាំ២០១២ ហើយមកដល់បច្ចុប្បន្ន តុលាការនៅ មិនទាន់សម្រេចតាម ផ្លូវច្បាប់ណាមួយ នៅឡើយនោះទេ ។ ចំណែកលោកប្តីរូបនេះ ក៏នៅតែបន្តទាក់ទងជាមួយ ប្រពន្ធចុងនេះដដែល ។ ស្ត្រីជាប្រពន្ធដើមបានបន្តទៀតថា  នៅមុនពេលកើតហេតុ រូបគាត់និងកូនប្រុសបានជិះម៉ូតូ ចេញពីផ្ទះនៅខាងក្រោយសាលា បឋមសិក្សាប្រាសាទ ក្នុងគោលបំណងទៅរកទិញសាច់គោអាំង ។ ប៉ុន្តែមិនទាន់ទៅដល់ កន្លែងលក់សាច់គោអាំងផង ដោយជិះកាត់មុខផ្ទះចាស់ក៏ប្រទះ ឃើញស្រ្តីជាប្រពន្ធ ចុងឈរនៅមុខផ្ទះ ទើបគាត់ទប់ កំហឹងមិនបានស្ទុះទៅប្រវាយប្រតប់ ដោយសារតែក្តៅក្រហាយ ស្រ្តីប្រពន្ធចុងនោះ មានសិទ្ធិអ្វីហ៊ានចូល ទៅនៅក្នុងផ្ទះចាស់គាត់ ។

ពេលនោះប្តីក៏បាន មកដល់ជួយឃាត់ តែដោយឃាត់មិនឈ្នះក៏ដក កាំភ្លើងខ្លីម៉ាកកា59 ពីចង្កេះភ្ជង់មកគាត់ជា ប្រពន្ធដើម ទើបកូនប្រុសទាំងពីរនាក់ ដែលនៅមិនឆ្ងាយ ប៉ុន្មានពីគាត់ ស្ទុះមកចាប់ក្រៀកដក យកបានកាំភ្លើងពីឪពុក ហើយរត់ចេញ ស្រាប់តែសមត្ថកិច្ចមកដល់ ឃាត់ខ្លួនគាត់ជា ប្រពន្ធដើម និងកូនប្រុសទាំង២នាក់តែម្តង ។
មន្ត្រី ប៉ូលិសឈ្មោះ គួយ សុខា ដែលប្រពន្ធចោទថា មានប្រពន្ធចុងលួចលាក់ កោះសន្តិភាពមិនអាច សុំការបំភ្លឺបានទេជុំវិញបញ្ហា ដែលផ្ទុះឡើងយ៉ាង កក្រើកដីដូចភ្នំភ្លើងផ្ទុះនេះ ។

ប៉ុន្តែ លោក ម៉ក់ ហុងអធិការប៉ូលិសខណ្ឌសែនសុខ បានប្រាប់កោះសន្តិភាពថា កូនប្រុសទាំងពីរនាក់ បានទៅចាប់ក្រៀកឪពុករបស់ ខ្លួនដណ្តើមយកកាំភ្លើងមកអាមេ៉ ហើយភ្ជង់បំណង បាញ់ទៅលើស្រ្តីជាប្រពន្ធចុងនិងឪពុក តែដោយសារតែកាំភ្លើងនោះ គាំងបាញ់មិនចេញ ហើយប៉ូលិសអន្តរាគមន៍ ខណ្ឌសែនសុខ ចុះទៅទាន់ពេលវេលា ក៏បានឃាត់ខ្លួនអ្នកទាំងបីនាក់ រួមជាមួយនឹងអាវុធយកមក អធិការដ្ឋានខណ្ឌភ្លាមៗ ។ ចំពោះហេតុការណ៍ខាងលើ ប្រជាពលរដ្ឋក៏បានស្តីបន្ទោស ប៉ូលិសប៉ុស្តិ៍ឃ្មួញថា មិនបានចុះទៅធ្វើ អន្តរាគមន៍ទាន់ពេល ខណៈជម្លោះក្នុងគ្រួសារនេះនៅមិន ឆ្ងាយប៉ុន្មានពីប៉ុស្តិ៍ បែរជាគ្មានមន្រ្តី ប្រចាំការទៅវិញ ។ ប្រសិនបើកាំភ្លើងមិនគាំង ប្រាកដជាមានអ្នក បាត់បង់ជីវិតមិនខានឡើយ ៕ 


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]