បាត់ដំបង ៖ ប្រភពព័ត៌មានបានឲ្យដឹងថា ជនល្មើសឈ្មោះហ៊ុយ ហេង រូបនេះ កំពុងព្យាយាមរកវិធី និងរត់ការប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ ដើម្បីសុំនៅក្រៅឃុំ តែមកទល់ពេលនេះ គេពុំទាន់បានដឹងថា សាលាឧទ្ធរណ៍សម្រេច យ៉ាងណា នៅឡើយនោះទេ។

តាមប្រភពពីជនរងគ្រោះ ឈ្មោះជ្រិន ជំនោរ ដែលជាម្ចាស់ភោជនីយដ្ឋានវិមានរៀម ដែលមានទីតាំងខាងលើ ដែលត្រូវ ជនល្មើសផ្ទុះអាវុធប៉ុនប៉ងធ្វើឃាត ចំនួន១២ គ្រាប់នោះ លោកបាននិយាយថា លោកសូមថ្លែងអំណរគុណដល់លោកបណ្ឌិត ជីវ កេង និងប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត ដែលបានយកចិត្តទុកដាក់និង អនុវត្តបទបញ្ជាឲ្យចាប់ខ្លួន ជនល្មើស ទាន់ពេលវេលាបញ្ជូនទៅភ្នំពេញ ដើម្បីទទួលទោសទៅតាមផ្លូវច្បាប់ ដែលខ្លួនបានប្រព្រឹត្តជា ច្រើនករណី ។

លោកជ្រិន ជំនោរ បានបន្តទៀតថា ក្នុងនាមលោកជាជនរងគ្រោះ និងជនរងគ្រោះមួយចំនួនទៀត មានសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានីភ្នំពេញ និងសាលា ឧទ្ធរណ៍ នឹងរកយុត្តិធម៌ មិនឲ្យជនល្មើសរួចពីទោសទណ្ឌ បានដោយងាយៗឡើយ។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាតូច ធំ និងរកយុត្តិធម៌ដល់ ប្រជាពលរដ្ឋកន្លង មក ធ្វើឲ្យប្រជាពលរដ្ឋ គោរពស្រឡាញ់ជឿជាក់ និងកក់ក្តៅយ៉ាងខ្លាំង មិនថា កន្លងមកក៏ដូចជា ទៅថ្ងៃអានាគត សម្តេចកាន់តែ មានប្រជាប្រិយភាព ក្នុងការដឹកនាំ ប្រទេសជាតិ ឲ្យមានសន្តិភាពបរិបូរណ៌ និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។

បច្ចុប្បន្នសាច់ញាតិ កំពុងរត់ការខ្វែងដៃ ខ្វែងជើង សុំនៅក្រៅឃុំ តែត្រូវបានចៅក្រម សាលាដំបូង រាជធានីភ្នំពេញ ធ្វើការបដិសេធ ហើយត្រូវបានភាគីជនល្មើស ប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីសុំនៅក្រៅឃុំ ។

ចំពោះជនបាញ់បោះសេរី ដែលធ្វើឱ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសភ្ញៀវទេសចរ ដែល មកកំសាន្ដនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីធ្លាប់បាន ដាក់បទបញ្ជាយ៉ាង ម៉ឺងម៉ាត់តាមចាប់ខ្លួន ជនទាំងនោះ យកទៅផ្ដន្ទាទោសតាមផ្លូវ ច្បាប់បើទោះបីស្ថិតក្នុងឋានៈ តួនាទី និង មានបុណ្យស័ក្ដិទ្រព្យ សម្បត្ដិយ៉ាង ណាក៏ ដោយ។ ក្រោយពីមានបទបញ្ជា របស់សម្ដេចនាយករដ្ឋមន្ដ្រី ជនបង្កការបាញ់បោះទាំងនោះ ត្រូវបានចាប់ខ្លួនជា បន្ដបន្ទាប់ បញ្ជូន ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលទោស ។

គួរបញ្ជាក់ថា ថៅកែហាងកាហ្វេ ស៊ីតធីឈ្មោះ ហ៊ុយ ហេង អាយុ៣៦ឆ្នាំ រស់នៅភូមិរតនៈសង្កាត់រតនៈ ក្រុងបាត់ដំបងកាលពី វេលា ម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៣ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង របស់ក្រសួង មហាផ្ទៃចាប់ខ្លួន ក្រោយពីជននេះ និងបក្ខពួកបង្កការផ្ទុះ អាវុធបាញ់១២ គ្រាប់ បណ្ដាលឱ្យបែកកញ្ចក់ និងធ្លុះជញ្ជាំង ភោជ នីយដ្ឋាន មួយនៅជាប់របងគ្នា ដែលមានទីតាំងក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]