អាលែកហ្ស៊ីនឹងថ្នាំពេទ្យ ធ្លាប់ជួបអត់? រោគសញ្ញាម៉េចខ្លះ?

//s9.kh1.co/a1/a1447b361c22a0be716c0086dc43ec8c016ceb06.jpg
យល់ដឹង

 ២៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្នា​យើង​មាន​ធ្លាប់​ជួប​បញ្ហា​ហើម រមាស់​ស្បែក ឡើង​កន្ទាលត្រអាក បន្ទាប់​ពី​លេប​ថ្នាំ​រួច​ឬ​អត់? បើ​មាន​អាហារ​អា​ការៈ​បែ​ប​នេះ

គ្នា​យើង​មាន​ធ្លាប់​ជួប​បញ្ហា​ហើម រមាស់​ស្បែក ឡើង​កន្ទាលត្រអាក បន្ទាប់​ពី​លេប​ថ្នាំ​រួច​ឬ​អត់? បើ​មាន​អាហារ​អា​ការៈ​បែ​ប​នេះ អាច​ថា​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​ដែល​យើង​កំពុង​ប្រើ​នោះ​ហើយ​។ អាលែកហ្ស៊ី​ថ្នាំ​ពេទ្យ​ គឺជា​ប្រតិកម្ម​ខុស​ប្រក្រតី​មួយ​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំទៅ​នឹង​ថ្នាំ​នោះ​។ មិន​ថា​ថ្នាំ​មាន​វេជ្ជបញ្ជា ឬ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ទេ គឺ​អាច​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី​បាន​ដែរ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ថ្នាំពេទ្យ​

សញ្ញា និង​រោគ​សញ្ញា​នៃ​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​អាច​លេច​ឡើង​ក្នុង​រង្វង់​មួយ​ម៉ោង​ក្រោយ​លេប ឬ​អាច​ពេល​ខ្លះ​មាន​រហូត​ដល់​ច្រើន​ម៉ោង ឬ​ថ្ងៃ​ផង​ក៏​មាន​។​

សញ្ញា និង​រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​អាច​មាន​ដូចជា​ រមាស់ ក្ដៅ​ខ្លួន ឡើង​កន្ទាលត្រអាក ​ហើម​សរីរាង្គ ហត់ ដក​ដង្ហើម​ឮ​ដូច​ហួច ហៀរសំបោរ និង​រមាស់​ភ្នែក ឬ​ហៀរ​ទឹក​ភ្នែក​ជា​ដើម។

ចំណែក​សញ្ញា និង​រោគ​សញ្ញា​អាលែកហ្ស៊ី​ថ្នាំពេទ្យ​កម្រិត​ធ្ងន់ធ្ងរ​វិញ​អាច​មាន​ដូច​ជា៖

  • ពិបាក​ដក​ដង្ហើម ឬ​មាន​អារម្មណ៍​ថា​ស្ទះ​ផ្លូវ​ដង្ហើម
  • ក្អួត ចង្អោរ ឬ​រាក
  • វិលមុខ ធេងធោង
  • ជីពចរ​ខ្សោយ
  • សម្ពាធ​ឈាម​ធ្លាក់​ចុះ
  • ប្រកាច់ និង
  • បាត់​ស្មារតី ជា​ដើម​។

​​ក្នុង​ករណី​សង្ស័យ​ថា​យើង​មាន​ប្រ​តិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​ណា​មួយ​កំពុង​ប្រើ​ប្រាស់ យើង​គួរ​ទៅ​ជួប​ពេទ្យ​វិញ​ភ្លាម​ដែរ និង​រឹត​តែ​ត្រូវ​ស្វែង​រក​ការសង្គ្រោះ​បន្ទាន់ បើ​យើង​មាន​អាការៈ​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ថ្នាំពេទ្យ​ធ្ងន់​ធ្ងរ​។​

២. មូល​ហេតុ​បង្ក​

​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ​ កើត​ឡើង​ពេល​ប្រ​ព័ន្ធ​ភាព​ស៊ាំ​របស់​យើង យល់​ច្រឡំ​ថា​ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ ដូចជា​វីរុស ឬ​បាក់តេរី។ នៅ​ពេល​ប្រ​ព័ន្ធ​ភាពស៊ាំ​យើង​ចាត់​ទុក​ថា​ថ្នាំ​ដែល​យើង​ប្រើ​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់ វា​នឹង​បង្កើត​អង់ទីករ​ជាក់​លាក់​មួយ​សម្រាប់​ថ្នាំ​នោះ​ដែរ​។ ប៉ុន្តែ​ ពេល​ខ្លះ ​អាលែកហ្ស៊ី​នឹង​ថ្នាំ​នេះ​មិន​កើត​មាន​ទេ​នៅ​ពេល​យើង​ប្រើ​លើក​ទី​មួយ លុះ​ត្រា​តែ​មាន​ការ​​ប្រើ​ច្រើន​ដង ទើប​អាច​​វិវត្ត​ទៅ​ជា​មាន​បញ្ហា​អាលែកហ្ស៊ី​នេះ​ក៏​មាន​។

៣. ប្រភេទ​ថ្នាំ​អាច​នាំឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​

ទោះបីជា​គ្រប់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី តែ​ភាគ​ច្រើន​ថ្នាំ​ដែល​ងាយ​នឹង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ដូច​ជា ពពួក​ថ្នាំ​ផ្សះ​ ថ្នាំ​បំបាក់​ការ​ឈឺចាប់​ ថ្នាំ​ព្យាបាល​ជំងឺ​មហារីក និង​ថ្នាំ​សម្រាប់​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​វាយ​ប្រហារ​លើ​កោសិកា​រាង​កាយខ្លួនឯង។

៤. កត្តា​ប្រឈម​

ខណៈ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ថ្នាំ​ពេទ្យ ប៉ុន្តែ​អ្នក​មាន​បញ្ហា​ទាំង​នេះ​នឹង​មាន​កត្តា​ប្រឈម​ខ្ពស់។

  • មាន​ប្រវត្តិ​អាលែកហ្ស៊ី​នឹង​អាហារ ឬ​អាលែកហ្ស៊ី​ច្រមុះ​
  • មាន​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​អាលែកហ្ស៊ី
  • ប្រើ​ប្រាស់​ថ្នាំ​ច្រើន និង​កម្រិត​ដូស​ខ្ពស់ ឬ​ប្រើ​ថ្នាំ​ដដែល​ៗ​​ក្នុង​រយៈពេល​យូរ​ ជា​ដើម​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T