ភ្នំពេញៈ កម្មករ-កម្មការិនី រោងចក្រកាត់ដេរ សម្លៀកបំពាក់មួយកន្លែង ដែលមានយីហោថា ឌូហឺស្តូ បានដួល សន្លប់មួយចំនួន បន្ទាប់ពីមានហេតុការណ៍ ទុស្សេ ឆេះកាប៊ីនភ្លើង ក្នុងរោងចក្រ ហើយកម្មករ- កម្មការិនី បាននាំគ្នា រត់ចេញមកក្រៅ ប៉ុន្តែ ត្រូវបានសន្តិសុខ ដែលយាមប្រចាំការ នៅក្នុងរោងចក្រមិនឲ្យចេញ និងបានប្រកាសឲ្យចូល ធ្វើការឡើងវិញ ដោយសារភាពកេងចំណេញ របស់ភាគីរោងចក្រ បន្តិចក្រោយមក ដោយសារតែក្លិនផ្សែងធ្វើឲ្យ កម្មករ ដែលមាន សុខភាពខ្សោយ ក៏បានដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ ។

ហេតុការណ៍នេះ កើតឡើង កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបរិវេណ រោងចក្រភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើយោងតាមកម្មការិនីម្នាក់ ឈ្មោះ រី បាននិយាយថា មុនពេលកើតហេតុកម្មករ- កម្មការិនី ទាំងអស់ កំពុងតែ បំពេញការងារសុខៗ ស្រាប់តែមាន អណ្តាតភ្លើង ឆាបឆេះចេញ ពីការប៊ីនភ្លើង នៅក្នុងរោងចក្រ ហើយក៏នាំគ្នារត់ ចេញមកក្រៅបរិវេណអគារោងកច្រ ក្នុងគោលបំណង រត់ចេញទៅខាងក្រៅរោងចក្រ ប៉ុន្តែ មកដល់ខាងក្រៅអគារ រោងចក្រ ស្រាប់តែសន្តិសុខប្រចាំការ នៅរោងចក្រ មិនឲ្យចេញ ហើយបានបង្ខំឲ្យចូលធ្វើការធម្មតាឡើងវិញ ដោយប្រាប់ថា អត់អីទេ ប៉ុន្តែបន្តិចក្រោយមក ដោយសារក្លិនផ្សែងជះភាយពេញក្នុងរោងចក្រនោះ ធ្វើឲ្យពួកគេថប់ ដង្ហើម រួចហើយក៏ទន់ដៃទន់ជើងដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ ។ បន្ទាប់មកត្រូវបានភាគីរោងចក្រ យករថយន្ត របស់រោងចក្រ ដឹកអ្នកដែលដួលសន្លប់ ទៅកាន់មន្ទីរដើម្បីជួយសង្គ្រោះជាបន្ទាន់ ។

បើយោងតាមនគរបាល ដែលចុះទៅកន្លែងកើតហេតុវិញ បានឲ្យដឹងថា ភ្លាមៗ ពួកគាត់ជាសមត្ថកិច្ច បានចុះទៅ ដល់រោងចក្រ ដើម្បីសួរនាំពីមូលហេត ប៉ុន្តែ ត្រូវបានសន្តិសុខបិទទ្វារមិននិយាយជាមួយ និយាយឲ្យចំ គឺមិនសហ ការតែម្តង លុះក្រោយមក ទើបទទួលព័ត៌មានថា មានការដួលសន្លប់ ហើយត្រូវបានភាគីរោងចក្រ យករថយន្ត ផ្ទាល់ របស់រោងចក្រដឹកយកទៅមន្ទីរពេទ្យជួយសង្គ្រោះ ចំណែកឯរថយន្តសង្គ្រោះ របស់រដ្ឋវិញក៏បានទៅដែរ ប៉ុន្តែ ត្រូវបានភាគីរោងចក្រប្រាប់មកវិញថា អស់អ្នករងគ្រោះហើយ ចំនួននៃជនរងគ្រោះវិញ ក៏ពុំបានទទួលច្បាស់លាស់ ដែរ  ។

ប្រភពបន្តថា ឧប្បត្តិហេតុនេះ កើតឡើងបាននោះ គឺដោយសារតែភាគីរោងចក្រ មិនឲ្យកម្មករ-កម្មការិនី ចេញមក ខាងក្រៅរោងចក្រ ខណៈមានហេតុការណ៍ កើតភ្លាមៗនោះ ប្រសិនបើឲ្យកម្មករ ចេញទៅខាងក្រៅវិញនោះ ពុំមាន ហេតការណ៍នេះកើតឡើងនោះទេ  ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]