ព្រះសីហនុ៖ ម៉ូតូវ៉េវ បុកគ្នាជាមួយ នឹងម៉ូតូសង់កូរ៉េ សេ១០០ នៅចំនុចផ្ទះសូវៀតចាស់ ផ្លូវបុរីកម្មករ (សេតេ ) ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ  បណ្តាលឱ្យមនុស្ស២នាក់ រងរបួសធ្ងន់រៀងៗខ្លួន កាលពីវេលាម៉ោង១៩ នឹង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ ។

 ជុំវិញហេតុការណ៍ខាងលើនេះ សាក្សីនៅកន្លែងកើតហេតុ បាននិយាយរាយរាប់ ប្រាប់ឱ្យដឹងថា នៅពេលមានហេតុការណ៍ខាងលើនេះ គេសង្កេតឃើញយុវជនម្នាក់ ក្នុងអាការៈស្រវឹងស្រា បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយ ផ្លូវបុរីកម្មករ (សេតេ) ដោយរូបគេបានជិះម៉ូតូ ក្នុងទឹសដៅពីលិចទៅកើត យ៉ាងលឿនបញ្រ្ចាសទិសគ្នា ជាមួយម៉ូតូកូរ៉េ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ ដែលកំពុងជិះបញ្រ្ចាសទិសគ្នានោះ បានជ្រុលបុកគ្នាកណ្តាលផ្លូវ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យម្ចាស់ម៉ូតូ ទាំងពីរគ្រឿង ដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកបញ្ជូន ទៅសង្រ្គោះនៅគ្លីនិកឯកជនក្បែរនោះភ្លាមៗ ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវរងនូវការខូចខាតមួយកំណាត់មុខដូចគ្នា ។

 តាមប្រភពពីមន្រ្តី នគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះដែល បើកបរម៉ូតូម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម មានឈ្មោះ ម៉េង ហុង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ចំណែកជនរងគ្រោះម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ដោយជនរងគ្រោះមិនទាន់ដឹងខ្លួន ។ បន្ទាប់ពីកើតហេតុ ម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ សហការជាមួយនគរបាល មូលដ្ឋានចុះវាស់វែងអូសយក ទៅរក្សាទុក នៅការិយាល័យនគរ បាលចរាចរណ៍ផ្លូវគោករង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ៕






ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]