រាជធានីភ្នំពេញ ៖ លោកនាយកសាលាម្នាក់ ដែលត្រូវបុរស អ្នកសុំទាន ចាក់ឱ្យរបួសធ្ងន់ ត្រូវបានគេបញ្ជូន តាមរថយន្តពេទ្យ ទៅសង្គ្រោះ យ៉ាងប្រញ៉ាប់ប្រញាល់ នោះ បានស្លាប់បាត់ទៅហើយ ដោយសាររបួសធ្ងន់ធ្ងរពេក បើទោះជាគ្រូពេទ្យ បានប្រើវិធីសង្គ្រោះ អស់លទ្ធភាពក៏ដោយ គឺគាត់បានស្លាប់ ក្រោយពេលកើតហេតុ រយៈពេល១ម៉ោង ដែលហេតុការណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២និង៥០នាទីថ្ងៃទី២៣ មិថុនា ២០១៣ នៅសង្កាត់អូរឡាំពិក ខណ្ឌចំការមន ។

បុរសរងគ្រោះឈ្មោះគ្រី ឆៃគីម ជានាយកសាលាបឋមសិក្សាទួលស្លែង ចំណែកជនដៃដល់ឈ្មោះសំ ជៀន ត្រូវប៉ូលិសចាប់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ទួលស្វាយព្រៃ១ ជាបន្ទាន់ ដើម្បីធ្វើការសាកសួរ។

តាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុបុរសអ្នកសុំទានរូបនោះបានទៅដើររ៉ែរ៉ចុះឡើងៗកៀនរបង សាលាធ្វើឱ្យមាន ការសង្ស័យ ខ្លាចក្រែងបុរសរូបនេះធ្វើអ្វីមិនគប្បីចំពោះសិស្សសាលា ពេលនោះលោកនាយកសាលាក៏មកសួរនាំ និងបណ្តេញចេញឱ្យទៅឆ្ងាយពីនេះ ក៏ស្រាប់តែជនដៃដល់ ចាក់កាំបិតចំលើចង្កេះខាងស្តាំនៃចំហៀងខ្លួន បណ្តាលឱ្យរបួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកបានស្លាប់នៅវេលាម៉ោង៣និង៥០នាទីថ្ងៃដដែល៕









បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]