ភ្នំពេញ : ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ទៅមក នៅតាមបណ្តោយផ្លូវ មុនីរ៉េត នៅពេលពួកគាត់ ធ្វើដំណើរ មកដល់មុខទីតាំង ក្រុមហ៊ុនលាយបេតុងហុងគន់ និងមុខវត្តនន្ទមុនី តែងតែរអ៊ូរទាំ ទាំងខឹងសម្បា គ្រប់ៗគ្នា ចំញោះទីតាំងនេះ ដែលបានបណ្តោយឲ្យ រថយន្តក្រឡុកស៊ីម៉ង់ត៍ និងរថយន្តដឹក ស៊ីម៉ង់ត៍ ចតនិងចេញចូល យ៉ាងអនាធិបតេយ្យពាសពេញផ្លូវ ស្ទះចរាចរជារៀងរាល់ថ្ងៃ បង្កការរំខាន ឬអាចបង្កជា គ្រោះថ្នាក់ចរាចរជាយថាហេតុ ដល់ប្រជាពលរដ្ឋ អ្នកដំណើរ ពេលមកដល់ទីនេះ ។

ជារើយៗ គេឃើញរថយន្ត ក្រឡុកស៊ីម៉ង់ត៍ ដែលចេញពីទីនេះ បើកជែងជាមួយអ្នក ដំណើរយ៉ាងប្រសេចប្រសាច លើផ្លូវ បង្កការកកស្ទះពេញផ្លូវ ស្ទើររាល់ម៉ោងធ្វើការ (ព្រឹក ល្ងាច) ។ មិនត្រឹមតែ រថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនលាយបេតុង ហុងគង់ប៉ុណ្ណោះទេ ដែលបង្ក ឲ្យកើតមានការកកស្ទះ ចរាចរលើកំណាត់ផ្លូវ ម្តុំមុខទីតាំងនេះ សូម្បីតែរថយន្តរបស់ បណ្តាក្រុមហ៊ុនផ្សេងៗ ដូចជាក្រុមហ៊ុនដឹកជញ្ជូន RTC និងផ្សេងៗទៀត ដែលដឹកស៊ីម៉ង់ត៍មក ផ្គត់ផ្គង់ដល់ក្រុមហ៊ុនលាយ បេតុងហុងគង់ខាងលើនេះ បានចតលើចិញ្ចមផ្លូវ និងហៀរដល់ទ្រូងផ្លូវ បង្កការ ស្ទះចរាចរដល់អ្នកដំណើរ ដែលឆ្លងកាត់លើកំណាត់ផ្លូវ នេះថែមទៀត។

ដូចនេះប្រជាពលរដ្ឋ អ្នកដំណើរស្នើដល់សមត្ថកិច្ចពាក់ព័ន្ឋលើការងារនេះ ក៏ដូចអាជ្ញាធរមូលដ្ឋាន ពិសេសអភិបាលរាជធានីភ្នំពេញ ទើបនឹងឡើងកាន់តំណែងថ្មី គួរចុះពិនិត្យ និងរៀបរយទីនេះ ឲ្យប្រសើរល្អឡើង ចៀសវាងអ្នកដំណើរ និងប្រជាពលរដ្ឋ រិះគន់ថា មិនបានយកចិត្តទុកដាក់លើ រឿងនេះ (រថយន្តចេញចូល និងចតពាសពេញទ្រូងផ្លូវ បង្កឲ្យស្ទះចរាចរ) ។ ម្យ៉ាងវិញទីតាំងក្រុមហ៊ុនលាយបេតុងនេះ បង្ហៀរទឹកឲ្យដក់នៅលើ ផ្លូវ ហើយរថយន្តចត និងធ្វើ ចរាចរចេញចូលទៅមក បង្កឲ្យខ្ទេចខ្ទាំបាក់ស្រ៊ុតដល់ ផ្លូវថែមទៀត ។

ប្រជាពលរដ្ឋ អ្នកដំណើរ ពួកគាត់សង្ឃឹម និងជឿជាក់ ទៅលើវិធានការ ចំពោះរថយន្តចតនៅលើដងផ្លូវមុខវត្តនន្ទមុនី និងទីតាំងក្រុមហ៊ុនលាយបេតុងហុងគន់មួយនេះ ។ សូមបញ្ជាក់ថា កន្លែងនេះ បង្កការកកស្ទះចរាចរជា យូរមកហើយ បង្កការលំបាកដល់ប្រជាពលរដ្ឋ អ្នកដំណើរ ទង្វើបែបនេះ ថៅកែក្រុមហ៊ុន គិតតែ ប្រយោជន៍ ផ្ទាល់ខ្លួន ដោយមិនគិត ពីសុវត្ថិភាពអ្នកដទៃ និងប្រយោជន័សាធារណ: ។

ក្នុងនាមប្រជាពលរដ្ឋ អ្នកដំណើរបានរិះគន់ទង្វើនេះ ប៉ុន្តែពួកគាត់មិនជំទាស់នឹង មុខរបររកស៊ីទទួលទាន របស់ក្រុមហ៊ុនទេ កុំឲ្យតែមុខរបររកស៊ីមានបានដោយខ្លួនឯង ហើយបង្កគ្រោះថ្នាក់ ដល់អាយុជីវិតជាយថាហេតុ នោះ តើអ្នកណាជាអ្នកចេញ មុខទទួលខុសត្រូវ ក្នុងរឿងនេះ ...? ៕

















ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]