កំពង់ចាមៈ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ និងមនុស្ស២នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារខ្យល់ព្យុះ រលំផ្ទះមួយខ្នងសង្កត់លើ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣ នៅភូមិអភិវឌ្ឍន៍ មាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មេប៉ុស្តិ៍នគរបាលឃុំព្រែកកក់ លោក សៀក មួយនៅ បានប្រាប់ដើមអម្ពិលឲ្យដឹងថា បុរសវ័យចំណាស់ ដែល បានស្លាប់ដោយសារផ្ទះរលំសង្កត់នោះ មានឈ្មោះ ឡុង បុល អាយុ៧៣ឆ្នាំ ចំណែកមនុស្ស២នាក់រងរបួស ទី១ ឈ្មោះ មឿន ខុម ភេទស្រី អាយុ៣៤ឆ្នាំ របួសធ្ងន់ (ម្ចាស់ផ្ទះ) ទី២ឈ្មោះ មឿន ចិន ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាកូនម្ចាស់ផ្ទះ របួសស្រាល ជនរងគ្រោះទាំងអស់ មានទីលំនៅក្នុងភូមិកើតហេតុ។

លោក មេប៉ុស្តិ៍ មបានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃកើតហេតុ នៅភូមិកើតហេតុ មានខ្យល់បក់បោកខ្លាំងលាយឡំ ជាមួយទឹកភ្លៀងធ្លាក់ផងដែរ ហើយក្នុងខណៈនោះ ជនរងគ្រោះទាំង៣នាក់កំពុងនៅក្នុងផ្ទះមួយខ្នង មានទំហុំ ៧ម៉ែត្រ គុណនិង៨ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី លុះពេលខ្យល់បក់បោកខ្លាំងនោះ ស្រាប់តែធ្វើឲ្យប៉ើងផ្ទះរេល សសរផ្ទះ ចេញពីជើងតាង ហើយបាក់គ្រឿងឈើ សង្កត់ជនរងគ្រោះឲ្យស្លាប់ និងរងរបួសតែម្តង ។

លោកមេប៉ុស្តិ៍បានបញ្ជាក់ថា ក្នុងពេលកើតហេតុ មានតែផ្ទះមួយនោះទេដែលរលំ ។ ហើយបច្ចុប្បន្ន សពជន រងគ្រោះ ត្រូវបានសាច់ញាតិកំពុងធ្វើបុណ្យតាមប្រពៃណី ចំណែកឯស្ត្រីម្ចាស់ផ្ទះ រងរបួសធ្ងន់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]