ហានិភ័យអាហារប្រៃ ផ្អែម ខ្លាញ់ គំរាមកំហែងដល់សុខភាពបេះដូង!

//s9.kh1.co/73/73e16e17970e014fbfc92d34c9e774006b8d8c15.jpg
យល់ដឹង

 ២០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ម្ហូប​អាហារ​ខ្មែរ​យើង ជា​ទូទៅ មាន​ដាក់​គ្រឿង​ផ្សំ​ច្រើន ដើម្បី​ឲ្យ​មាន​រសជាតិ​មុត​ឆ្ងាញ់​ពេល​ញ៉ាំ​ទៅ ហើយ​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អែម។

ម្ហូប​អាហារ​ខ្មែរ​យើង ជា​ទូទៅ មាន​ដាក់​គ្រឿង​ផ្សំ​ច្រើន ដើម្បី​ឲ្យ​មាន​រសជាតិ​មុត​ឆ្ងាញ់​ពេល​ញ៉ាំ​ទៅ ហើយ​គ្នា​យើង​មួយ​ចំនួន​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្អែម ប្រៃ​ខ្លាំង ឬ​មាន​ខ្លាញ់​ច្រើន។ យើង​គួរ​ដឹង​ថា អាហារ​ផ្អែម​ពេក ប្រៃ​ពេក និង​អាហារ​ខ្លាញ់​ច្រើន​មិន​មែន​ជា​មិត្ត​ល្អ​សម្រាប់​សុខភាព​យើង ពិសេស​សុខភាព​បេះដូងនោះទេ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះ​ថ្នាក់​នៃ​អាហារ​ផ្អែម​ចំពោះ​បេះដូង

ការ​បន្ថែម​ស្ករ​ច្រើន​ពេក​ទៅ​ក្នុង​អាហារ​អាច​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​បំផុត​មួយ​ចំពោះ​សុខភាព​យើង។ ស្ករ​ទាំង​អស់ ជា​ផ្នែក​មួយ​នៃ​គ្រួសារ​កាបូអ៊ីដ្រាត និង​ផ្តល់​ថាមពល ៤ កាឡូរី/ក្រាម។ ស្ករ​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទេ បើ​យើង​ញ៉ាំ​វា​តែ​ឯង។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ស្ករ​ច្រើន​ពេក ថ្លើម​នឹង​ត្រូវ​ផលិត​អាំងស៊ុយលីន នាំ​ជាតិ​ស្ករ​លើស​ត្រូវ​ចូល​ក្នុង​កោសិកា​រាងកាយ ដើម្បី​ប្រើ​ប្រាស់​ជា​ថាមពល​វិញ។ ចំពោះ​គ្នា​យើង​ធន់​នឹង​អាំងស៊ុយលីន ជាតិ​ស្ករ​ដែល​លើស​នោះ​មិន​ត្រូវ​បាន​ចូល​ក្នុង​កោសិកា​រាងកាយ​ទេ ហេតុ​នេះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង អាច​ក្លាយ​ជា​ហានិភ័យ​ដល់​សុខភាព​បេះដូង។

វិធី​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម៖ ញ៉ាំ​ស្ករ​តិច​ជាង​៦​ស្លាប​ព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​លើស​៥% ញ៉ាំ​ផ្លែឈើ​មាន​ជាតិ​ស្ករ​ទាប​ដូច​ត្របែក ល្ហុង ប៉ោម​បៃតង។ល។

គ្រោះ​ថ្នាក់​នៃ​អាហារ​ប្រៃ​ចំពោះ​បេះដូង

ខ្មែរ​យើង​និយម​ប្រើ​ទឹក​ត្រី ឬ​អំបិល​ពេល​ចម្អិន​អាហារ​ប្រចាំ​ថ្ងៃ។ តែ​ការ​ញ៉ាំ​អាហារ​មាន​ផ្ទុក​ជាតិ​ប្រៃ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​លើស​សម្ពាធ​ឈាម ជំងឺ​តម្រងនោម និង​កើត​ជំងឺ​បេះដូង។ ត្បិត​នៅ​ក្នុង​អំបិល​ផ្ទុក​សូដ្យូម​ដែល​ចាំបាច់​សម្រាប់​រាងកាយ​មនុស្ស​យើង តែ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​កាត់​បន្ថយ​កម្រិត​សូដ្យូម​ដែល​យើង​ញ៉ាំ​ជា​ប្រចាំ។ កាលណា​យើង​ញ៉ាំ​សូដ្យូម​ច្រើន​ពេក​អាច​បង្កើន​សម្ពាធ​ឈាម និង​បណ្តាល​ឲ្យរាងកាយ​ទប់ទល់​នឹង​សារធាតុ​រាវ។ ជំងឺ​លើស​សម្ពាធ​ឈាម ជា​កត្តា​ហានិភ័យ​ចម្បង​សម្រាប់​ជំងឺ​គាំង​បេះដូង គ្រោះថ្នាក់​​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សរសៃ​ឈាម​បេះដូង​ដទៃ​ទៀត។

វិធី​កាត់​បន្ថយ​ការ​ញ៉ាំ​សូដ្យូម៖ ញ៉ាំ​ជាតិ​សូដ្យូម (អំបិល) តិច​ជាង​១ស្លាបព្រា​កាហ្វេ/ថ្ងៃ ចៀសវាង​ថែម​ទឹកត្រី ឬ​អំបិល​ក្នុង​អាហារ បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ នំ​កញ្ចប់ និង​អាហារ​កែច្នៃ។ល។

គ្រោះ​ថ្នាក់​នៃ​អាហារ​ខ្លាញ់​ច្រើន​ចំពោះ​បេះដូង

ជាតិ​ខ្លាញ់ ក៏​សំខាន់​មួយ​នៃ​របបអាហារ​របស់​យើង។ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ​ចាំបាច់​ត្រូវ​មាន​ជាតិ​ខ្លាញ់​ខ្លះ ប៉ុន្តែ​បើ​យើង​ញ៉ាំ​ច្រើន​ពេក​ក៏​មិន​ល្អ​សម្រាប់​សុខភាព​ដែរ។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ជាប់​ទាក់ទង​នឹង​សុខភាព​បេះដូង​ខ្សោយ បង្កើន​ជាតិ​កូឡេស្ដេរ៉ូល​ខ្ពស់ បង្កើនខ្លាញ់អាក្រក់ ​LDL និង បន្ថយ​​ខ្លាញ់ល្អ HDLក្នុង​រាងកាយ។

វិធី​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ខ្លាញ់៖ ញ៉ាំ​អាហារ​ខ្លាញ់​តិច​ជាង ២០​ក្រាម/ថ្ងៃ ចៀសវាង​អាហារ​បំពង ចៀន ឬ​អាហារ​ផ្ទុក​ខ្លាញ់​ឆ្អែត ចៀសវាង​អាហារ​ប្រើ​ខ្លាញ់​ចាស់ (ខ្លាញ់​ធ្លាប់​ប្រើ​ម្ដង​ហើយ យក​មក​ប្រើ​ម្ដង​ទៀត)។ល។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T