ផ្ទៃមេឃពណ៌ខៀវស្រងាត់ នៅក្នុងប្រទេសសឹង្ហបុរី បានត្រលប់មកវិញ បន្ទាប់ពីមានផ្សែងអ័ព្ទ អស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្តាលមកពីការដុតព្រៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ផ្ទៃមេឃពណ៌ខៀវស្រងាត់ នៅក្នុងទីក្រុង Woodlands របស់ប្រទេសសឹង្ហបុរី បានត្រលប់មកដូចដើមវិញ នៅវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣ នេះ បន្ទាប់ពីមានផ្សែងអ័ព្ទ អស់រយៈពេលជាច្រើនថ្ងៃ។

គួរបញ្ជាក់ផងដែរថា ការចុះអ័ព្ទនៅក្នុងប្រទេសសឹង្ហបុរី គឺបណ្តាលមកពីការដុតព្រៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ កំរិតនៃអ័ព្ទនៅក្នុងប្រទេសសឹង្ហបុរី មានកំរិតត្រឹម ៣៧១ នៅវេលាម៉ោង ១រសៀល និងធ្លាក់សល់ត្រឹម ២៦៨ នៅម៉ោង ៥ល្ងាច ហើយបានកើនឡើងវិញ ដល់កំរិត ៤០១ នៅក្នុងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ ម្សិលមិញនេះ។

យ៉ាងណាមិញ នៅក្នុងថ្ងៃទី២២ នេះ ទីក្រុង Woodlands របស់ប្រទេសសឹង្ហបុរី បានទទួលនូវខ្យល់បរិសុទ្ធ និងផ្ទៃមេឃពណ៌ខៀវស្រងាត់ របស់ខ្លួនវិញហើយ។

ទោះបីជាយ៉ាងនេះក៏ដោយ ទីក្រុងដទៃទៀត ជាច្រើនរបស់ប្រទេសសឹង្ហបុរី នៅមិនទាន់អស់ផ្សែងអ័ព្ទនៅឡើយទេ ហើយប្រជាជននៅក្នុងប្រទេសសឹង្ហបុរី អាចធ្វើដំណើរតាមដងផ្លូវបាន ដោយការពាក់ម៉ាស់ (N95 Mask) ដើម្បីការពារពីផលអវិជ្ជមានផ្សេងៗ៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]