គ្នា​យើង​ភាគ​ច្រើន​ តែង​តែ​ផ្ដោត​ទៅ​លើ​ផលិតផល​ថែ​រក្សា​សម្រស់​តែ​មួយ​មុខ ដើម្បី​​ទទួល​បាន​​ស្បែក​​ស្រស់​ស្អាត​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ​មាន​សញ្ញា​ជា​ច្រើន​ដែល​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​ ដូចជា​មុន​ ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ ស្នាម​ជ្រីវជ្រួញ​ និង​ស្រអាប់​​មិន​ស្រស់​ថ្លា​។

ពិត​ណាស់​ ស្បែក​​ភ្លឺ​រលោង​ ចាប់ផ្ដើម​ពី​របប​អាហារ​ល្អ​ៗ​ និង​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។​ ប្រសិនបើ​​យើង​ចង់​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ អាហារ​ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។

១. ល្ហុង​

​​​​​​​​​កំពូល​អាហារ​មួយ​មុខ​នេះ​សម្បូរ​​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​A, C, E និង​K ព្រម​ទាំង​ជាតិ​រ៉ែ​ ដែល​អាច​ជួយ​​ជំរុញ​ភាព​យឺត​​នៃ​ស្បែក​ ព្រម​ទាំង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ផ្លែ​ល្ហុង​ក៏​មាន​ផ្ទុក​អង់ស៊ីម​ ដែល​​​ជា​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​ និង​ផ្ដល់​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ភាព​ចាស់​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​បញ្ចូល​ផ្លែឈើ​ដែល​​មាន​សារធាតុ​ចិញ្ចឹម​នេះ​នៅ​ក្នុង​អាហារ​ពេល​ព្រឹក​ ដើម្បី​សម្រស់​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ​។

២. ផ្លែ​ប័រ

​ផ្លែ​ប័រ​គឺ​ជា​ផ្លែឈើ​ដែល​សម្បូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ប្រភព​នៃ​ខ្លាញ់​ល្អ​។​ បន្ថែម​ពី​នេះ វា​ក៏​​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ដែល​ជា​ភ្នាក់ងារ​​ធ្វើ​ឲ្យ​​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ផ្លែ​ប័រ​ក៏​មាន​ផ្ទុក​វីតាមីន​A, C,E និង​K ព្រម​ទាំង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដទៃ​ទៀត​។ វីតាមីន​A ដែល​មាន​នៅ​ក្នុង​ផ្លែ​ប័រ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ ​និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​។​

៣. ការ៉ុត​

​​ការ៉ុត​គឺ​ជា​ប្រភព​នៃ​វីតាមីន​C​ដ៏​ល្អ​ ដែល​ជួយ​បង្កើន​ការ​ផលិត​ជាតិ​ខូឡាជែន​នៅ​ក្នុង​រាងកាយ​ ជំរុញ​ភាព​យឺត​នៃ​ស្បែក​ និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ ជាង​នេះ​ទៅ​ទៀត​ ការ៉ុត​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់​ និង​ទឹក​​ផង​ដែរ​។​ ប៉ុន្តែ​ ការ​ញ៉ាំ​ការ៉ុត​នៅ​ក្នុង​បរិមាណ​ច្រើន​ មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ឡើយ​។

៤. តែ​បៃ​តង​

ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃ​តង​មាន​ផ្ទុក​សារជាតិ​Catechins ដែល​អាច​ប្រឆាំង​នឹង​​ស្នាម​ជ្រីវជ្រួញ​ មុន​ និង​បញ្ហា​ស្បែក​ជា​ច្រើន​ទៀត​។​ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​ និង​មាន​សុខភាព​ល្អ​ ស្រីៗ​យើង​គប្បី​ញ៉ាំ​តែ​បៃតង​ជំនួស​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ឬ​កាហ្វេ​។

៥. សូកូឡា​​ខ្មៅ​ ​​

​សូកូឡា​ពណ៌​ខ្មៅ​មាន​សារជាតិ​flavonols ដែល​មាន​តួនាទី​ប្រឆាំង​នឹង​ការ​រលាក​។​ លើស​ពី​នេះ​ វា​ក៏​ជា​ប្រភព​នៃ​វីតាមីន​C និង​E ដែល​អាច​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​បាន​ផង​ដែរ​ ហើយ​បរិមាណ​កាកាវ​នៅ​ក្នុង​សូកូឡា​ពណ៌​ខ្មៅ​កាន់​តែ​ច្រើន​ វា​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​កាន់​តែ​​ខ្លាំង​។​ ​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ