ខេត្ត​បាត់​ដំបង​ ៖ យុវជនម្នាក់ត្រូវ​សមត្ថកិច្ច​មូល​ដ្ឋាន​ចាប់ខ្លួនតាមដីកា កាលពីរសៀល​ថ្ងៃទី​១០ មេសា នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុក​មោងឫស្សី បន្ទាប់ពីរត់ចោល​ស្រុកជាង​២​ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធនឹង​សំណុំរឿងល្បួង ​នាងក្រមុំម្នាក់យកទៅរំលោភសេពសន្ថវៈនៅ​ក្បែរផ្ទះ។

មន្រ្តីនគរបាលព្រហ្មទណ្ឌផ្នែកអនុវត្តន៍ដីកា​បានឲ្យដឹងថា ជនត្រូវចោទឈ្មោះញ៉ក់ ស៊ីរ៉ា ហៅ​ហឿម អាយុ២២ឆ្នាំ នៅភូមិទូលព្រំ១ ឃុំ​កកោះ ស្រុកមោងឫស្សី។ ជននេះបានរត់គេច​ខ្លួន​ជាង២ឆ្នាំ ក្រោយពីប្រព្រឹត្តបទ​ល្មើស។ មន្រ្តី​ដដែល​បានប្រាប់ថា ជននេះត្រូវបាន​ចោទ​ប្រកាន់​ពី​បទ «រំលោភសេពសន្ថវៈ» ដែល​ប្រព្រឹត្ត​កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០០៩ នៅ​ភូមិ​ទូលព្រំ១ ឃុំកកោះ ស្រុក​មោង​ឫស្សី ហើយ​ត្រូវ​បានចៅក្រមស៊ើបសួរលោកគឹម រ៉ាវី ចេញ​ដីកាបញ្ជាឲ្យចាប់ខ្លួនលេខ៤៥៩ ចុះថ្ងៃទី៣ មិថុនា ២០១០ ក្រោយពីជននេះ​មិនព្រម​ចូល​មក​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​របស់​តុលា​ការ ហើយ​ព្យាយាមរត់គេច។

តាមចម្លើយបំភ្លឺរបស់ជនត្រូវចោទឈ្មោះ​ញ៉ក់ ស៊ីរ៉ា ហៅហឿម បាននិយាយថា នារីដែល​ប្ដឹងចោទប្រកាន់មកលើខ្លួននោះឈ្មោះហ.ឆ.វ  អាយុ១៧ឆ្នាំ នៅក្នុងភូមិជាមួយគ្នា។ យុវ​ជន​នេះ​បាន​រំលឹក​ថា កាល​ណោះពួកខ្លួនមាន​ការ​ព្រម​ព្រៀងគ្នា ព្រោះខ្លួននិងនាងបាន​ស្រឡាញ់គ្នា​ដោយ​ចិត្ត និង​ចិត្ត​គ្មានអ្នកណាបង្ខំអ្នកណាទេ។ ញ៉ក់ ស៊ីរ៉ា បានបញ្ជាក់ថា នៅវេលា​ម៉ោង​ប្រហែល​​៨​យប់​នោះ ខ្លួននិងនាងបាន​ណាត់​ជួប​គ្នា​​នៅ​ខាងក្រោយផ្ទះ ហើយបាន​​ឱប​ថើប​គ្នា​ដោយក្ដីស្រឡាញ់ ប៉ុន្តែចង្រៃអីពេល​កំពុងតែ​ឱប​ថើបគ្នារមូលសួត ស្រាប់តែមានគេដើរ​មក​ឃើញ ហើយ​គ្រា​នោះ​ពួក​ខ្លួន​ក៏ងើបដើរបែកគ្នា ទៅផ្ទះរៀងៗខ្លួនទៅ។ ប៉ុន្តែស៊ីរ៉ាបានបញ្ជាក់ត្រង់​ចំណុចនេះថា ពួកគេមិនទាន់ឈានដល់ការ​រួម​មេត្រីទេ គ្រាន់តែត្រឹមដំណាក់ការឱបថើប​គ្នា​តែប៉ុណ្ណោះ។ ចំពោះ​ការ​រត់គេច​ខ្លួន គឺដោយ​សារ​តែក្រុមគ្រួសារនាងប្ដឹង ទើបខ្លួនដាក់មេ​ប្រូច​ទៅលាក់ខ្លួននៅតំបន់ព្រំដែនខ្មែរ-សៀម​តែ​ម្ដងទៅ លុះត្រឡប់មកផ្ទះវិញចូលគុកល្មម៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]