ម៉េច​បាន​ប៉ាម៉ាក់ត្រូវ​នាំកូន​ទៅពិនិត្យសុខភាព​ឲ្យ​បានទៀងទាត់ បើ​គេ​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១?

//s9.kh1.co/34/3430847c3e2b85350ff467138deea449bbd9c3d2.jpg
យល់ដឹង

 ០៥-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការ​ពិនិត្យ​រក​មើល​កត្តា​ហានិភ័យ និង​ផល​វិបាក​នានា​ ជា​ការ​ចាប់​ផ្ដើម​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម។

១. មូល​ហេតុ​ប៉ា​ម៉ាក់​ត្រូវ​នាំ​កូន​ពិនិត្យរកផលវិបាកជំងឺទឹកនោមផ្អែមប្រភេទ១

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ពិនិត្យ​រក​មើល​កត្តា​ហានិភ័យ និង​ផល​វិបាក​នានា​ ជា​ការ​ចាប់​ផ្ដើម​​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​ទឹក​នោម​ផ្អែម។ ទោះ​បី​ជា​ផល​វិបាក​ផ្សេងៗ​កម្រ​កើត​លើ​កុមារ និង​ក្មេង​ជំទង់​ក៏​ពិតមែន តែ​ការ​ពិនិត្យ​រក​ផល​វិបាក​​ផ្សេងៗ​បាន​លឿន នឹង​អាច​ឲ្យ​យើង​មាន​វិធានការ​ទាន់​ពេល និង​ទប់​ស្កាត់​កុំ​ឲ្យ​ផល​វិបាក​បង្ក​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​​ វិវត្ត​ទៅ​មុខ​លឿន​​។

ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​ត្រូវ​ស្វែង​យល់​ពី​ការ​ពិនិត្យ​រក​ផល​វិបាក​ជំងឺ​ទឹក​នោម​ផ្អែម​ចំពោះ​កូន និង​អ្វី​ដែល​យើង​អាច​ដឹង​បាន​ពី​ការ​ពិនិត្យ​ម្ដងៗ។​

២. ការ​ត្រួត​ពិនិត្យ​រាល់​ ៣ខែ​ម្ដង

ការ​ពិនិត្យ​បែប​នេះ គ្រូពេទ្យ​នឹង​ពិនិត្យ​ជា​ទៀង​ទាត់​លើ​៖

  • កម្ពស់ និង​ទម្ងន់៖ ដើម្បី​ដឹង​ថា​កូន​យើង​មាន​ទម្ងន់​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ល្អ​ចំពោះ​សុខ​ភាព និង​មាន​ការ​លូត​លាស់​កម្ពស់​បាន​ត្រឹម​ត្រូវ។​
  • កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម(HbA1c) គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​កូន​យើង​ក្នុង​រយៈពេល​ ៣ខែ​ចុង​ក្រោយ។ ការ​ពិនិត្យ​នេះ សំខាន់​ណាស់​ដើម្បី​ដឹង​ថា​​កំហាប់​ជាតិ​ស្ករ​នៅ​ក្រោម​៧,៥​ភាគរយ​ឬ ៥៨​មិល្លីម៉ូល/លីត្រ (58 mmol/L)។

នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​មិន​អាច​ផ្ដល់​ការ​ពិនិត្យ​កំហាប់​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យអ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​១ ​បាន​ទៀង​​ទាត់​​នោះ​ទេ។ ដូច​នេះ​ហើយ​យើង​ត្រូវ​តែ​ព្យា​យាម​ធ្វើ​យ៉ាងណា​ឲ្យ​កូន​យើង​បាន​ធ្វើ​តេស្ត​ប្រ​ភេទ​នេះ​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ។

៣. ការ​ត្រួតពិនិត្យ​ប្រ​ចាំ​ឆ្នាំ

គ្រូពេទ្យ​នឹង​ណាត់​ជួប​កូន​របស់​យើង​​ដើម្បី​ពិនិត្យ​តាម​ដាន​លើ​ផល​វិបាក​មួយ​ចំនួន ព្រម​ទាំង​អាច​ផ្ដល់​យោបល់​ឲ្យ​យើង​នាំ​កូន​ទៅ​ពិនិត្យ​តាម​ដាន​ផល​វិបាក​ផ្សេង​ៗ​ឲ្យ​បាន​ញឹកញាប់​​ផង​ដែរ ដើម្បី​អាច​ដឹង​បាន​ថា​កូន​យើង​មាន​បញ្ហា​សុខភាព​ឬ​យ៉ាង​ណា​។ ខាងក្រោម​នេះ​ជា​អ្វី​គ្រូពេទ្យ​ត្រូវ​ពិនិត្យ​៖

  • សម្ពាធ​ឈាម៖ គ្រូ​ពេទ្យ​ពិនិត្យ​សម្ពាធ​ឈាម​​រក​មើល​ថា​មាន​ឡើង​ខ្ពស់​ឬ​យ៉ាង​ណា​ ថាតើ​​មាន​ប៉ះ​ពាល់​សរសៃឈាម និង​បេះដូង ​ឬ​អត់។
  • ភ្នែក៖ គ្រូពេទ្យ​ពិនិត្យ​ភ្នែក​កូន​​ ដើម្បី​ដឹង​ថា​តើ​មាន​ការ​វិវត្ត​ជា​ជំងឺ​ភ្នែក​ឡើង​បាយ ឬ​​ជំងឺស​រសៃ​បាតភ្នែក(retinopathy) ឬ​ក៏​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​(glaucoma)ឬ​អត់។
  • ជើង៖ គ្រូ​ពេទ្យ​នឹង​សួរ​សំណួរ​មួយ​ចំនួន​ទាក់ទង​នឹង​ជើង​របស់​កូន​យើង ព្រម​ជាមួយ​និងការ​​ពិនិត្យ​មើល​ដោយ​ភ្នែក​ទទេ​ផង​ដែរ។
  • តម្រង​នោម៖ គ្រូ​ពេទ្យ​នឹង​យក​គំរូ​ទឹកនោម និង​ឈាម​របស់​កូន​យើង​ទៅ​ពិនិត្យ​មើល​ពី​កម្រិតalbumin និង creatinine ដើម្បី​វិភាគ​មើល​ថា​តម្រង​នោម​កូន​យើង​ដំណើរ​ការ​ល្អ​បែប​ណា​ដែរ។​
  • ខ្លាញ់​ក្នុង​ឈាម(Blood lipid) គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​លើ​កម្រិត​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម​ ដើម្បី​វិភាគ​ឲ្យ​ដឹង​ថា​កម្រិត​ខ្លាញ់​នៅ​ធម្មតា​ឬ​យ៉ាងណា។​​​​​​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T