ខេត្ត​កំពង់ឆ្នាំ​ង ៖ បុរស២​នាក់​បង​ប្អូន​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុងជម្លោះ​មួយដែល​បាន​កើត ​ឡើងកាលពីវេលាម៉ោង៨​និង៣០នាទីយប់​ថ្ងៃទី៩ មេសា នៅភូមិជ្រលង ឃុំដា ស្រុកកំពង់​លែង ខណៈ​ដែលពួកគេចូលរួមកំដរ​បុណ្យសព​ក្នុង​ភូមិ​ខាងលើ ។

ជនរងគ្រោះទាំងពីរនាក់ម្នាក់ឈ្មោះសយ ស៊ីម ភេទ​ប្រុស អាយុ៣៥ឆ្នាំ រងរបួស​មួយ​កាំបិត​សាម៉ូរ៉ៃ ចំកែងដៃឆ្វេង បណ្តាល​ឱ្យរយះ​ដល់​ឆ្អឹង និង​ដាច់ឆ្អឹងជំនីរ​ខាង​ឆ្វេង​ប្រហែល​១២​សង្ទីម៉ែត្រ និងម្នាក់ទៀតឈ្មោះ​ភុន ផល ​ភេទ​ប្រុស អាយុ៣៣​ឆ្នាំ រង​របួស​ត្រូវគេកាប់​មួយ​ពូថៅ​ចំ​កណ្តាល​ក្បាល​យ៉ាងដំណំ។ តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឱ្យដឹងថា នៅ​យប់​ថ្ងៃ​កើតហេតុ​ពួកខ្លួន​បាន​ទៅ​​ចូល​រួម​កំដរ​បុណ្យ​​សព​ អ្នកភូមិដែលនៅមុខផ្ទះ ដោយ​ម្ចាស់​ផ្ទះ​បាន​ដាក់​ស្រាឱ្យផឹក និងមាន​លេង​បៀ​កំដរ​ផង។ លុះ​យប់បន្តិចក៏មាន​ទំនាស់គ្នារឿង​លេង​មិន​ដាក់​លុយពេលនោះមានឈ្មោះ​ដេត ដា បានចេញ​ទៅ​ក្រៅរបងផ្ទះហើយ​ស្រែកជេរ​ឈ្មោះ​​ភុន ផល និង​ហៅឱ្យចេញក្រៅរបង។ ខណៈ​នោះ​ឈ្មោះផលបានដើរចេញក៏ត្រូវ​ឈ្មោះ​ដា កាប់​មួយ​ពូថៅចំ​កណ្តាលក្បាល បណ្តាល​ឱ្យ​ដួល​​លើ​ដី ហូរឈាម​ស្រោច​ខ្លួន​ ។ ភ្លាមៗ​នោះ​ដែរ​ឈ្មោះ​​សយ ស៊ីម ដែល​ត្រូវ​ជាបង​ប្អូនបាន​ចេញ​ទៅ​ជួយគ្រា ស្រាប់តែត្រូវ​ឈ្មោះ​ថន កាប់មួយ​ដាវ​សាម៉ូរ៉ៃ បណ្តាលឱ្យ​រង​របួសធ្ងន់ដែរ ។ ជន​រង​គ្រោះ​ទាំង២​នាក់​ត្រូវគេ​ដឹក​ទៅ​​ព្យា​បាល​នៅ​មន្ទីរ​ ពេទ្យឯកជនក្រុងកំពង់ឆ្នាំង។ ទោះយ៉ាង​ណា​នេះ គឺជាការបំភ្លឺរបស់​ភាគីម្ខាង​ប៉ុណ្ណោះ ។ ប៉ុន្តែ​​ឮ​ថា ​ឈ្មោះ​ដេត ​ដា ក៏​ត្រូវ​គេ​ចាក់​​មួយ​ច្បូក​ដែរ ។ 
លោក​ប៉ាល់ ជឿន អធិការស្រុកកំពង់លែង មិន​អាចសុំការបំភ្លឺបានទេ ព្រោះលោកថា រវល់។ ប៉ុន្តែ​លោក​អ៊ុំ សំអុន នាយរងប៉ុស្តិ៍​ដាបាន​និយាយ​​ថា ក្នុងជម្លោះ​នោះ​ឈ្មោះ​ដេត ដា ពិត​ជា​​ត្រូវ​គេ​ចាក់មួយច្បូកចាក់ត្រី បណ្តាល​ឱ្យ​រង​របួស​មែន ប៉ុន្តែឈ្មោះនេះថា មិនស្គាល់មុខ​ជន​ដៃ​ដល់​ទេ ព្រោះយប់ងងឹត។ ជុំវិញករណី​កាប់​ចាក់គ្នានេះមិនទាន់ដឹងថា ខាងណា​ខុសខាង​ណា​ត្រូវ​នៅ​ឡើយ​ទេ ​ប៉ូលិស​កំពុងតែស្រាវ​ជ្រាវនៅ​ឡើយ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]