ភ្នំពេញ ៖ បុរសម្នាក់ រួមជាមួយមិត្តភក្កិ បីនាក់ទៀត បានបើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ចេញពីផឹកនៅភោជ នីយដ្ឋានមួយ ក៏ជួបគ្រោះថ្នាក់ចរាចរតាមផ្លូវ ដោយបាន បើករថយន្តទៅបុករបាំងដែក ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងប្រវែងជាង១០ម៉ែត្រ ត្រូវបាក់ម៉ត់ហើយរថយន្តមិនទាន់អស់ល្បឿន បានបើករថយន្តអូសរបាំង ដែកទៅបុកបង្គោលភ្លើងមួយដើមនៅលើចិញ្ចើមផ្លូវ ទៅមុខលែងរួច កាលពីវេលាម៉ោង ១និង ៣០នាទីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១២ នៅតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជ ធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះទៅត្រួតពិនិត្យ និងវាស់វែងដល់ចំណុចកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ ២D-៦២៥៤ បើកបរដោយយុវជន សុខ សុភ័ក្រ អាយុ ២៤ឆ្នាំ មានមុខរបរជាអ្នករកស៊ី ហើយមានមិត្តភក្តិស្រីប្រុសចំនួនបីនាក់ទៀត រួមដំណើរជាមួយគ្នា។ សាក្សី ដែលបានឃើញហេតុការណ៍នេះ បានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង បើកបរ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយមហាវិថីព្រះសីហនុ ដោយបើកក្នុងល្បឿនលឿនរេចុះ រេឡើងពេញផ្លូវ លុះមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រាហើយស្រវ៉ាងភ្នែក ក៏រេចង្កូត ជ្រុលទៅបុករបាំងដែកចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរបាំងដែកបាក់អស់ជាង១០ម៉ែត្រ ហើយរថយន្តនៅតែ មិនទាន់អស់ល្បឿន ក៏បន្តដំណើរអូសរបាំងដែកចែកទ្រូងផ្លូវរុញទៅខាងឆ្វេងជ្រុលទៅបុក បង្គោលភ្លើងមួយដើម ទៀត ទើបរថយន្តទៅមុខលែងរួច។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះបណ្តាលឲ្យ មនុស្សបីនាក់រួមដំណើរ ជាមួយរងរបួសធ្ងន់បញ្ជូន ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរ រងរបួសស្រាល។ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍គេឃើញមានសមត្ថកិច្ច មូលដ្ឋានបានសហការជាមួយនគរបាល ក្រុងស្ទូចយករថយន្ត ទៅរក្សាទុកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាម ច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]