លើស​ឈាម ​ប្រើ​ថ្នាំផ្សំ​ច្រើន​មុខ ​បង្កគ្រោះថ្នាក់​អត់?

//s9.kh1.co/79/79e7eed3aa140f35c3a97e41aaf5528df2fa644d.jpg
យល់ដឹង

 ៣១-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នែ៎​គ្នា​យើង! បើ​មាន​ម៉ាក់​ប៉ា ឬ​អ៊ំៗ កើត​ជំងឺ​លើស​ឈាម ត្រូវ​ប្រើ​ថ្នាំ​ជា​ប្រចាំ​នោះ មាន​ដឹង​ថា ប្រើ​ថ្នាំ​យ៉ាង​ម៉េច​ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

នែ៎​គ្នា​យើង! បើ​មាន​ម៉ាក់​ប៉ា ឬ​អ៊ំៗ កើត​ជំងឺ​លើស​ឈាម ត្រូវ​ប្រើ​ថ្នាំ​ជា​ប្រចាំ​នោះ មាន​ដឹង​ថា ប្រើ​ថ្នាំ​យ៉ាង​ម៉េច​ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ បញ្ចុះ​សម្ពាធ​ឈាម​បាន​ល្អ​អត់? បើ​មិន​ដឹង​ទេ ចង់​ឲ្យ​ម៉ាក់​ប៉ា អ៊ំៗ សុខ​ភាព​ល្អ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​អាច​ជួយ​បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ បង្ហាញ​ថា ​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​បញ្ជូល​គ្នា ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម ​ល្អ​ជាង​​ប្រើ​ថ្នាំ​តែ​មួយ​មុខ។ បច្ចុប្បន្ន មាន​ថ្នាំជា​ច្រើន​សម្រាប់​ប្រើ​លាយ​គ្នា​បញ្ចុះ​​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព ថែម​ទាំង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ និងដាច់​សរសៃ​ឈាម ថែម​ទៀត​ផង។

១- គួរតែប្រើថ្នាំ២មុខលាយគ្នានៅពេលណា?

ករណី​ប្រើ​ថ្នាំ​មួយ​មុខ ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ មាន​ប្រសិទ្ធ​ភាព​លើ​ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​លើស​ឈាម​កម្រិត​ស្រាល​ប៉ុណ្ណោះ។ ​ករណី​ខ្លះ គ្រូពេទ្យ​នឹង​ដំឡើង​កម្រិត​ថ្នាំ​ ឬ​ដូរ​ថ្នាំ​ថ្មីដើម្បី​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ឲ្យ​ប្រសើរ​ បើ​​សម្ពាធ​ឈាម​នៅ​តែ​ខ្ពស់​ដដែល គ្រូពេទ្យ​នឹង​បន្ថែម​ថ្នាំ​មួយ​មុខ​ទៀត លាយ​គ្នា​ជា​មួយ​ថ្នាំ​ធ្លាប់​ប្រើ​ ដើម្បី​បង្កើត​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​មុន។

ការ​ប្រើ​ប្រាស់​ថ្នាំ​ ២មុខ​ លាយ​គ្នា​បែប​នេះ គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ​ម៉ាក់ប៉ា អ៊ំៗ ដើម្បី​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​ ហើយ​មាន​ផល​រំខាន​តិច​តួច​ប៉ុណ្ណោះ។ ដោយ​សារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង ម៉ាក់ប៉ា អ៊ំៗយើង ​អាច​ត្រូវ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ ២​មុខ ​តាំង​ពី​ដំបូង​ក៏​មាន។

២- ថ្នាំប្រភេទណាខ្លះអាចប្រើរួមគ្នាព្យាបាលលើសឈាម?

គ្រូពេទ្យ​ម្នាក់ អាច​ប្រើ​ប្រភេទថ្នាំ​ ក៏ដូច​ជា​កម្រិត​ថ្នាំ​ផ្សេងៗ​គ្នា ដើម្បី​ព្យាបាល​ ផ្អែក​លើ​​ស្ថានភាព​ជំងឺ។ ថ្នាំ​បញ្ចុះ​ទឹក​នោម​ប្រភេទ Thiazide (Thiazide diuretics) តែ​មួយ​មុខ ក៏​អាច​ប្រើ​ជា​ថ្នាំ​បញ្ចុះ​​សម្ពាធ​ឈាម​បាន​ដែរ ប៉ុន្តែ​បើ​ប្រើ​ថ្នាំ​នេះ​មាន​កម្រិត​ទាប និង​ផ្សំ​ជាមួយ​ថ្នាំផ្សេងៗ ​ដូចជា ​ពពួក Beta-Blockers កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ នៅ​ពេល​ប្រើ​ថ្នាំ​ទាំង​ពីរ​ប្រភេទ​នេះ គេ​ឃើញ​ថា​ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretics) អាច​បង្ក​ផល​រំខាន​បន្តិច​បន្តួច ប៉ុន្តែ​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​​ថ្នាំ​បញ្ចុះ​​សម្ពាធ​ឈាម​ដទៃ​ទៀត​បាន​យ៉ាង​ល្អ។ ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​លើស​ឈាម​ ​ចាល់​ជាតិ​ទឹក អាច​បន្ថែម​កម្រិត​ថ្នាំ​បញ្ចុះ​ទឹក​នោម​នេះ​បាន។

ពពួក​ថ្នាំ​បញ្ចុះ​ឈាម​ដូច​ជា ACE inhibitors ឬ​ថ្នាំ ARBs (Angiotensin receptor blockers) មាន​ប្រសិទ្ធិ​ភាព​កាន់​តែ​ខ្ពស់ ​ពេល​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ​ផ្សេង​ទៀត។​ ថ្នាំ ACE inhibitor អាច​ប្រើ​រួម​ជាមួយ ថ្នាំ​បញ្ចុះ​ទឹក​នោម​ប្រភេទ Thiazide (Thiazide diuretics) ឬ​ថ្នាំ Calcium channel blocker (ថ្នាំ​ទប់​ស្កាត់​ជាតិ​កាល់​ស្យូម​មិនឲ្យ​ចូល​ក្នុង​កោសិកា) បាន។

ករណី​ខ្លះ​ពពួក​ថ្នាំ​បញ្ចុះ​ឈាម​ដូច​ជា Beta-blocker (មាន​ប្រសិទ្ធភាព​បិទ​រេសិបទ័រ​បែតា​នៅ​លើ​សរសៃ​ឈាម) អាច​ប្រើ​ផ្សំ​ជាមួយថ្នាំ Alpha-blocker (មាន​ប្រសិទ្ធិភាព​បិទ​រេសិបទ័រ​អាល់ហ្វា​នៅ​លើ​សរសៃ​ឈាម) បាន។ ថ្នាំ​ផ្សំ ​២ ​មុខ​នេះ ល្អ​ណាស់​សម្រាប់​ប៉ាអ៊ំ (ប្រុសៗ) ​​មាន​ជំងឺ​លើស​ឈាម​ផង និង​ឡើង​ហើម​ក្រពេញ​ប្រូស្តាត​ផង ព្រោះ​​អាច​ជួយ​ព្យាបាល​ជំងឺ​ទាំង ​២ ក្នុង​ពេល​តែ​មួយ។

ការ​ផ្សំ​ថ្នាំ​ទាំង​អស់ ផ្អែក​ទៅ​តាម​ស្ថាន​ភាព​ជំងឺ ឧ. ​បើ​ប្រើ​ថ្នាំ​ទាំង ​២ ​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ចុះ​ទាប​ពេក គ្រូ​ពេទ្យ​នឹង​ត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់ ​ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ជីពចរ​ចុះ​ទាប ឬ​ប្រសិន​បើ ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​ហឺត ពេទ្យ​នឹង​ចៀសវាង​ថ្នាំ​ណា​បង្ក​រោគ​សញ្ញា​ជំងឺ​ហឺត។

៣- អាចដឹងពីប្រសិទ្ធភាពថ្នាំផ្សំដោយរបៀបណា?

ទោះបីជា​​​​​សម្ពាធ​ឈាម ម៉ាក់​ប៉ា អ៊ំៗ​យើង ​ត្រឡប់​មក​ប្រក្រតី​វិញ ក៏​ត្រូវតែ​ត្រូវ​វាស់​សម្ពាធ​ឈាម​ឲ្យ​បាន​ញឹកញាប់​ដែរ។ ដំបូង​ត្រូវ​វាស់​រៀង​រាល់​សប្តាហ៍ ​ហើយពេល​សម្ពាធ​ឈាម​​ស្ថិត​នៅ​កម្រិត​ធម្មតា​អាច​បន្ថយ​ការ​វាស់​បាន។ ​អាច​វាស់​ឈាម​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ​ប៉ុន្តែ​ត្រូវតែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។

៤- គួរប្រើថ្នាំ២មុខបែបនេះយូរប៉ុណ្ណាដែរ?

គ្រូពេទ្យ នឹង​បន្ថយ​ថ្នាំ​ ក្រោយ​សម្ពាធ​ឈាម​វិល​មក​រក​ភាព​ប្រក្រតី​រយៈពេល ​១​ឆ្នាំពេញ។ ថ្នាំ​ទាំង​នេះ​អាច​ជួយ​បញ្ចុះ​ឈាម​បាន​ល្អ​ យ៉ាង​ណា​មិន​អាច​ព្យាបាល​ជំងឺ​លើស​ឈាម​ជា​​ដាច់​តែ​ម្តង​នោះ​ទេ។

បើ​គ្មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ មិន​ត្រូវ​ឈប់​លេប​ថ្នាំ​ដោយ​ឯក​ឯង​ឡើយ គួរ​ទិញ​ថ្នាំ​ស្តុក​ទុក​នៅ​ផ្ទះ​ជា​មុន ព្រោះ​ពេល​ណា​មួយ​ស្រាប់​តែ​​នឹកឃើញ​ឈប់​ប្រើ​ថ្នាំ​ភ្លាមៗ អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​​នឹង​ឡើង​ខ្ពស់ រង​​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។

៥- អ្វីជាភាពស៊ាំនៃជំងឺលើសឈាម?

ភាព​ស៊ាំ​របស់ជំងឺ​លើស​សម្ពាធ​ឈាម កើត​ឡើង​នៅ​យើង​ប្រើថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ៣​មុខ ​ផ្សំចូល​គ្នា ហើយ​សម្ពាធ​ឈាមនៅ​តែ​ខ្ពស់។ តាម​ការ​​ប៉ាន់ប្រមាណ ​៣០ភាគរយ ម៉ាក់ប៉ា អ៊ំៗ​យើង​មាន​ជំងឺ​លើស​​​ឈាម​ គឺជួប​ស្ថានភាព​បែប​នេះ។

យោង​តាម​សមាគម​សុខភាព​បេះដូង​អាមេរិក (American Heart Association) វ័យ​កាន់​តែ​ចាស់ និង​ធាត់​លើស​ទម្ងន់​ខ្លាំង (Obesity) ជា​កត្តា​ប្រឈម​​ នាំ​ឲ្យ​មាន​អាការៈ​បែប​នេះ។

មុន​ពេល​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ សន្មត់​យើង​មាន​ភាព​ស៊ាំ​ជាមួយ​ជំងឺ​លើស​ឈាម​ ពេទ្យ​នឹង​ពិនិត្យ​មើល​ថា​កើត​ឡើង​ដោយ​ឯកឯង ឬ​ដោយ​សារ​ម៉ាក់ប៉ា អ៊ំៗ ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ។ ដោយ​ឡែក ករណី “White Coat” ជា​ស្ថានភាព​មួយ ​កើន​ឡើង​សម្ពាធ​ឈាម​អំឡុង​ពេល​ជួប​ពេទ្យ​ តែ​ពេល​នៅ​ផ្ទះ​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រលំ ម៉ាក់ប៉ា អ៊ំៗ ​មាន​ភាព​ស៊ាំ​ជំងឺ​លើស​ឈាម​ដែរ។ អ៊ីចឹង កុំ​ឲ្យ​មាន​ហេតុការណ៍​នេះ​កើត​ឡើង គ្រូពេទ្យ​នឹង​ធ្វើ​ការ​តាម​ដាន​​សម្ពាធ​ឈាម​​ក្នុង​រយៈពេល​ ២៤ ម៉ោង។

ម៉ាក់ប៉ា អ៊ំៗ​យើង ភាគ​ច្រើន​មាន​ភាព​ស៊ាំ​នឹង​ជំងឺ​លើស​ឈាម​ អាច​នឹង​កំពុង​កើត​ជំងឺ​ផ្សេង​ទៀត ដូចជា​ ជំងឺ​តម្រង​នោម ​ទឹក​នោម​ផ្អែម គេង​មិន​ដក​ដង្ហើម និង​ជំងឺ​ក្រិន​សរសៃ​ឈាម (Atherosclerotic disease) កាន់​តែ​ធ្វើ​ឲ្យ​ការ​ព្យាបាល​​តែ​ពិបាក​ខ្លាំង ព្រោះ​ត្រូវ​ព្យាបាល​ជំងឺ​ថែម​មួយ​មុខ​ទៀត។

មុន​ពេល​ផ្សំ​ថ្នាំ​ព្យាបាល​ណា​មួយ ម៉ាក់ប៉ា អ៊ំៗ ​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន ​ធ្វើ​តាម​វេជ្ជបញ្ជា​ឲ្យ​បាន​ត្រឹមត្រូវ​ ក្នុង​ករណី​មាន​លេច​ចេញ​ផល​រំខាន​ណា​មួយ ​ឆាប់ទៅ​ជួប​គ្រូ​ពេទ្យ​ភ្លាម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T