នាំគ្នាផ្អើលឆោឡោ បាតុភូតភ្លៀងទេពច្យុតយ៉ាងចម្លែក តែត្រូវអ្នកជំនាញចេញមកបកស្រាយ ថាវាមិនមែនដូច្នោះទេ (មានវីដេអូ)

//s9.kh1.co/42/421dd35e4498979b81efd4cfd6dc55f9c0ebdbbd.jpg
បច្ចេកវិទ្យា

 ២៩-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងវីដេអូ គេឃើញមានទេពច្យុតកំពុងហោះលើអាកាស ហើយវាមានចំនួនច្រើន និងបញ្ចេញពន្លឺប្លែកខុសពីធម្មតា។

អាមេរិក៖ ក្រុមអ្នកសង្កេតមើលផ្ទៃមេឃក្នុងតំបន់ Pacific Northwest បានឃើញទិដ្ឋភាពដូចកាំជ្រួចហោះទាំងចង្កោម នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា។ នៅក្នុងវីដេអូ គេឃើញមានទេពច្យុតកំពុងហោះលើអាកាស ហើយវាមានចំនួនច្រើន និងបញ្ចេញពន្លឺប្លែកខុសពីធម្មតា។ ក្រុមអ្នកជំនាញបាននិយាយថា ការពិតទៅ ពួកវាជាបំណែកនៃរ៉ុក្កែតរបស់ SpaceX តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេវាកម្មផ្នែកអាកាសធាតុ National Weather Service (NWS) របស់អាមេរិកបានបង្ហាញថា​ ការរាយការណ៍ពីអង្គបញ្ចេញពន្លឺនៅលើផ្ទៃមេឃទាំងនោះ គឺជាបំណែកនៃរ៉ុក្កែត Falcon 9 ដំណាក់កាលទី២ ដែលបរាជ័យមិនទាន់បានដុតកម្ទេច មុនធ្លាក់ចូលបរិយាកាស។ បើយោងតាមតារាវិទូ លោក Jonathan McDowell មកពីមជ្ឈមណ្ឌល Harvard-Smithsonian Center បានឲ្យដឹងថា បំណែកទាំងនោះដូចជាបានមកពីរ៉ុក្កែត Falcon 9 ដែលបាញ់បង្ហោះកាលពីថ្ងៃទី៤ ខែមីនា ដើម្បីបញ្ចូនប្រព័ន្ធផ្កាយរណប Starlink ចូលទៅក្នុងគន្លងតារាវិថី។

រ៉ុក្កែត Falcon 9 អាចទៅដល់បរិយាកាស ដោយឆ្លងកាត់ពីរដំណាក់កាល។ ដំណាក់កាលដំបូងដំណើរការដោយម៉ាស៊ីនចំនួន៩ បានជួយរុញរ៉ុក្កែតឲ្យហោះឡើង។ ផ្នែកដែលញែកចេញនៅក្នុងដំណាក់កាលទីមួយនេះ ត្រូវបានគេបញ្ជាពីចម្ងាយ ឲ្យត្រឡប់មកកាន់នាវារបស់ SpaceX សម្រាប់ការប្រើប្រាស់ឡើងវិញ (ពេលខ្លះ បំណែកខ្លះមិនអាចដំណើរការ ដូចការគ្រោងទុក)។ ចំពោះដំណាក់កាលទីពីរ ដែលដំណើរការដោយកម្លាំងម៉ាស៊ីនទោល បានជួយនាំរ៉ុក្កែតមកដល់គន្លងតារាវិថី បន្ទាប់មកវាក៏បានបន្សល់ទុកនូវបំណែកក្នុងបរិយាកាស។

បើយោងតាមលោក McDowell ដំណាក់កាលទីពីរនេះបានបាញ់បង្ហោះ នៅថ្ងៃទី៤ ខែមីនា ហើយទទួលបរាជ័យក្នុងការដុតកម្ទេចបំណែក បន្ទាប់ពីបានបង្ហោះប្រព័ន្ធផ្កាយរណប Starlink មានន័យថា បំណែកមិនបានធ្លាក់ចុះដូចការគ្រោងទុក។ ប៉ុន្មានសប្ដាហ៍ក្រោយមក វាក៏បានធ្លាក់ចូលមកក្នុងបរិយាកាស ហើយចុងក្រោយក៏ត្រូវបានគេមើលឃើញនៅយប់ថ្ងៃព្រហស្បតិ៍ ដោយបង្កើតបានជាទស្សនីយភាពយ៉ាងប្លែក។ ក៏មានការបញ្ជាក់ផងដែរថា បំណែកឆេះទាំងនោះមិនបានបង្កគ្រោះថ្នាក់ ឬបំផ្លិចបំផ្លាញអ្វីឡើយ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T