អង្គការណាសាកំពុងពិចារណា លើគំនិតបច្ចេកវិទ្យាអវកាសមិនគួរឱ្យជឿចំនួន៥ ដែលប្រៀបដូចជារឿងវិទ្យាសាស្ត្រប្រឌិត

//s9.kh1.co/a5/a5da87230e07c6b3d11d6bed847364b5ba898070.png
បច្ចេកវិទ្យា

 ២៦-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គំនិតទាំងនេះបើសិនជាក្លាយជាការពិតមែន ពិតជាអស្ចារ្យខ្លាំងណាស់ វាអាចឱ្យមនុស្សមានភាពងាយស្រួលក្នុងការទៅរស់នៅភពដទៃបាន

បរទេស៖ ក្រុមអ្នកស្រាវជ្រាវជាច្រើននាក់បានទទួលជំនួយឥតសំណងពីកម្មវិធី Innovative Advanced Concepts របស់អង្គការណាសា ដើម្បីសិក្សាពីលទ្ធភាពនៃគំនិតបច្ចេកវិទ្យាវិទ្យាសាស្ត្ររបស់ពួកគេ។ តើអ្នកទាំងអស់នេះជានរណា ហើយពួកគេមានគំនិតបែបណា? មកមើលគំនិតខ្លះៗក្នុងចំណោមគំនិតទាំងនោះ ទាំងអស់គ្នា។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. ផ្លូវដែកម៉ាញ៉េទិចដែលអាចចល័តបាន

វិស្វកររ៉ូបូតនៅមន្ទីរពិសោធន៍មួយរបស់ណាសា កំពុងស្រាវជ្រាវលើគំនិតប្រព័ន្ធដឹកជញ្ជូនបែបផ្លូវដែកម៉ាញ៉េទិច ដែលអាចចល័តបាន សម្រាប់ប្រើប្រាស់នៅលើឋានព្រះចន្ទ។  

(NASA/JPL-Caltech/Ethan Schaler)
(NASA/JPL-Caltech/Ethan Schaler)

នៅពេលមនុស្សចាប់ផ្តើមបង្កើតកន្លែងស្នាក់នៅលើឋានព្រះចន្ទ គេនឹងត្រូវការដឹកជញ្ជូនសម្ភារៈជាប្រចាំជាច្រើន ដូចជាការជីកថ្មនិងដីដើម្បីសាងសង់រចនាសម្ព័ន្ធនានា។

ដើម្បីធ្វើដូចនេះ គេត្រូវការឱ្យមានផ្លូវរាបលើផ្ទៃព្រះចន្ទដែលតភ្ជាប់ពីទីតាំងមួយទៅទីតាំងមួយទៀត ដែលដំណើរការដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានការគ្រប់គ្រងពីមនុស្ស ហើយអាចចល័តបានដោយមិនបាច់សាងសង់ជាអចិន្រ្តៃយ៍។

2. Swimbots

អ្នកស្រាវជ្រាវដដែលនៃគំនិតខាងលើក៏កំពុងតែស្រាវជ្រាវពីគំនិតសម្រាប់យានរ៉ូបូតរុករក ដែលអាចហែលនៅក្នុងមហាសមុទ្រនៃពិភពផ្សេងទៀតដូចជាព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ និងព្រះចន្ទ Titan របស់ភពសៅរ៍ដែលមានសមុទ្រមេតានមួយផងដែរ។ 

(NASA/JPL-Caltech/Ethan Schaler)
(NASA/JPL-Caltech/Ethan Schaler)

3. ប្រើដីអវកាសដើម្បីដាំដុះ

អ្នកស្រាវជ្រាវម្នាក់កំពុងតែសំឡឹងលទ្ធភាពក្នុងការប្រើអាចម៍ផ្កាយជាប្រភពដីដែលអាចដាំដុះបាន។

តម្រូវការអាហារគឺជាបញ្ហាសម្រាប់មនុស្សដែលនឹងរស់នៅលើឋានព្រះចន្ទ និងមនុស្សដែលធ្វើឱ្យដំណើរដ៏លំបាកទៅកាន់ភពអង្គារ។ បេសកកម្មបែបនេះប្រាកដជាមាននូវស្បៀងអាហារនិងទឹកហើយ ប៉ុន្តែការដឹកជញ្ជូនពួកវាចូលទៅក្នុងលំហអាកាស គឺមានតម្លៃខ្ពស់។

រាល់អាហារដែលអាចផលិតឬដាំដុះបាននៅលើយានឬស្ថានីយអវកាស នឹងផ្តល់ឱ្យបេសកកម្មនានានូវសន្តិសុខស្បៀងអាហារកាន់តែច្រើន ហើយនៅទីបំផុតអាចអនុញ្ញាតឱ្យមនុស្សនៅទីអវកាសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតអាហារខ្លួនឯង។ សូម្បីតែសព្វថ្ងៃនេះ ក៏រុក្ខជាតិខ្លះត្រូវបានដាំដុះនិងប្រមូលផលនៅលើស្ថានីយអវកាសអន្តរជាតិផងដែរ ដែលវាធ្វើឱ្យគំនិតខាងលើនេះហាក់ដូចជាមិនឆ្ងាយពីការពិតនោះទេ។  

(NASA/Don Davis)
(NASA/Don Davis)

4. ឧបករណ៍សាងសង់អាគារលើទីអវកាស

សាស្រ្តាចារ្យជំនួយនៅសាកលវិទ្យាល័យ Carnegie Mellon ម្នាក់ កំពុងបង្កើតឧបករណ៍ទំងន់ស្រាលមួយដែលអាចពង្រីកឱ្យធំបាន សំរាប់ការស្ថាបនាអាគារអវកាសដែលមានទំហំធំ និងមានទំហំរាប់គីឡូម៉ែត្រ។

គំនិតនេះវាដូចជាគំនិតដែលបង្កើតឡើងដោយអ្នកនិពន្ធរឿងប្រឌិតបែបវិទ្យាសាស្ត្រអស់ជាច្រើនទសវត្សមកហើយ នោះគឺការបង្កើតទីជម្រកអវកាសសិប្បនិម្មិត ឬ “space ark” ដែលមានទំហំធំអាចផ្ទុកមនុស្សបាននិងប្រព័ន្ធអេកូឡូស៊ីដែលអាចទ្រទ្រង់ជីវិតបានដោយនិរន្តរភាព។  

(NASA/Zachary Manchester)
(NASA/Zachary Manchester)

5. ប្រើពន្លឺព្រះអាទិត្យជាថាមពលលើឋានព្រះចន្ទ

អ្នកស្រាវជ្រាវម្នាក់នៅមជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់អង្គការណាសា កំពុងតែផ្តោតលើគំនិត ដើម្បីបង្កើតនិងចែកចាយថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើឋានព្រះចន្ទ ដោយប្រើអុបទិកកែវយឹត ដើម្បីចាប់យកពន្លឺព្រះអាទិត្យ។  

(NASA/Ronald Neale)
(NASA/Ronald Neale)

ទោះបីជាការប្រើថាមពលពន្លឺព្រះអាទិត្យមិនមែនជាអ្វីថ្មីក៏ដោយ ក៏ការបង្កើតប្រព័ន្ធបែបនេះមួយសម្រាប់ឋានព្រះចន្ទគឺជាការលំបាកផងដែរ ដោយសារគេត្រូវការរចនាប្រព័ន្ធដែលតូចនិងស្រាលល្មម ដែលអាចដឹកជញ្ជូនពីផែនដីទៅព្រះចន្ទបាន ស្របពេលដែលវានៅតែអាចបង្កើនផលិតកម្មថាមពលបានច្រើនពីកាំរស្មីព្រះអាទិត្យផងដែរ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T