បើ​អ្នក​មាន​ស្បែក​ស្លេក​ស្លាំង និង​ជ្រីវជ្រួញ​​ នេះជា​ការ​ណែ​នាំ​ខ្លះ​ៗ​ពី​ការ​ប្រើប្រាស់​វីតាមីន C

//s9.kh1.co/1e/1eb1b4dc733086f98fbba5898594b35a15d3ce84.jpg
យល់ដឹង

 ២៦-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

វីតាមីន C គឺជាប្រភេទវីតាមីនម៉្យាង ដែលសម្បូរនៅក្នុងប្រភេទអាហារដូចជាផ្លែក្រូច ប៊ឺរី ដំឡូង ប៉េងប៉ោះ បន្លែ ឬស្ពៃស្រស់ៗ​ជា​ច្រើន ដែលគួរទទួលទានឲ្យបានជាប្រចាំ

រាងកាយជាចាំបាច់ត្រូវការវីតាមីនជាច្រើនប្រភេទសម្រាប់ការទ្រទ្រង់ និងលូតលាស់។ ជាក់ស្ដែងវីតាមីនទាំងនោះ​មួយផ្នែកមានសមត្ថភាពផលិតដោយខ្លួនឯងនៅក្នុងរាងកាយ ចំណែកមួយផ្នែកទៀតទាមទារយក​ពី​ខាង​ក្រៅ​តាម​រយៈ​ចំណីអាហារ។ តួយ៉ាង វីតាមីន C គឺជាប្រភេទវីតាមីនម៉្យាង ដែលសម្បូរនៅក្នុងប្រភេទអាហារដូចជាផ្លែក្រូច ប៊ឺរី ដំឡូង ប៉េងប៉ោះ បន្លែ ឬស្ពៃស្រស់ៗជាច្រើន ដែលគួរទទួលទានឲ្យបានជាប្រចាំ។ បន្ថែមពីវត្តមាននៅក្នុងរបបអាហារខាងលើ វីតាមីនប្រភេទនេះ ក៏ត្រូវបានផលិតឡើងជាឱសថបំប៉ន ក្រោម​ទម្រង់​ជា​ថ្នាំ​គ្រាប់ ឬទំពារ ដើម្បីបំពេញភាពខ្វះខាតណាមួយទៅតាមបុគ្គលម្នាក់ៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លក្ខណៈឱសថ
វីតាមីន C ឬអាស៊ីតអាស្កូប៊ិច ​ជាសារធាតុបំប៉នដែលមានសុវត្ថិភាព និងប្រសិទ្ធភាពមួយ ដែលមិនត្រឹមតែ​ប្រើប្រាស់​សម្រាប់​​ជាជំនួយនៅពេលមានជំងឺផ្ដាសាយប៉ុណ្ណោះទេ វាក៏ជាវីតាមីនម៉្យាងដែលចាំបាច់សម្រាប់ការលូតលាស់ និង​មុខងារ​របស់សារពាង្គកាយ ក៏ដូចជាថែរក្សាដំណើរការរបស់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយទៀតផង។ បន្ថែមពីនោះ វាក៏​ត្រូវ​បាន​សង្កេតឃើញឲ្យប្រើប្រាស់ក្នុងករណីជំងឺមួយចំនួនដូចជា៖
• ជំងឺសរសៃឈាមបេះដូង
• បញ្ហាសុខភាពអំឡុងពេលពពោះ
• សុខភាពភ្នែក
• ភាពជ្រីវជ្រួញនៃស្បែក ជាដើម។

ដោយឡែក ក្នុងករណីកង្វះវីតាមីន C ក្នុងរាងកាយអាចធ្វើឲ្យប្រឈមទៅនឹងបញ្ហាសុខភាពធ្ងន់ធ្ងរឈ្មោះថា Scurvy ដែល​បង្ហាញចេញជារោគសញ្ញាដូចជាចុះខ្សោយ ស្លេកស្លាំង ស្នាមជាំលើស្បែក ឬការហូរឈាម​នៅនឹង​អញ្ចាញ​ធ្មេញ​ជាដើម​។

របៀប និងកម្រិតប្រើប្រាស់
គួរប្រើប្រាស់ឱសថតាម​ការណែនាំ​ពី​សំណាក់​វេជ្ជបណ្ឌិត​ជំនាញ ដោយកម្រិតជាទូទៅសម្រាប់មនុស្សពេញវ័យគឺបុរស ៩០មិល្លីក្រាម និងស្រ្តី ៧៥ មិល្លីក្រាមក្នុងមួយថ្ងៃ។ ដោយឡែក ចំពោះស្រ្តីមានផ្ទៃពោះត្រូវទទួលទានវីតាមីន C ក្នុង​កម្រិត ១២០មិល្លីក្រាម និង១៣០មិល្លីក្រាមសម្រាប់ស្រ្តីកំពុងបំបៅដោះកូន។

ផលរំខានឱសថ
ផលរំខានរបស់វីតាមីន C អាចកើតមាន ឬប្រែប្រួលទៅតាមកម្រិត​នៃការប្រើប្រាស់ថ្នាំ។ ក្នុង​ករណីនេះដែរ​ក៏អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​មួយចំនួនមានអាការៈធីងធោង ងងុយគេង រាក ក្អួតចង្អោរ ឈឺក្បាល និងចង្វាក់បេះដូង​លោត​មិន​ទៀង​ទាត់ ឬញាប់។ល។ ប៉ុន្តែប្រសិនអាការៈខាងលើនៅតែបន្តស្តែងចេញ និងមានលេចចេញនូវរោគសញ្ញាដទៃទៀត អ្នកត្រូវប្រឹក្សាជាមួយអ្នកជំនាញជាបន្ទាន់។ លើសពីនេះប្រសិនបើអ្នកជំងឺប្រើប្រាស់ឱសថនេះច្រើនលើសពី ២០០០​មិល្លីក្រាម​ក្នុងមួយថ្ងៃ នោះវាអាចបណ្តាលឲ្យមានការប្រឈមនឹងបញ្ហាក្រួសក្នុងតម្រងនោម និងជំងឺតម្រង​នោម​ផ្សេងៗ​ទៀត។

អន្តរកម្មឱសថ
ការប្រើប្រាស់ឱសថច្រើនក្នុងពេលតែមួយ អាចបង្កើនឬបន្ថយប្រសិទ្ធភាពឱសថ និងបង្កើនហានិភ័យនៃផលរំខាន​របស់​ឱសថណាមួយ។ ជាក់ស្តែងវីតាមីន C ត្រូវបានណែនាំឲ្យប្រើប្រាស់ដាច់ដោយឡែកពីឱសថមួយចំនួនដូចជា៖
• អាលុយមីញ៉ូម
• ការព្យាបាលដោយប្រើគីមី
• ឱសថពពួកអឺស្រ្តូហ្សែន (Estrogen)
• ឱសថក្នុងក្រុម Protease inhibitors
• ឱសថ Statins និង Niacin
• ឱសថក្នុងក្រុម Warfarin ៖ដូចជាឱសថ Coumadin និង Jantoven។

ដើម្បីចៀសវាងហានិភ័យ និងផលរំខានដែលកើតមានពីអន្តរកម្មឱសថ អ្នកគួរពិគ្រោះយោបល់ ឬប្រាប់​ទៅ​កាន់​វេជ្ជបណ្ឌិត​ក្នុងករណីអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត មុននឹងសម្រេចចិត្តប្រើប្រាស់ឱសថនេះ។

បម្រុងប្រយ័ត្ន
ការប្រើប្រាស់វីតាមីន C ក៏ទាមទារនូវការប្រុងប្រយ័ត្នផងដែរក្នុងករណី៖
• ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅដោះ អាចប្រើប្រាស់តែក្នុងករណីចាំបាច់ និងស្ថិតក្នុងកម្រិតមួយ​ច្បាស់​លាស់​មិនឲ្យលើសពី ២០០០ មិល្លីក្រាម ក្នុងមួយថ្ងៃ ពិសេសត្រូវស្ថិតក្រោមការអនុញ្ញាតពីគ្រូពេទ្យជាមុនសិន
• អ្នកជំងឺទឹកនោមផ្អែម  ជំងឺភ្លេចភ្លាំង ជំងឺមហារីក បញ្ហាបេះដូង (គាំងបេះដូង ចុកទ្រូង ឬខ្សោយបេះដូង) សម្ពាធឈាមឡើងខ្ពស់ និងបញ្ហាតម្រងនោមសុទ្ធតែទាមទារការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ ឬឱសថការីមុនសម្រេចចិត្តប្រើប្រាស់ឱសថនេះ
• វីតាមីន C អាចបាត់បង់ប្រសិទ្ធភាពក្នុងករណីប្រើប្រាស់សារធាតុអាល់កុល និងសារធាតុញៀនស្របពេល​ជាមួយ​គ្នា​។​

គួរបញ្ជាក់ផងដែរសម្រាប់ វីតាមីន C ដែលកំពុងពេញនិយម និងត្រូវបានណែនាំឲ្យប្រើប្រាស់យ៉ាងច្រើន នោះមាន​ឈ្មោះ​ដូចជា៖ Laroscorbine effervescent, Vitascorbol effervescent និង Nat C ជាដើម៕

SRIN SAVANT
Sa Vant (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T