ហ៊ានៗទេ? ក្រុមហ៊ុនមួយហ៊ានឲ្យ ប្រាក់២,៤០០ដុល្លារ បើជើងខ្លាំងណាអាចរស់នៅពេញមួយថ្ងៃ ដោយមិនប្រើទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗ

//s9.kh1.co/57/57e0b79ca65a673caf43240b05347cab9f5083d5.jpg
បច្ចេកវិទ្យា

 ២៤-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ត្រូវចងចាំថា អ្នកចូលរួមប្រកួតទាំងអស់នឹងត្រូវដកហូតគ្រឿងអេឡិចត្រូនិចផ្សេងៗ។

អាមេរិក៖ សព្វថ្ងៃនេះ ពួកយើងទាំងអស់គ្នាចំណាយពេលភាគច្រើន ទៅលើការប្រើប្រាស់ទូរសព្ទដៃ ហើយនោះជាហេតុផលមួយដែលក្រុមហ៊ុនមួយសុខចិត្ត ចំណាយប្រាក់២,៤០០ដុល្លារដើម្បីស្វែងរកអ្នកក្លាហាន មិនសម្លឹងមើលអេក្រង់គ្រឿងអេឡិចត្រូនិចផ្សេងៗ ក្នុងរយៈពេលពេញមួយថ្ងៃ។ គេហទំព័រ Reviews.org ដែលជាសេវាកម្ម review ផលិតផលប្រើប្រាស់ក្នុងផ្ទះ បានបង្កើតការប្រកួតប្រជែងមួយដែលមានឈ្មោះថា “2021 Digital Detox Challenge” ហើយអ្នកចូលរួមអាចទទួលបានប្រាក់រង្វាន់ ២,៤០០ដុល្លារ ប្រសិនបើពួកគេអាចចំណាយពេល២៤ម៉ោង ដោយមិនបានសម្លឹងមើលអេក្រង់គ្រឿងអេឡិចត្រូនិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកចូលរួមនៅសហរដ្ឋអាមេរិកអាចដាក់ពាក្យ ដោយគ្រាន់តែចូលទៅកាន់គេហទំព័រមួយនេះ ឲ្យបានមុនថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ត្រូវចងចាំថា អ្នកចូលរួមប្រកួតទាំងអស់នឹងត្រូវដកហូតគ្រឿងអេឡិចត្រូនិចផ្សេងៗ។ ឧបករណ៍ប្រើប្រាស់ទាំងនោះមានដូចជា ទូរសព្ទដៃ ទូរទស្សន៍ ឧបករណ៍លេងហ្គេម កុំព្យូទ័រលើតុនិងយួរដៃ នាឡិកាវៃឆ្លាតនិងឧបករណ៍ពាក់ផ្សេងទៀត និងឧបករណ៍ឆ្លាតវៃសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះដូចជា Amazon Alexa ឬសូម្បីតែរូប៉ូតសម្អាតធូលី Roomba។

រូបតំណាង
រូបតំណាង

ការប្រកួតមួយនេះគឺជាវិធីសាស្ត្រដ៏រីករាយមួយ ដែលនាំឲ្យយើងស្វែងយល់ពីបញ្ហា ដែលកំពុងកើតមាននៅក្នុងយុគសម័យឌីជីថល មានដូចជាការញៀនប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍ឌីជីថលផ្សេងៗទៀត។ ការស្ទង់មាតិកាលពីពេលថ្មីៗនេះរបស់គេហទំព័រ Reviews.org បានរកឃើញថា មនុស្ស៥៦.៤ភាគរយបានទទួលស្គាល់ថា ពួកគេពិតជាញៀនប្រើប្រាស់ទូរសព្ទដៃរបស់ពួកគេមែន។

បើយោងតាមការសិក្សាមួយនៅក្នុងព្រឹត្តិប័ត្រ Addictive Behaviors បានបង្ហាញថា ការប្រើប្រាស់ស្មាតហ្វូនខ្លាំងពេកបានជះឥទ្ធិពលដល់ខួរក្បាលរបស់យើងយ៉ាងច្រើន ដូចគ្នានឹងការប្រើប្រាស់គ្រឿងញៀនដែរ។ ក៏មានភស្ដុតាងខ្លះៗបានបង្ហាញថា វាក៏បានផ្លាស់ប្ដូរខួរក្បាលរបស់កុមារ ដែលក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចស្វែងយល់បានពេញលេញនៅឡើយ។

បើទោះបីជាអ្នកមិនបានចូលរួមប្រកួតដើម្បីដណ្ដើមប្រាក់រង្វាន់ ២,៤០០ដុល្លារក៏ដោយ ក៏អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដោយខ្លួនឯងផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T