អូនៗមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវដោះស្រា​យបញ្ហាផ្លូវចិត្តបែបណា?

//s9.kh1.co/95/9589b246cdd040fa2d70942e21183dbca48dbb45.jpg
យល់ដឹង

 ២៣-មីនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​រាង​កាយ​របស់​អូនៗទេ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ផង​ដែរ។

១. ​ស្វែង​យល់ ​និង​ទទួល​យក​ការពិត​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​រាង​កាយ​របស់​អូនៗទេ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ផង​ដែរ។ នៅ​ពេល​ដែល​ដឹង​ពី​មាន​ជំងឺ​នេះ​ដំបូងៗ អូនៗ​អាច​ព្រួយ​បារម្ភ​ពី​អ្វី​ដែល​អាច​កើត​មាន​ប្រចាំ​ថ្ងៃ​ និង​អនាគត​។ វា​ជា​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ដែល​ភ្លាមៗ​ អូនៗ​​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជា​ញឹកញាប់​ ប្រើ​ប្រាស់​ថ្នាំ និង​ពិនិត្យ​មើល​អ្វី​ដែលត្រូវ​ញ៉ាំ​ទៀត​ផង​។

វា​ជា​រឿង​ធម្មតា​ទេ​ដែល​ឆ្ងល់​ថា “ហេតុអ្វី​បាន​ជា​ខ្ញុំ?” ហើយ​គិត​ថា “វា​មិន​យុត្តិធម៌​ទេ។ ” អូនៗ​​អាច​មាន​អារម្មណ៍​ក្រៀមក្រំ ខឹង និង​តូច​ចិត្ត​ដោយសារតែ​​ស្ថិត​ក្នុង​ស្ថានភាព​នេះខណៈ​មិត្តភក្តិ​​ភាគ​ច្រើន​មិន​ចាំបាច់​ព្រួយ​បារម្ភ​អំពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ឬ​ក៏​អាច​ញ៉ាំ​អ្វី​ដែល​ពួក​គេ​ចង់​បានតាម​ចិត្ត​។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អូនៗ​​រៀន​កាន់​តែ​ច្បាស់​អំពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង​វិធី​គ្រប់គ្រង​វា​កាន់​តែ​ច្រើន​ នោះអូនៗ​​នឹង​មាន​អារម្មណ៍​ថា​ វា​ស្ថិត​នៅ​ក្នុង​ការគ្រប់គ្រង​ និង​អាច​ដោះស្រាយបាន សម្រាប់​​ជីវិត​ប្រចាំ​ថ្ងៃ​។

នៅពេល​អូនៗ​​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​នេះ អូនៗ​ខ្លះ​អាច​នឹងបន្លប់​ចិត្ត​ខ្លួន​​ថា​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​មិន​គិត​ពី​វា ឬ​មិន​និយាយ​ពី​វាជា​ដើម​។ អូនៗ​អាច​នឹង​​ចង់​លាក់​បាំង​​ដោយ​សារ​តែ​​មាន​អារម្មណ៍​អៀន​ខ្មាស និង​ខុស​ពី​គេ ប៉ុន្តែ​វា​ជា​ការ​សំខាន់​ដែល​​មិន​គួរ​មាន​អារម្មណ៍​ខ្មាស​អៀន​ចំពោះ​ស្ថាន​ភាព​ខ្លួន​នោះ​ទេ។ នេះ មិន​មែន​ជា​កំហុស​ទេ អូនៗ​​មិន​មែន​ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​នោះ​ទេ ហើយ​អូនៗ​ក៏​មិន​ឯកា​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ អូនៗ​​អាច​នឹង​បង្ហាញ​អារម្មណ៍​ និង​សួរ​ជា​សំនួរ​ទៅ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បាន​គ្រប់ពេល​ទាក់ទង​នឹង​ជំងឺ​។ អូនៗ​មាន​​ទាំង​ប៉ាម៉ាក់ បង​ប្អូន មិត្តភក្ដិ ឬ​គ្រូពេទ្យ ចាំជួយជ្រោម​ជ្រែង​។ អ្នក​ទាំង​នោះ​នឹង​នៅ​ជាមួយអូនៗ​ ចាំ​ជួយ និង​ទទួល​យក​ដឹង​ពី​ស្ថានភាព​សុខភាព​អូនៗ​ ដើម្បី​ផ្ដល់​ឲ្យ​អូនៗ​មាន​ជីវិត​ពោរពេញ​ដោយ​សុភមង្គល។

២. វិធីដោះ​ស្រាយបញ្ហា​ផ្លូវ​ចិត្ត

ជំហាន​ដ៏​សំខាន់​មួយ​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ នោះ​គឺ​ការ​រៀនពី​ជំងឺនេះ និង​​ពី​វិធី​ដែល​​អាច​សម្រប​ខ្លួន​ទៅ​នឹង​ស្ថាន​ភាព​ដែលអូនៗ​ជួប​ប្រទះ និង​​គ្រប​គ្រង​ឲ្យ​បាន។ បើ​អូនៗ​មិនត្រូវ​​ព្យាយាម​ប្រឆាំង​នឹង​ជំងឺ​នេះទេ តែ​ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​រៀន​ពី​វា​វិញ នោះ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់អូនៗ​នឹង​កាន់​តែ​ប្រសើរ​បន្តិច​ម្ដងៗ។ អូនៗ​មិន​មែន​តែ​ឯង​ទេ និង​​មិន​គួរ​មាន​អារម្មណ៍​​ដូច​នេះ​រាល់​ថ្ងៃ​ដែរ អូនៗ​គឺ​ខ្លាំង​ជាង​អ្វី​ដែលអូនៗ​បាន​​គិត​ទៅ​ទៀត។

វា​ជា​រឿង​ធម្មតា​ដែលអូនៗ​មាន​អារម្មណ៍​ប្រែ​ប្រួល​បែប​នេះ ទៅ​លើ​ស្ថាន​ភាព​ជំងឺ ប៉ុន្តែអូនៗ​​នឹងអាច​​សម្រប​ខ្លួន និង​មើល​ថែ​ជំងឺ​ខ្លួន​ឯង​បាន ហើយ​នឹង​ធ្វើ​ឲ្យ​ការ​ថែ​ទាំ​នោះ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃបាន​ទៀត​ផង​​។

អូនៗ​នឹង​នៅ​តែ​ជា​ក្មេង ធម្មតា​ម្នាក់ ដូច​ទៅ​នឹង​អ្នក​ដទៃ​ដែរ ដោយ​គ្រាន់​តែ​បន្ថែម​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ក្នុង​ជីវិត​ គឺ​មិន​ខុស​អី​ពី​យើង​មាន​ទម្លាប់​​ដុះ​សម្អាត​ធ្មេញ​ជា​ប្រចាំ​ថ្ងៃ​ទេ​។ ពេល​អូនៗ​​​ជោគជ័យ​ក្នុង​ការ​បន្ថែម​ទម្លាប់​ប្រចាំ​ថ្ងៃ​កាន់​តែ​ច្រើន នោះ​អូនៗ​នឹង​គិត​ពី​រឿង​អាក្រក់​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​​កាន់​តែ​តិច ហើយ​ផល​វិបាក​នៃ​ជំងឺ​ក៏​មាន​កាន់​តែ​តិច ទាំង​នៅ​ពេល​នេះ នឹង​ពេល​ខាង​មុខ។

៣​. រៀបចំខ្លួន​ឲ្យមាន​ម្ចាស់ការ

អូនៗ​ត្រូវចាប់​ផ្ដើម​ធ្វើ​អ្វីដែល​គួរ​ធ្វើ និង​ត្រូវ​ប្រឈម​ជាមួយ​ជំងឺ​មួយ​នេះមួយ​ដំណាក់​កាល​ម្ដងៗ។ អូនៗ​មិន​បាច់​ប្រញាប់​ពេក​ដែរ ព្រោះ​ថា​វាមិន​ងាយ​ស្រួល​ទេ​ក្នុងការ​ផ្លាស់ប្តូរ​ភ្លាមៗ​ ឬ​បង្កើត​ទម្លាប់​មួយ​ចំនួន​នោះ។​ យូរ​ៗ​ទៅ​អូន​ៗ​នឹង​ស៊ាំ​ចំពោះ​ទម្លាប់​ចាក់អាំង​ស៊ុយលីន និង​ការ​វាស់​កម្រិត​ជាតិ​ស្ករ​ ដែរ​មិន​ខាន។​ ដូចនេះហើយ សុខ​ភាព​របស់​អូនៗ​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។​

ដំបូង​ឡើយ​ អាចថាប៉ាម៉ាក់​ជា​​អ្នកជួយ​យើង​ច្រើន​លើ​កិច្ច​ការ​នេះ ដើម្បី​មើល​ថែ​ទាំ និង​គ្រប់​គ្រង​ជំងឺ​របស់​អូនៗ​។ ប៉ុន្តែ​បន្តិច​ម្ដងៗ អូនៗ​​នឹង​អាច​ធ្វើ​ការ​ងារ​ទាំង​នោះ​បាន​ដោយ​ខ្លួន​ឯង។ សម្រាប់​ពេល​នេះ នៅ​ពេល​អូនៗ​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម គឺ​អាច​ធ្វើ​តាម​អ្វី​ប៉ា​ម៉ាក់​បាន​ធ្វើ អាច​ច្រើស​កន្លែង​ត្រូវ​ចាក់ ក៏​ដូច​ជា​ចេះ​អាន​លទ្ធផល​ខ្លួន​ឯង​ ហើយ​នឹង​កត់​​ត្រា​ទុក​ដោយ​ខ្លួន​ឯង​ដែរ​។ វា​ជា​ការ​ប្រសើរ​ដែល​អូនៗ​អាច​​ធ្វើ​កិច្ច​ការ​នេះដោយ​ខ្លួន​ឯង សម្រាប់​ពេល​បន្ត​បន្ទាប់​។

៤. ថែរក្សា​​ផ្លូវ​ចិត្ត​​ឲ្យ​បាន​ល្អ

ដោយ​សារ​តែ​យើង​ត្រូវ​រស់​នៅ​ជាមួយ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ពេល​ខ្លះ​អូន​​អាច​​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​បន្តិច​បន្តួច ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។

  • បាក់​ទឹក​ចិត្ត

បើអូនៗ​​ចេះ​តែ​ពិបាក​ចិត្ត​ ហើយ​​អារម្មណ៍បែបនេះ​មិន​បាត់​ទៅ​វិញ​ទេ ​​ប្រហែល​ជាអូនៗ​​ប្រឈម​នឹង​ជំងឺ​បាក់ទឹក​ចិត្ត​ហើយ។ ការ​​មាន​ជំងឺបាក់​ទឹក​ចិត្ត ពេល​​មាន​ជំងឺ​ទឹក​នោម​ផ្អែម គឺ​មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ពេក​ទេ​ អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម​គឺ​អាច​វិវត្ត​ទៅ​ជា​មាន​បញ្ហាបាក់​ទឹក​ចិត្ត​ដល់​ទៅ​ពីរ​ដងខ្ពស់​​ជាង​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ។

ការ​ដែល​មាន​អារម្មណ៍បាក់ទឹក​ចិត្ត គឺ​នៅ​ពេល​​ខ្លះអូនៗ​​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម និង​មិន​មាន​អារម្មណ៍​វិជ្ជមាន​ទាល់​តែ​សោះ​ពី​ជីវិត​របស់​ខ្លួន​ឯង។ អូនៗ​​អាច​នឹង​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ឯកោ កាន់​តែ​ច្រើន និង​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ​កាន់​តែ​ច្រើន។ អ្វី​ដែល​យើង​ត្រូវ​ដឹង​នោះ គឺ​ថាអូនៗ​​​​មិន​មែន​ឯកា​ទេ ទោះ​ជា​មាន​អារម្មណ៍​ដូច​នោះ​ម្ដង​ម្កាល​ក៏​ដោយ។ ដូច​នេះ​ហើយ ជា​ការ​សំខាន់ ដែល​យើង​ត្រូវ​ដឹង​ពី​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត និង​ចែក​រំលែក​បញ្ហា​នេះ ទៅ​គ្រួសារ​ និងគ្រូពេទ្យ​របស់​អូនៗ​។​

  • បញ្ហា​ពិបាក​ចិត្ត​នឹង​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ១

ពេល​ខ្លះ​អូនៗ​អាច​នឹង​មាន​អារម្មណ៍​ខក​ចិត្ត ស្ដាយ​ក្រោយ សោក​សៅ ឬ​ព្រួយ​បារម្ភ។ ក្រៅពីនេះអូនៗ​​ ​ក៏​អាច​នឹង​មាន​បញ្ហា​ថប់​អារម្មណ៍ ពី​ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ឬ​ក៏​មាន​ផល​វិបាក​ផ្សេង​ទៀត​ដោយ​សារ​ជំងឺ​នេះ​ដែរ​។ ប្រសិន​បើ​អារម្មណ៍​ទាំង​នេះ​មិន​បាត់​ទៅ​វិញ​ទេ ឬ​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់អូនៗ​​​មាន​បញ្ហា នោះ​វា​ជា​ការ​សំខាន់​ដែល​យើង​​ត្រូវ​និយាយ​ប្រាប់​​នរណា​ម្នាក់​ ហើយ​វា​ក៏​មិន​ចម្លែក​អី​ដែរ បើ​សិន​ជា​អូនៗ​មាន​អារម្មណ៍​បែប​នេះ​នៅ​ពេល​ខ្លះ តែ​កុំ​ភ្លេង​យើង​មិន​មែន​រស់​នៅ​តែ​ម្នាក់​ឯង​នោះទេ ត្រូវ​ស្វែង​រកជំនួយ​។​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T