តិចនិក៧យ៉ាង អ្នកជំងឺទឹកនោមផ្អែមគួរធ្វើ ដើម្បីសុខភាព!

//s9.kh1.co/57/57fbb58070b65473dcb0f8fecd5191d6eb641b2e.jpg
យល់ដឹង

 ២២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទឹក​នោម​ផ្អែម​ជា​ជំងឺ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ ហើយ​អ្នក​ជំងឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​ការ​ថែ​ទាំង​ដែល​គ្រូពេទ្យ​បាន​ណែ​នាំ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។

ទឹក​នោម​ផ្អែម​ជា​ជំងឺ​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ថែទាំ​ឲ្យ​បាន​ដិត​ដល់​ ហើយ​អ្នក​ជំងឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​ការ​ថែ​ទាំង​ដែល​គ្រូពេទ្យ​បាន​ណែ​នាំ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​ ការ​ថែ​ទាំ និង​គ្រប់​គ្រង​​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ល្អ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចៀស​វាង​បាន​ច្រើន​ពី​ផល​វិបាក​ធ្ងន់​ធ្ងរ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុជីវិត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​អនុវត្ត៖​

​១. តាំង​ចិត្ត​ខ្ពស់​គ្រប់​គ្រង​ជំងឺ​ទឹកនោម​ផ្អែម​

​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម កុំ​គិ​ត​ថា​ខ្លួន​ឯកោ ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​អាច​ចាំ​ជួយ​លើក​ទឹក​ចិត្ត និង​គាំទ្រ​យើង​ដែរ ដូច​ជា​សាច់ញាតិ សហគមន៍ ពិសេស​គឺ​គ្រូពេទ្យ​ជំនាញ​តែ​ម្ដង​។ យើង​​ក៏​អាច​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ចំណេះ​ដឹង​មូលដ្ឋាន​ទាក់​ទង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ដើម្បី​យើង​អាច​គ្រប់​គ្រង​ជំងឺ​នេះ បាន​កាន់​តែ​​ល្អ​។

​ការ​ញ៉ាំ​អាហារ​សុខភាព មាន​តុល្យ​ភាព ហាត់​ប្រាណ​ជា​ប្រចាំ និង​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ តាម​ការ​ណែ​នាំ​ សុទ្ធ​តែ​ជា​រឿង​សំខាន់ និង​មាន​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​។ ដូច​គ្នា​ដែរ ការ​តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ គឺ​ជា​រឿង​ចាំបាច់​ និង​កុំ​ភ្លេច​ប្រើ​ប្រាស់​ថ្នាំ​ ដែល​គ្រូពេទ្យ​ផ្ដល់​ឲ្យ​ ឲ្យ​បាន​ត្រឹម​ត្រូវ​។​

២. កុំ​ជក់​បារី​

គ្នា​​យើង​ដែល​មិន​ជក់​បារី​ គឺ​ជា​រឿង​ល្អ​សម្រាប់​សុខ​ភាព ប៉ុន្តែ​បើ​យើង​មាន​ទម្លាប់​ជក់​បារី ហើយ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ គួរ​តែ​បញ្ឈប់​ការ​ជក់​បារី​។ ការ​ជក់​បារី ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ប្រ​ឈម​កាន់តែ​ខ្ពស់​ នូវ​ផល​វិបាក​ផ្សេងៗ​។ ការ​ជក់​បារី​អាច​នាំ​ឲ្យ​៖​

  • កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ជើង និង​ប្រអប់ជើង ដែល​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​រោគ ដំបៅ និង​អាច​នាំ​ឲ្យ​មាន​ការ​កាត់​ជើង​ក៏​មាន​។​
  • ជំងឺ​បេះដូង និង​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល
  • ជំងឺ​ភ្នែក អាច​នាំឲ្យ​ពិការ​ភ្នែក​
  • ខូច​ប្រព័ន្ធ​ប្រសាទ និង​តម្រង​នោម
  • អាច​ឆាប់​ស្លាប់​

សូម​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ ដើម្បី​បាន​ដំណោះស្រាយ ឬ​វិធី​ផ្ដាច់​បារី ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

៣. គ្រប់​គ្រង​សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល​ឲ្យ​បាន​ល្អ

អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​។ ដូច​គ្នា​ដែរ ការ​ឡើង​កូលេស្តេរ៉ូល​ខ្ពស់ ក៏​ជា​កង្វល់​មួយ​ដែរ អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​ ហើយ​បើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម ការ​ខូច​ខាត​នេះ​នឹង​កាន់តែ​អាក្រក់ និង​លឿន​ថែម​ទៀត​។​

ពេល​ដែល​បញ្ហា​សុខ​ភាព​ទាំង​ពីរ​នេះ​កើត​ឡើង​ជាមួយ​គ្នា អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជួប​បញ្ហា​គាំង​បេះ​ដូង បញ្ហា​សរសៃឈាម​ខួរ​ក្បាល និង​បញ្ហា​ដែល​គំរាម​កំហែង​ដល់​អាយុជីវិត​ផ្សេង​ទៀត​។

ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព កាត់​បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់ ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ អាច​ជួយ​ឲ្យ​យើង​គ្រប់​គ្រង​សម្ពាធ​ឈាម និង​កូលេស្តេរ៉ូល​បាន​។ ក្នុង​ករណី​ខ្លះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ​ពេទ្យ​ខ្លះ​ដែរ បើ​ចាំ​បាច់។

៤. ពិនិត្យ​រាង​កាយ និង​ភ្នែក​ឲ្យ​បាន​ទៀងទាត់

បន្ថែម​លើ​ការ​ពិនិត្យ​តាម​ដាន​ស្ថាន​ភាព​ជំងឺ​ទឹក​នោម​ផ្អែម​ពី​ពីរ​ទៅ​បួន​ដង​ក្នុង​មួយ​ឆ្នាំ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ក៏​គួរ​ពិនិត្យ​សុខ​ភាព​រាង​កាយ និង​ភ្នែក​រាល់​ឆ្នាំ​ផង​ដែរ​។

ការ​ពិនិត្យ​សុខភាព​រាង​កាយ គ្រូពេទ្យ​នឹង​សួរ​នាំ​ពី​អាហារ​ដែល​យើង​ញ៉ាំ កម្រិត​សកម្មភាព​រាង​កាយ​ដែល​យើង​បាន​ធ្វើ និង​រក​មើល​ពី​ផល​វិបាក​អាច​កើត​មាន​ដូច​ជា​សញ្ញា​ខូច​តម្រង​នោម ខូច​ប្រព័ន្ធ​ប្រសាទ និង​ជំងឺ​បេះដូង​ជា​ដើម​។

សម្រាប់​គ្រូពេទ្យ​ភ្នែក​វិញ អាច​នឹង​ពិនិត្យ​រកមើល​សញ្ញា​ខូច​ខាត​ស្រទាប់​រ៉េទីន​ ភ្នែក​ឡើង​បាយ និង​ទឹក​ដក់​ក្នុង​បាត​ភ្នែក​ជា​ដើម​។​​

៥. ថែទាំ​សុខ​ភាព​ធ្មេញ​

អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​អាច​ប្រឈម​នឹង​បញ្ហា​ឆ្លង​រោគ​នៅ​អញ្ចាញ​ធ្មេញ​។ អ្នក​ជំងឺ​ត្រូវ​ដុស​ធ្មេញ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​ថ្ងៃជា​មួយ​ថ្នាំ​ដុស​ធ្មេញ​មាន​ជាតិ fluoride ប្រើ​អំបោះ​ទាក់​កាក​សំណល់​អាហារ​ចេញពី​ធ្មេញ​​​រាល់​ថ្ងៃ​ និង​ជួប​ពេទ្យ​ធ្មេញ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ។ បើ​យើង​សង្កេត​ឃើញ​ថា​មាន​ឈាម​អញ្ចាញ​ធ្មេញ ឬ​អញ្ចាញ​ធ្មេញ​ឡើង​ក្រហម ឬ​ហើម សូម​ទៅ​ជួប​គ្រូពេទ្យ​ធ្មេញ​។

៦. ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផឹក​គ្រឿង​ស្រវឹង​

គ្រឿង​ស្រ​វឹង​អាច​ធ្វើ​ឲ្យ​យើង​ឡើង ឬ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម អាស្រ័យ​លើ​បរិមាណ​ដែល​យើង​បាន​ផឹក និង​ថា​យើង​​បាន​ញ៉ាំ​អាហារ​ខ្លះៗ​ពេល​ផឹក​គ្រឿង​ស្រវឹង​ដែរ​ឬ​អត់។ បើ​យើង​សម្រេច​ចិត្ត​ថា​ផឹក​គ្រឿង​ស្រវឹង ត្រូវ​ផឹក​ក្នុង​កម្រិត​តិច​តួច មាន​ន័យ​ថា​មិន​ត្រូវ​លើស​ពី​មួយ​កែវ ឬ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​​សម្រាប់​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​មាន​វ័យ​ចាស់​ជាង​៦៥​ឆ្នាំ ហើយ​យ៉ា​ង​ច្រើន​បាន​ពី​កែវ ឬ​ពីរ​កំប៉ុង ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ប្រុស​មាន​អាយុ​៦៥​ឆ្នាំ ឬ​តិច​ជាង​នេះ​។

ត្រូវ​ចាំ​ថា​ការ​ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​នៅ​ពេល​បន្ទាប់ ពិសេស​សម្រាប់​អ្នក​ចាក់​អាំងស៊ុយលីន​។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ពី​កម្រិត​គ្រឿង​ស្រវឹង​ដែល​យើង​អាច​ផឹក​បាន​។​​

៧. គ្រប់​គ្រង​ស្ត្រេស​

បើ​សិន​ជា​យើង​កើត​ស្រ្តេស វា​អាច​នាំ​ឲ្យ​យើង​ធ្វេស​ប្រហែល​លើ​ការ​គ្រប់​គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​ថ្ងៃ​។ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ត្រូវ​រៀន​គ្រប់​គ្រង​ស្ត្រេស​ និង​រក​ពេល​សម្រាក​ឲ្យ​បាន​ត្រឹម​ត្រូវ គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ​ដើម្បី​សុខ​ភាព​។

ក្រៅពី​អ្វី​រៀប​រាប់​ខាង​លើ​ យើង​ត្រូវ​គិត​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង​ជា​និច្ច ជំងឺ​ទឹក​នោម​ផ្អែម​យើង​អាច​គ្រប់​គ្រង​បាន ហើយ​ជំងឺ​ទឹក​នោម​ផ្អែម​មិន​អាច​បញ្ឈប់​យើង​ពី​ការ​ចូល​រួម​ក្នុង​សកម្មភាព​សង្គម ឬ​ការ​ងារ និង​មាន​សុខភាព​ល្អ បាន​នោះ​ទេ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T