ខេត្ត​កណ្តាល​ ៖ បុរសម្នាក់ដែលជាប់​ចោទ​ពីបទ​​ប៉ុនប៉ង​​រំលោភ​​សេពសន្ថវៈលើ​ស្ត្រី​ម្នាក់​ ហើយ​​បាន​រត់​គេចខ្លួនចេញ​​ពីភូមិ​កាលពី​​មួយឆ្នាំ​​មុន ពេល​ត្រឡប់​​មក​វិញ​ត្រូវ​​​​ប៉ូលិស​​ស្រុក​កណ្តាល​​ស្ទឹង ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៨ មេសា ហើយ​​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​​ចាត់​ការ​តាម​​​នីតិវិធី​​ ។​

មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹងថា បុរស​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​តឹក ចិត្រា អាយុ​២១ឆ្នាំ មាន​ទីលំ​នៅ​ភូមិអន្លង់​រមៀត​ ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាល​​ស្ទឹង ជាកសិករ ។ ការចាប់​ឃាត់​ខ្លួន​ជនត្រូវ​ចោទ​រូបនេះ​ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ របស់តុលាការ​ខេត្ត​កណ្តាលចេញ​ដោយ​លោក​​ចៅក្រម​​ផួង វណ្ណា ចុះ​ថ្ងៃទី៥ខែ​តុលា ឆ្នាំ២០១១​ចោទ​ប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ​​​សេព​សន្ថវៈ​ ​លើ​ស្ត្រី​ម្នាក់​​អាយុ​​២៦​ឆ្នាំ​ កាលពី​យប់​ថ្ងៃទី​៧ ឧសភា ឆ្នាំ​​២០១១ នៅលើ​ផ្ទះ​​​របស់​​ស្ត្រីរង​គ្រោះ​​​​​ស្ថិត​នៅក្នុង​ភូមិ​ជាមួយ​គ្នា​ ខណៈពេល​ប្តីរបស់​ស្ត្រី​​រង​គ្រោះ​​​មិន​នៅ​ផ្ទះ ។​

​មន្ត្រីប៉ូលិស​បាន​ឱ្យដឹងទៀតថា កាលពី​​យប់​​ថ្ងៃទី​៧ ឧសភា ឆ្នាំ២០១១ ឈ្មោះ​តឹក ចិត្រា បាន​លប​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​​ ខណៈ​ប្តីរបស់​នាង​​មិននៅ​ផ្ទះហើយ​បាន​ធ្វើ​សកម្មភាព​​​ចាប់ស្ត្រី​រងគ្រោះ​ ប៉ុនប៉ង​រំលោភ​​នៅពេល​នាង​កំពុង​​​ដេក​លក់​​ ។ ទោះ​​បីបែប​ណា​ ការ​ប៉ុនប៉ង​​​នេះ​មិន​បាន​​សម្រេច​​ទេ ដោយសារ​ពេល​នោះ​ស្ត្រីរង គ្រោះ​បាន​រើបម្រះ​​ និង​ប្រវាយ​ប្រតប់​​​​ហើយ​ស្រែក​​ឆោឡោ​ឡើង​​ឱ្យ​អ្នកជិតខាង​ជួយធ្វើ​ឱ្យ​​​ ឈ្មោះ​តឹក ចិត្រា ភ័យស្លន់​​ស្លោ​​រត់​ចោល​ខោអាវ​​ដែល​ខ្លួន​បាន​ដោះ​ចោល​នៅលើ​ផ្ទះ​ស្ត្រី​ រងគ្រោះ​​  ហើយ​​ស្ត្រី​រងគ្រោះ​​​​បាន​​​ប្តឹង​ឈ្មោះ​​​តឹក ចិត្រា ពីបទ​​ប៉ុនប៉ង​រំលោភ ។

ចំណែក​ឈ្មោះ​តឹក ចិត្រា ក្រោយពី​​បង្ក​​ហេតុ​​រួច​បាន​ព្យាយាម​​រត់​គេចខ្លួន​ទៅធ្វើ​កម្មករ​នៅ​​ រាជធានីភ្នំពេញ​ ។ ​រហូត​មក​ដល់​​ថ្ងៃទី​​៨ មេសា ជន​ត្រូវ​​ចោទ​បាន​មក​លេង​ផ្ទះរបស់​ខ្លួន​វិញ​​​ក៏ត្រូវ​ប៉ូលិស​​​ដែល​មាន​ ដីកា​​បង្គាប់​ឱ្យចាប់ខ្លួន​ស្រាប់​ក៏​បាន​ចាប់​ខ្លួន​​បញ្ជូនទៅ​​កាន់​​ សាលា​ដំបូង​​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៩ មេសា ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]