ភ្នំពេញ ៖ ក្រុមជនប្រដាប់អាវុធ ប្លន់សម្លាប់ ផ្អើលពេញរាជធានីភ្នំពេញ ៩នាក់ ដែលជិះម៉ូតូស្កុបពី ធ្វើសកម្មភាពប្លន់ម៉ូតូស្កុបពី ឡើងគគ្រើកមួយសំបុក ត្រូវបានសមត្ថកិច្ច បង្ហាញមុខជាសាធារណៈ នៅក្នុងសន្និសីទ កាសែត នៅអធិការនគរបាល ខណ្ឌចំការមន កាលពីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២។

ក្រុមចោរមួយសំបុក ដែលចាប់ខ្លួនបាននេះ មានគ្នា ៧នាក់ ក្នុងនោះ មានយុវតីម្នាក់ផងដែរ ជាប់ពាក់ព័ន្ធក្នុងការទិញ ម៉ូតូពីពួកចោរ ហើយ ការស្រាវជ្រាវរហូតដល់ឈានក្របួចបានទាំង សំបុកនេះ គឺដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុច សុខុន អធិការនគរបាលខណ្ឌ ចំការមន ។ លោកអធិការខណ្ឌ បានឱ្យដឹងថា ក្រុមចោរមួយ សំបុកនេះ ត្រូវបានប្រមូលឃាត់ខ្លួនតាំងពីថ្ងៃទី៩ ខែមករា មកម្ល៉េះ។

លោកអធិការនគរបាលខណ្ឌ បានឱ្យដឹងថា ជនដៃដល់ដែលបាញ់សម្លាប់ប្លន់យកម៉ូតូមិនបាន សម្រេច កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១២ វេលាម៉ោង៣ និង១៥នាទី ស្ថិតនៅចំណុចមុខ ផ្ទះលេខ១៦ ផ្លូវ២៩១ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក។ ក្នុងនោះជនល្មើសមានគ្នា៣នាក់ ១-ឈ្មោះ ហេង អូរ៉ាស៊ី ហៅហ្សី ភេទប្រុស អាយុ ១៩ឆ្នាំ ជាជនដៃដល់បាញ់ សម្លាប់ជនរងគ្រោះ, ២-ឈ្មោះ នី ពិសិដ្ឋ ភេទ ប្រុស អាយុ១៩ឆ្នាំ, ៣-ឈ្មោះ អាស្មី ភេទប្រុស អាយុប្រហែល២១ឆ្នាំ ជាអ្នកបើកម៉ូតូ (រត់គេច ខ្លួនបាត់)។ ពួកគេទាំង ៣នាក់ធ្វើ បានធ្វើសកម្មភាពប្លន់យកម៉ូតូមិន បានសម្រេច ដោយជនរង គ្រោះត្រូវពួកជនដៃ ដល់ ប្រើបាស់កាំភ្លើង ម៉ាក កា៥៤ បាញ់ទៅលើ ជនរងគ្រោះ ឈ្មោះ សួន ឡងឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាអ្នក ចាក់ឌីស នៅ ខារាអូខេ ឡងប៊ិចផ្លាហ្សា ដោយជនដៃដល់បាញ់ ចំនួន ៣គ្រាប់ ត្រូវចំនួន២គ្រាប់។

លោក អ៊ុច សុខុន បានឱ្យដឹងថា ជនសង្ស័យ ទាំង៣នាក់នេះ ធ្លាប់ធ្វើសកម្មភាពប្លន់បាញ់ សម្លាប់ចំនួន៤លើកមកហើយ។ ជាក់ស្ដែងកាល ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ វេលាម៉ោង១៣ និង ៣០នាទី ពួកជនសង្ស័យទាំង៣នាក់នេះ បានធ្វើ សកម្មភាពប្លន់យកម៉ូតូមួយគ្រឿង ម៉ាកស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AY-9377 របស់ជនរងគ្រោះ ឈ្មោះ តាំង ស៊ីផេង ភេទប្រុស អាយុ ២៩ឆ្នាំ ដោយមានឈ្មោះ អាប្រុស អាយុ ២៦ឆ្នាំ ជាអ្នកភ្ជង់ ជនរងគ្រោះ ប្រើប្រាស់កាំភ្លើង កា៥៤។ ឥឡូវជនដៃដល់ម្នាក់ នេះ បានរត់គេចខ្លួនបាត់។

ដោយឡែកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០១២ វេលាម៉ោង២ និង៣០នាទី រំលង អាធ្រាត្រ ពួកជនដៃដល់ទាំង៣នាក់នេះ បានធ្វើ សកម្មភាពបាញ់ប្លន់ ទៅលើជនរងគ្រោះឈ្មោះ នៅ សុគន្ធា ភេទ ស្រី អាយុ ២៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ១៩៨ ផ្លូវ ព្រះមុនីវង្ស សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ជាបុគ្គលិកក្រុមហ៊ុន និងមិត្ដប្រុស បានជិះម៉ូតូ ម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AT-5454 នៅចំណុច ដីឡូត៍គ្មានលេខ ផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់។

សូមបញ្ជាក់ថា ក្រុមជនដៃដល់ទាំង៣នាក់ នេះធ្វើសកម្មភាពប្លន់ ដោយជិះម៉ូតូម៉ាកស្កូពី ពណ៌ សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AL-8141 ដោយឈ្មោះ ស៊ី ចុះទៅភ្ជង់ប្លន់យកម៉ូតូ ទៅលក់ឱ្យឈ្មោះ ហៃ ចំនួន១០០០ ដុល្លារ ប៉ុន្ដែមិនទាន់បានទទួលលុយផងក៏ត្រូវសមត្ថកិច្ច ក្របួចបាន។

ចំណែកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២ ម៉ោង ៣និង៣០នាទី រំលងអាធ្រាត្រ ជនដៃដល់ទាំង ៣នាក់នេះ បានធ្វើសកម្មភាពប្លន់ម៉ូតូស្កូពី ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AY-7603 របស់ជនរងគ្រោះ ស្រូយ គាង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១១១ ផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅចំណុចមុខ ផ្ទះលេខ១ ផ្លូវ៩៥ សង្កាត់បឹងកេងកង២ ។

ជនសង្ស័យទាំង៩នាក់នេះ មានឈ្មោះ ១-នី ពិសិដ្ឋ, ២-ហេង អូរ៉ាស៊ី, ៣-តាំង ឈុនហេង, ៤-លឹម វិទូ, ៥-គង់ ឥស្សរោ ទាំង៥នាក់នេះ ជា ជនដៃដល់ ស្នាក់នៅបន្ទប់ជួលលេខ១០៤ ផ្ទះ លេខ៤៨២ ក្រុម៧ ផ្លូវ៤៥បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាកន្លែង លាក់ខ្លួនដ៏សុខសាន្ដនាពេលកន្លងមក។

ចំណែកអ្នកទទួលផលចោរកម្ម មានឈ្មោះ ១-សៀង ហៃ ភេទប្រុស អាយុ១៨ ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ និង២-ឈ្មោះ ណុប សុជា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ។

ចំណែកជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ វេលាម៉ោង១៣ និង៤៥នាទី នៅចំណុចផ្លូវ លេខ៥១ កែង៣២២ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន មានឈ្មោះ នូ សុខម៉េង ហៅរស្មី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២២ ផ្លូវ២១១ ក្រុមទី១២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឈ្មោះ អ៊ុក ឧត្ដម ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះ លេខ១អឺ២ ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ ៧មករា ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]