បើចង់រស់បានយូរ កុំទម្លាប់​មើល​ទូរស័ព្ទពេលភ្ញាក់ពី​គេងភ្លាម! នេះជា​ទម្លាប់​ខ្លះៗ ដើម្បី​​ឲ្យអារម្មណ៍​​ស្រស់​​ថ្លា

//s9.kh1.co/92/92683ecdd9221cb8ebe11d935ae314e891d6aeb7.jpg
យល់ដឹង

 ១៩-មីនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ការប្រើអុិនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗ​ ក្រោយពេលភ្ញាក់ពីគេងធ្វើឲ្យអ្នកចាប់ផ្តើម​មាន​ប្រតិកម្ម​ចំពោះអ្វីៗដែលនឹងកើតមាន

ឲ្យតែថ្ងៃណាក្រោកពីគេងយឺត មិនញ៉ាំអាហារពេលព្រឹកប្រញាប់ប្រញាល់រៀបចំខ្លួនចេញពីផ្ទះ ដឹងតែមានអារម្មណ៍ថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃរបស់ខ្លួនឯង ហើយក៏មិនមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការងាររបស់ខ្លួនទាល់តែសោះ។ តាមការពិតទៅពេលដែលយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អ រយៈពេលក៏ដូចជាម៉ោងដែលនៅសេសសល់ក្នុង​ថ្ងៃនោះ ក៏នឹងអាចប្រព្រឹត្តបានរលូនដោយសារតែសុខភាពផ្លូវចិត្តរបស់យើងមានលក្ខណៈស្រស់ថ្លា និងរឹងមាំ ហើយក៏​បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញសកម្មភាពផ្សេងៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយហេតុថាអ្វីដែលយើងធ្វើ ឬជួបប្រទះនៅពេលព្រឹក ពិតជាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិត​របស់​យើង​ពេញមួយថ្ងៃ ទើបយើងគួរតែរៀនបង្កើតនូវទម្លាប់ពេលព្រឹកងាយៗខាងក្រោមនេះជាមួយគ្នា។

- នៅឲ្យឆ្ងាយពីបច្ចេកវិទ្យា
ការប្រើអុិនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗ​ ក្រោយពេលភ្ញាក់ពីគេងធ្វើឲ្យអ្នកចាប់ផ្តើម​មាន​ប្រតិកម្មចំពោះអ្វីៗដែលនឹងកើតមាន ជាជាងគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អ ហើយក៏បារម្ភ និងមានទុក្ខព្រួយក្នុង​ចិត្តច្រើនជាងស្ងប់សុខនៅក្នុងចិត្ត។ អ្នកគួរតែឃ្លាតឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ម៉ោងក្រោយពីដំណេក ដើម្បី​អាចតាំងអារម្មណ៍បានល្អ។

- ផ្តល់ជាតិទឹកដល់សារពាង្គកាយ
អាចញ៉ាំទឹកមួយកែវពេលព្រឹក ឬ ទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ដែលនឹងជួយសម្អាតសារធាតុពុល ផ្តល់នូវ​វីតាមីន C ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាជួយឲ្យស្រកទម្ងន់ ព្រមទាំងជំរុញដល់ដំណើរការដុត និងរំលាយអាហារផងដែរ។

នឹកគិតបែបសុទិដ្ឋិនិយម និងការដឹងគុណ

ចំណាយពេលប្រមាណ ១នាទី ញញឹម ហើយនឹកគិត​ដល់អ្វី ឬនរណាម្នាក់​ដែល​អ្នកដឹងគុណ និងមានអំណរចំពោះ​វត្តមានរបស់វា ឬគេ ព្រោះថាការញញឹមនឹងនាំឲ្យមានការផលិតចេញនូវអ័រម៉ូន​ដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ស្រប​ពេល​ដែលការរំលឹកដឹងអាចនឹងកាត់បន្ថយស្ត្រេស និងនាំឲ្យមានអារម្មណ៍ល្អ។

- រៀបចំគ្រែ ឬកន្លែងគេង
វានឹងផ្តល់នូវអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការមួយ ហើយអារម្មណ៍មោទនភាពក្នុងការសម្រេចការងារបែបនេះ នឹងជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់។

ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណងាយៗ យោគៈ ឬសកម្មភាពណាក៏ដោយ ឲ្យតែធ្វើឲ្យអ្នកមានថាមពលនិងឫកពារហ័សរហួន គួរតែ​ត្រូវ​បានធ្វើក្នុងរយៈពេលសមល្មម (១០-២០នាទី) ហើយអាចធ្វើការឆ្លាស់នូវប្រភេទ ក៏ដូចជាសកម្មភាពទាំងនោះ​ក៏បានដែរ។

- រៀបចំខ្លួនឲ្យបានស្អាតបាត
សកម្មភាពតូចៗតែសំខាន់ ចំពោះអនាម័យសម្ផស្ស និងសុខភាពរបស់អ្នក ពិតជាមិនអាចរំលងបានឡើយ ព្រោះការ​រៀបចំ​ខ្លួនបានល្អប្រៀបនឹងការកសាងនូវទំនុកចិត្តដល់ខ្លួនឯងហើយជាលទ្ធផល អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃ​ថ្មីរបស់​អ្នក។

- ញ៉ាំអាហារពេលព្រឹក ដែលល្អចំពោះសុខភាព
អាហារពេលព្រឹក ជាអាហារដែលសំខាន់ជាងគេ ដូចនេះហើយ វាគួរតែមានសារធាតុចិញ្ចឹមទាំងនេះ (ប្រូតេអុីន ខ្លាញ់ល្អ គ្រាប់ធញ្ញជាតិ…) ដើម្បីឲ្យរាងកាយមានថាមពលព្រមទាំងផ្លូវចិត្តរឹងមាំល្អក្នុងការផ្ចង់អារម្មណ៍ និងបំពេញ​ការងារ។

- មានគម្រោងកិច្ចការដែលត្រូវបំពេញ
ចំណាយពេលប៉ុន្មាននាទី រៀបចំនូវគម្រោងកិច្ចការដែលត្រូវបំពេញក្នុងមួយថ្ងៃហើយរៀបចំដាក់អាទិភាព​លើកិច្ចការ​ទាំងនោះ។ ទម្លាប់នេះនឹងបង្ការការគិត ឬរកនឹកសារឡើងវិញនូវអ្វីដែលត្រូវធ្វើ ហើយក៏ផ្តល់នូវអារម្មណ៍ដែលមាន​គោលដៅ​ប្រចាំថ្ងៃដល់អ្នកផងដែរ។ 

- ធ្វើសមាធិ
សកម្មភាពនេះនឹងជួយត្រៀម ក៏ដូចជាហ្វឹកហាត់ចិត្ត និងអារម្មណ៍ ដែលនឹងមានឥទ្ធិពលលើប្រតិកម្មរបស់​អ្នកចំពោះ​រឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតមានឡើង។ ការសមាធិអាចជាការអង្គុយចុះនៅកន្លែងដែលស្ងប់ស្ងាត់ បិទភ្នែក ហើយ​ផ្តោត​លើដង្ហើមចេញ និងចូល ប្រមាណ ៥នាទី ហើយគិតស្រមៃដល់រូបភាពដែលអ្នកនឹងត្រូវធ្វើក្នុងថ្ងៃនេះ រួចបើក​ភ្នែក​​សន្ធឹង​ដៃ​ឡើងលើ ហើយងើបឡើង៕

SRIN SAVANT
Sa Vant (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T