មិនសូវមានពេល​ហាត់ប្រាណ តែចង់បញ្ចេញញើសកុំរំលងវិធី​នេះ!

//s9.kh1.co/e2/e2864b4767391e9d9dd5bf5c3b2ed02c3f592bde.jpg
យល់ដឹង

 ១៧-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គ្នា​យើង​មួយ​ចំនួន​ទំនងជា​មាន​ការ​រវល់​ច្រើន​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ហាត់​ប្រាណ ឬ​​ទៅ​ក្លឹប​ហាត់​ប្រាណ តែ​កុំ​បារម្ភ​អី។

គ្នា​យើង​មួយ​ចំនួន​ទំនងជា​មាន​ការ​រវល់​ច្រើន​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ហាត់​ប្រាណ ឬ​​ទៅ​ក្លឹប​ហាត់​ប្រាណ តែ​កុំ​បារម្ភ​អី ក្រៅពី​ការ​បញ្ចេញ​កម្លាំង​កាយ​នៅ​ក្លឹបហាត់​ប្រាណ នៅ​មាន​វិធី​មួយ​ចំនួន​ទៀត​អាច​ជួយ​គ្នា​យើង​បញ្ចេញ​​ញើស​បាន​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ការ​បញ្ជេញ​ញើស​ពិត​ជា​មាន​សារៈសំខាន់​ដល់​សុខភាព​រាង​កាយ និង​ផ្លូវ​ចិត្ត​របស់​យើង​ណាស់​។ តាម​ការ​ណែ​នាំ​ការ​បញ្ចេញ​កម្លាំង​កាយ​បែប​ស្រាលៗ​ដូច​ជា​ដើរ រត់ រាំ ឬជិះ​កង់ ជា​ដើម យើង​គួរ​ធ្វើ​ឲ្យ​បាន​យ៉ាង​តិច១៥០​នាទី​ក្នុង​មួយ​អាទិត្យ ឬ​បើ​សម្មភាព​បញ្ចេញ​កម្លាំងខ្លាំង​គឺ​យ៉ាងតិច​ត្រូវ​ធ្វើ​ឲ្យ​បាន​៧៥​នាទី​ក្នុង​មួយ​អាទិត្យ​។

ចុះ​បើយើង​មិន​មាន​ពេល​រត់ ឬ​ជិះ​កង់ទេ តើ​យើង​អាច​ធ្វើ​អ្វី​ជំនួស​បាន?

១. ធ្វើ​កិច្ចការ​ផ្ទះ

កិច្ចការ​ផ្ទះខ្លះ​ដូចជា​ជូត​សម្អាត​ផ្ទះ លាង​រថយន្ត ឬ​ម៉ូតូ ក៏​ជា​សកម្មភាព​មួយ​ជួយ​ឲ្យ​គ្នា​យើង​បាន​បញ្ចេញ​ញើស​ផង​ដែរ​។ ក្រៅ​ពី​នេះ សកម្មភាព​ដូចជា​លាង​រថយន្ត ឬ​សម្អាត​ផ្ទះ​ក៏​ជួយ​ជំរុញ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​ល្អ​ផង​ដែរ​។​​​

២. ធ្វើ​សួន​

កាន់តែ​ពិ​សេស​ទៅ​ទៀត​បើ​គ្នា​យើង​មាន​ផ្ទះ និង​មាន​ដី​សល់​ខ្លះៗ​ផង កុំ​ទុក​ចោល​អី ចូររៀប​ចំ​ធ្វើ​ជា​សួន​ដាំ​បន្លែ ឬ​ផ្កា​តាម​ចំណូល​ចិត្ត​របស់​យើង​។ ការ​ងារ​ទាំង​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​បាន​ផល​ពី​សួន​បន្លែ​នោះ​ទេ តែ​ក៏​បាន​ជួយ​ឲ្យ​គ្នា​យើង​បញ្ចេញ​កម្លាំង​ពល​កម្ម បញ្ចេញ​ញើស​តាម​រយៈ​ការ​ជីក ការ​កាប់​គាស់ ឬ​លើក​​ដាក់​ថូ ចុះ​ឡើង​ជា​ដើម។ ការ​ធ្វើ​សកម្ម​ភាព​បែប​នេះ​បាន​ត្រឹម​៣០​នាទី​ក្នុង​ពេល​មួយ​ដង នឹង​ជួយ​ដល់​សុខ​ភាព​រាង​កាយ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ទៀត​ផង​។​

៣. រួម​ភេទ

ការ​សិក្សា​​បាន​បង្ហាញ​ថា​ពេល​យើង​រួម​ភេទ អាច​ដុត​កាឡូរី​​បាន​៥កាឡូរី​ក្នុង​រយៈពេល​១នាទី។ សកម្មភាព​នៃ​ការ​រួម​ភេទ ក៏​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​បេះ​ដូង​ផង​ដែរ បើ​យើង​ និង​ដៃ​គូ​ស្ថិត​ក្នុង​ទំនាក់ទំនង​ស្នេហា​ល្អូក​ល្អិន។​​

៤. រាំ​លេង

ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ការ​ស្ដាប់​តន្រ្តី​ជួយ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​ល្អ ហើយ​បើ​យើង​មាន​បទភ្លេង​ដែល​យើង​ពេញ​ចិត្ត និង​អាច​រាំ​លេង​ជា​មួយ​សមាជិក​គ្រួសារ​ទៀត​នោះ​កាន់​តែ​ប្រសើរ​ថែម​ទៀត​។ ការ​បើក​តន្រ្តីតិចៗ​​ល្មម​តែ​ឮ​សំឡេង​ក្នុង​ផ្ទះ​យើង និង​រាំ​លេង ក៏​ជា​សកម្មភាព​មួយ​ជួយ​ឲ្យ​យើង​បញ្ចេញ​ញើស​បាន​ដែរ។ ការ​រាំ​ ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​​ថា​មាន​ប្រ​យោជន៍​ជួយ​ពង្រឹង​សុខ​ភាព​​បេះ​ដូង សាច់ដុំ និង​សួត​របស់​យើង​ ហើយ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីក​រាយ​ដូច​គ្នា​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T