រាជធានីភ្នំពេញ ៖  កញ្ញាកែវ ផល្លីកា ដែលក្ដាប់តំណែងជា ពិធីការិនីដល់ទៅ៥ក្នុងដៃ នាពេលតែមួយប្រចាំ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ត្រូវឪពុកហាមដាច់ខាតមិន ឱ្យថតភាពយន្ដណា ដែលមានឈុតឱបរឹតស្និទ្ធស្នាលឡើយ ។ ម៉្លោះហើយ ទើបមហាជនលើកឡើងថា ខណៈដែលផល្លីកា ឡើងកូដក្នុងតំណែងជាពិធីការិនី ប្រហែលជាមិនអាចងាកមកធ្វើជាតារា សម្ដែងបានទេ បើឪពុកនាងមានលក្ខខណ្ឌតឹងរ៉ឹងបែបនេះ ហើយអ្នកដែលស្រមៃថា អាចនៅជិតកាយដ៏ស្រស់ របស់នាង ក៏ប្រហែលជាមិនអាចក្លាយ ជាការពិតដែរ ។

ឆ្លើយឆ្លងជាមួយផល្លីកា ក្នុងជំនួបកាលពីពេលថ្មីៗនេះ កែវ ផល្លីកា ឱ្យដឹងថាតាំងពីចូលឆ្នាំថ្មីមកនាង ទទួលបានការងារថ្មីៗជាច្រើន ស្ទើរតែរើខ្លួនលែង រួចទាំងការងារដើរបង្ហាញម៉ូដ ពិធីការិនី និងថតស្ប៉តពាណិជ្ជកម្មឱ្យ បណ្ដាក្រុមហ៊ុននានា ។ដូច្នេះហើយនាងយល់ថា ឆ្នាំនេះមានយីអ៊ុនគ្រាន់បើ បូករួមនឹងការងារឡើងច្រៀង តាមស្ថានីយទូរទស្សន៍ក៏មាន ឱកាសញឹក ញាប់ ហើយសុទ្ធតែកន្លែងធំៗមានអ្នកគាំទ្រច្រើន ។ ខណៈទីផ្សារការងារសិល្បៈ របស់នាងមានភាពស្ទុះឡើង ផល្លីកានៅតែពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីកុំឱ្យធ្លាក់ចុះវិញ ព្រោះនាងចាត់ទុកថាអ្នកសិល្បៈមិនមែនចេះតែ អាចឡើងកូដបានស្រួលៗ ទេ ។ នាងយល់ថា ជាសំណាងហើយដែលនាងអាចធ្វើឱ្យ គេចាប់អារម្មណ៍ពេលដែល នាងប្រឡូក ទើបតែបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ។

អតីតហ្វ្រេស៊ីហ្គើល ធ្លាក់ពីការប្រកួតជុំ ផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០០៧រូបនេះលើកឡើងថា ឥឡូវនាងកំពុងតែវក់វីជាមួយ ការងារពិធីការិនីច្រើនសន្ធឹក ក្រោយពីមិត្ដភក្ដិរបស់នាង ជាច្រើនងាកទៅនៅទូរទស្សន៍ MYTV គឺនាងរ៉ាប់រងច្រើន តែនាងមិនធុញទ្រាន់ទេ ព្រោះនោះជាការងារ ដែលនាងពេញចិត្ដ និងមិនលំបាកដូចកាល ពីទើបតែធ្វើដំបូងឡើយ ។

ជុំវិញរឿងឪពុកហាម មិនឱ្យថតរឿងណាមានឈុតឱប រឹតជាមួយតួប្រុសនោះ កែវ ផល្លីកា ទទួលស្គាល់ថា «នោះជារឿងដែលនាងខ្ញុំ ពិបាកក្នុងការទទួលសំណើ ថតភាពយន្ដ ព្រោះខ្សែភាពយន្ដមានឈុតឆាកច្រើនណាស់ ហើយចៀសមិនផុតទេ ឈុតស្នេហាឱបថើប ។ ប៉ុន្ដែប៉ារបស់នាងខ្ញុំ មិនទទួលជាដាច់ខាត បើទោះជាមានតម្លៃសម្ដែងថ្លៃ ក៏មិនទទួលដែរ ត្រឹមតែការងារដើរបង្ហាញម៉ូដ ច្រៀងតាមទូរទស្សន៍ គឺល្មមគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ ។ អីុចឹងហើយទើបមួយរយៈនេះ គេទាក់ទងច្រើនរឿងថតកុន តែនាងខ្ញុំស្ទាក់ស្ទើរណាស់ ព្រោះតែមិនចង់ឱ្យខុសពាក្យប៉ា ។

ទទួលបានការងារមកដល់ ពេលនេះមិនមែនជារឿងងាយ ស្រួលទេ តាមតែប៉ារបស់ខ្ញុំគាត់មិនឱ្យប្រឡូកទេ តែម៉ាក់ចូលចិត្ដសិល្បៈជួយជំរុញ កុំអីប្រហែលជានាងខ្ញុំ គ្មានមុខមាត់មកដល់ ពេលនេះឡើយ»។
ថ្វី បើមិនរកការចាប់ អារម្មណ៍ពីទស្សនិកជន តាមរយៈការសម្ដែងក្នុងខ្សែភាពយន្ដ តែផល្លីកា កាន់តំណែងពិធីការិនី ច្រើនកម្មវិធីគឺវាសមល្មមហើយ សម្រាប់នាង ៕ 




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]