ទឹកដី​​​អង្គរ​ជុំ​​! សម្រស់​​​រម​​​ណីយ​​​​​​ដ្ឋាន​​​​​ធម្មជាតិ​​ថ្ម​​ដុះ​​មួយ​​កន្លែង​​នា​ខេត្ត​​​​សៀម​រាប​ ត្រូវ​​ចិត្ត​​អ្នកប៉ង​​ផ្សង​ព្រេង​

//s9.kh1.co/6d/6dee734b0907ca919ae71c75b719e547a5fa148b.jpg
តារា & កម្សាន្ដ

 ០៩-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សម្រស់​ធម្មជាតិស្រស់បំព្រងមានរុក្ខជាតិតូចធំដុះនៅលើភ្នំដ៏ធំល្វឹងល្វើយ បូករួមទាំងទេសភាពផ្ទាំងថ្មដុំធំៗ​ដែល​មាន​ចំណាំង​ចាំង​ភ្លឺភ្លែត​ចេញពីក្នុងថ្មដែលមើលទៅពិតជាស្រស់ស្រាយគួរអោយចង់គយគន់

សម្រស់​ធម្មជាតិស្រស់បំព្រងមានរុក្ខជាតិតូចធំដុះនៅលើភ្នំដ៏ធំល្វឹងល្វើយ បូករួមទាំងទេសភាពផ្ទាំងថ្មដុំធំៗ​ដែល​មាន​ចំណាំង​ចាំង​ភ្លឺភ្លែត​ចេញពីក្នុងថ្មដែលមើលទៅពិតជាស្រស់ស្រាយគួរអោយចង់គយគន់។ ចំណែក​ឯដើម​ឈើ​ពណ៌​បៃតង​​ខៀវខ្ចី ដុះអមពាសពេញនៅតាមជើងភ្នំ និងមើលឃើញផ្ការីកស្រស់បំព្រងគ្រប់ពណ៌ លើស​ពី​នេះ​ទៅទៀត​ទឹក​អូរ​​ហូរ​រិញៗ​កាត់ថ្មតាមជាខ្សែ និងតាមដងផ្លូវអមសងខាងទៅដោយវាលស្រែ និងព្រៃភ្នំព្រឹក្សា​អ្នកតា​វល្លិ​​ធ្វើអោយភ្ញៀវ​ទេសចរ​បានឃើញ​ហើយចង់ទៅទស្សនាជាថ្មី​នោះ​គឺរមណីយដ្ឋាន​ធម្មជាតិ​ «ភ្នំ​ពើងតា​នាន់» នៅ​ទឹកដី​ខេត្ត​សៀមរាប។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទេសភាពថ្មនៅលើភ្នំ
ទេសភាពថ្មនៅលើភ្នំ

សម្រស់​​ធម្មជាតិ​​កំពុង​តែ​​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ពុះពារ​គ្រប់​ឧបសគ្គ​ ដើម្បី​ទៅ​ផ្តិតយក​ទេសភាព​ដ៏ប្លែក​ភ្នែក​អច្ឆរិយ:​មួយនេះ​។​​ បើយើងនិយាយពីការធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយនេះវិញ គឺមានចម្ងាយ​ប្រមាណ​ជាជាង ៦០គីឡូម៉ែត្រពីទី​រួមខេត្តសៀមរាប​ស្ថិតនៅ​ក្នុងភូមិ​គោកព្នៅ​ ឃុំ​គោកដូង ស្រុក​អង្គរជុំ​​។

នៅតាមដងផ្លូវថ្វីត្បិតតែមានសភាពពិបាកត្រូវការឆ្លងកាត់ដោយផ្លូវដែលមានទឹកច្រោះកាត់ហូរ​ដោយសារទឹកភ្លៀង​នឹង​រលាក់​បន្តិចតែ​លោកអ្នក​នៅតែ​អាច​ធ្វើដំណើរ​ដោយ​ម៉ូតូ និងដោយ​រថយន្ត​បាន ​​នឹង​ត្រូវធ្វើ​ដំណើរ​ថ្មើរ​ជើង​ប្រមាណ​ជា ៧០០​ម៉ែត្រ​ ដើម្បីបន្តទៅដល់កំពូលភ្នំ។  

ទេសភាពថ្មនៅលើភ្នំ
ទេសភាពថ្មនៅលើភ្នំ

ប្រវត្តិ​នៃទី​នេះហាក់​នូវ​មិនទាន់មានការអះអាងច្បាស់លាស់នៅឡើយទេ ហើយ​អ្នកភូមិ​មិន​ដឹងពី​មូលហេតុ​ដែល​នាំ​ឲ្យមាន​ឈ្មោះ​ «ពើងតានាន់» បែប​នេះទេ។ ​អ្វី​ដែល​អ្នកភូមិ​នៅ​ទីនេះ​ដឹង​ច្បាស់​គឺ ពួកគេ​ថា​ទីនេះ​គឺជា​សមុទ្រ​កាលពី​អតីតកាល​រាប់​ម៉ឺន​ឆ្នាំមុន ។ ​

ចាស់ទុំមួយរូបនៅតំបន់នោះបានប្រាប់យើងថា «បើ​តាម​អ្នកភូមិ​ គេ​ថាភ្នំ​ពើងតានាន់​នេះ​គឺជា​ច្រាំង​សមុទ្រ។ បើ​អ្នក​មិនជឿ​លោក​អ្នកអាច​ឈរ​ពី​លើ​ដុំថ្ម​ដុះណា​មួយ​ដែល​នៅ​ក្បែរ​ចំណោត​ភ្នំពើង​នេះ​ហើយ​សម្លឹង​ទៅ​ទិស​ខាងកើត លោក​អ្នកអាច​នឹងមាន​អារម្មណ៍ថា ​លោក​អ្នក​កំពុងឈរ​លើច្រាំង​សមុទ្រ​មួយ​ដែល​សមុទ្រ​នេះព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ជួរភ្នំ​ដងរែក ភ្នំគូលែន និង​ភ្នំដទៃ​ទៀត​មីរដេរដាស»។

​បើស​ង្កេត​ទៅ​លើថ្ម​ដុះ​ទាំងនោះ​ទំនង​ជា​កើត​ចេញ​បណ្ដុំ​ដីខ្សាច់​ស និង​ពពុះ​ទឹកសមុទ្រ​ដែល​ជាប់គ្នា​រាប់​ម៉ឺនឆ្នាំ​ដែល​អាច​ដេញ​ពន្លឺនៅ​ពេល​ដែលត្រូវ​ពន្លឺ​ព្រះអាទិត្យ​ ហើយថ្ម​ទាំងនេះ​មិន​ធ្វើឲ្យ​អ្នក​រអិល​នោះ​ទេ​បើទោះ​ជាអ្នក​ដើរឡើង​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់។

រូបភាពថ្មដុះជាដុំៗ
រូបភាពថ្មដុះជាដុំៗ

លោក កែវ គាន ជាមន្ត្រី​មកពី​អង្គភាព​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍លោកបានថ្លែងថា ​ តំបន់នេះ​ក៏មាន​ទឹកជ្រោះ​ដែល​ធ្លាក់ពី​ភ្នំផង​ដែរ តែ​ដោយសារ​លោក​ទើប​តែមក​បំពេញ​ការងារ លោក​មិន​ទាន់​ហ៊ាន​ចូលទៅ​ត្រួសត្រាយ​នៅឡើយ​រង់ចាំ​ទាល់តែ​លោក​ស្គាល់​តំបន់​ច្បាស់​លាស់​សិន។ លោក កែវ គាន បាន​រៀបរាប់​បន្ត​ទៀត​ថា ​«ថ្វីដ្បិត​តែ​ទីនេះ​ឆ្ងាយ​ពីទីរួម​ខេត្ត​ ហើយ​ផ្លូវ​លំបាក​ខ្លាំងតែ​មនុស្ស​ចាប់ផ្តើម​មក​លេង​ទីនេះ​ច្រើន​មែន​ទែន​  មិនថា​ខ្មែរ​មិនថា​ជនបរទេស​ ថ្ងៃ​ខ្លះ​មនុស្ស​​មក​ដល់ទៅ ៤០០ ឬ ៥០០ នាក់​ឯ​ណោះ»។

គេ​បាន​ដាំ​ដើមឈើ​បន្ថែម​ចំនួន ៥០ ដើម ហើយ​នឹងមាន​គម្រោង​បង្កើន​សេដ្ឋកិច្ច​អ្នកភូមិ​ទីនោះ​ដោយ​​បង្កើត​កន្លែង​លក់ចំណី​អាហារ​សម្រាប់​អ្នកមក​កម្សាន្ត​ទៅភ្នំ​ពើងតា​នាន់​នេះ។

នៅពី​ក្រោមភ្នំពើង​តានាន់ មាន​អាស្រម​បុរាណ​មួយ​ដែល​មាន​ព្រះសង្ឈ​តែពីរ​ព្រះអង្គ​គង់​នៅ​តែ​ប៉ុណ្ណោះ។ ដូច្នេះអ្នក​ដែល​បានទៅលេងកំសាន្តអាចចូលទៅសំពះព្រះធ្វើបុណ្យ ឬចូលជាបញ្ច័យបន្តិចបន្តួចតាមសន្ធា ដើម្បី​កសាង​វត្ត​អារាម​ ឬផ្គត់ផ្គង់ប្រចាំថ្ងៃ។ អាស្រម​នោះ​មាន​ឈ្មោះ អាស្រម​មនោរម្យ​ភ្នំ​ពើងតា​នាន់ ដែល​ពីមុន​មានតែ​អ្នកភូមិ​ប្រមាណ​​ជា ៣០ គ្រួសារ​អាស្រ័យ​នៅប៉ុណ្ណោះ។

ព្រះតេ​ជគុណ​ តោ ញិល មាន​សង្ឃដីកា​ថា «បើមាន​មនុស្ស​មកច្រើន​បែប​នេះ​ហើយ អាត្មាសូម​ស្នើសុំ​អាជ្ញាធរ​ឲ្យ​ជួយ​ធ្វើ​​ផ្លូវ​ទៅមក ដើម្បី​ឲ្យញាតិ​ញោម​ធ្វើ​ដំណើរ​មក​ទីនេះ​បាន​ស្រួល​ផង ហើយ​បើអាច​ អាត្មាក៏​ស្នើសុំ​សាលារៀន​មួយ​សម្រាប់​ក្មេងនៅ​ក្បែរ​ភ្នំនេះ​ផងដែរ ពីព្រោះ​រាល់​ថ្ងៃនេះ​ ពួកគេ​រៀននៅ​ក្រោម​ដើមឈើ​ក្នុង​បរិវេណ​អាស្រម​នេះទេ»៕

រូបភាព​ ពីមុខខ្លោងទ្វារចូល
រូបភាព​ ពីមុខខ្លោងទ្វារចូល
រូបភាព  ទេសភាពមើលពីលើភ្នំ
រូបភាព  ទេសភាពមើលពីលើភ្នំ
រុបភាព  ថ្មមានរូបរាងដូចជាងាវ​ ឬ គ្រុំ
រុបភាព  ថ្មមានរូបរាងដូចជាងាវ​ ឬ គ្រុំ
រូបភាព  រាងដូចផ្សិត
រូបភាព  រាងដូចផ្សិត
ផ្ទាំងថ្មធំសន្ធឺង
ផ្ទាំងថ្មធំសន្ធឺង
Sengsant sethik
សេងសាន្ត សិទ្ធិ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T