មួយពាន់លានឆ្នាំទៀត ផែនដីនឹងខ្វះអុកស៊ីសែន ហើយជីវិតទាំងឡាយនឹងត្រូវដាច់ពូជ

//s9.kh1.co/ce/ceaed51bffe36c07aba73e993fcdc909cb0b9328.jpg
បច្ចេកវិទ្យា

 ០៨-មីនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កំហាប់អុកស៊ីសែននឹងត្រូវធ្លាក់ចុះក្នុងបរិយាកាសផែនដីបន្តិចម្ដងៗ ដែលបង្កើតជាវិបត្តិមួយ សម្រាប់ទម្រង់ផ្សេងៗនៃជីវិតនាពេលអនាគត។

បរទេស៖ ផែនដីនឹងមិនអាចទ្រទ្រង់ជីវិតបានជារៀងរហូតនោះទេ។ បរិយាកាសសម្បូរដោយអុកស៊ីសែននៃភពរបស់យើង អាចនឹងឋិតថេរក្នុងរយៈពេលប៉ុន្មានពាន់លានឆ្នាំប៉ុណ្ណោះ។ ខណៈព្រះអាទិត្យរបស់យើងមានវ័យកាន់តែជ្រេ វានឹងបញ្ចេញពន្លឺកាន់តែខ្លាំង មានន័យថានៅពេលអនាគតផែនដីនឹងទទួលបានថាមពលពន្លឺពីព្រះអាទិត្យកាន់តែច្រើន។ ថាមពលដែលកើនឡើងនេះ នឹងជះឥទ្ធិពលដល់ផ្ទៃផែនដី បង្កើនល្បឿនសំណឹកនៃសិលាស៊ីលីកាត ក៏ដូចជាសិលាបាសាល់និងក្រានីត។ នៅពេលថ្មទាំងនេះសឹក កាបូនឌីអុកស៊ីតឧស្ម័នផ្ទះកញ្ចក់នឹងត្រូវទាញចេញពីបរិយាកាស និងតាមរយៈប្រតិកម្មគីមីដែលរក្សាទុកក្នុងរ៉ែកាបូណាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាបូនឌីអុកស៊ីតរួមជាមួយទឹកគឺជាគ្រឿងផ្សំយ៉ាងសំខាន់មួយ ដែលរុក្ខជាតិត្រូវការធ្វើរស្មីសំយោគ។ ជាមួយនឹងការធ្លាក់ចុះកម្រិតកាបូនឌីអុកស៊ីត ការធ្វើរស្មីសំយោគចំនួនតិចនឹងកើតមាន ហើយប្រភេទរុក្ខជាតិខ្លះអាចនឹងបាត់បង់ជីវិតទៅជាមួយគ្នាផងដែរ។ ការធ្វើរស្មីសំយោគចំនួនតិចមានន័យថា ការផលិតអុកស៊ីសែនក៏មានបរិមាណតិចដូចគ្នា ហើយកំហាប់អុកស៊ីសែននឹងត្រូវធ្លាក់ចុះក្នុងបរិយាកាសផែនដីបន្តិចម្ដងៗ ដែលបង្កើតជាវិបត្តិមួយ សម្រាប់ទម្រង់ផ្សេងៗនៃជីវិតនាពេលអនាគត។

រូបតំណាង
រូបតំណាង

ដើម្បីស្វែងរកបញ្ហា អ្នកស្រាវជ្រាវមកពីប្រទេសជប៉ុននិងសហរដ្ឋអាមេរិកបានប្រើប្រាស់កុំព្យូទ័រ ដើម្បីបង្កើតជាគំរូនៃវដ្តរបស់កាបូន អុកស៊ីសែន ផូស្វ័រ និងស្ពាន់ធ័រនៅលើផែនដី។ ពួកគាត់ក៏បានគិតគូរពីការវិវឌ្ឍអាកាសធាតុ និងពីរបៀបដែលផ្ទៃផែនដី (សម្បក មហាសមុទ្រ និងបរិយាកាស) ធ្វើអន្តរកម្មជាមួយផ្នែកខាងក្នុងនៃភពផែនដី (ស្រទាប់ម៉ង់តូ)។ ពួកគាត់បានបង្កើតគំរូស្ថានភាពទ្រឹស្ដីចំនួនពីរ ដោយមួយជាភពដូចផែនដីមានជីវមណ្ឌលសកម្ម និងមួយទៀតជាជីវមណ្ឌលអកម្ម។ គួរឲ្យភ្ញាក់ផ្អើល លទ្ធផលនៃគំរូស្ថានភាពទាំងពីរមានសភាពប្រហាក់ប្រហែលគ្នា ដោយកម្រិតអុកស៊ីសែននឹងចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំង ប្រហែលមួយពាន់លានឆ្នាំក្នុងពេលអនាគត។

រូបតំណាង
រូបតំណាង

របកគំហើញនេះបង្ហាញថា នៅពេលដែលការធ្លាក់ចុះកម្រិតកាបូនឌីអុកស៊ីតនិងការធ្វើរស្មីសំយោគប៉ះពាល់ដល់បរិមាណអុកស៊ីសែន ឥទ្ធិពលនៃដំណើរការនេះគឺមានអន្តរកម្មរយៈពេលវែង រវាងស្រទាប់ម៉ង់តូនិងផ្ទៃបរិស្ថានខាងលើ។ សរុបសេចក្ដីមក វាគឺជាតុល្យភាពរវាងភូគុព្ភគីមីដែលពពួកសិលាបានធ្លាក់ទៅដល់ស្រទាប់ម៉ង់តូ ហើយឧស្ម័នត្រូវបានបញ្ចេញពីស្រទាប់ម៉ង់តូ ត្រឡប់មកវិញតាមរយៈភ្នំភ្លើង ដែលវាអាចបញ្ជាក់បានថា តើបរិយាកាសរបស់ផែនដីសម្បូរទៅដោយអុកស៊ីសែន មានរយៈពេលយូរប៉ុណ្ណា។ ចុងបញ្ចប់នៃអុកស៊ីសែនក៏បង្ហាញពីអវសានរបស់ពិភពលោកផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T