អ្នកវិទ្យាសាស្ត្រអង្គការណាសា មានការងឿងឆ្ងល់លើរូបរាងសណ្ឋានដីដ៏ចម្លែក ដែលលេចឡើងនៅប្រទេសរុស្ស៊ី

//s9.kh1.co/42/42ad422e7a977a3940f0c94fa20032e83995a514.jpg
បច្ចេកវិទ្យា

 ០២-មីនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មានទ្រឹស្តីជាច្រើនបានលើកឡើងពីអ្វីដែលបង្កឱ្យមានស្នាមឆ្នូតនៅលើដីបត់បែននេះ

រុស្សី៖ នៅក្បែរដងទន្លេ Markha ក្នុងតំបន់អាក់ទិកស៊ីបេរី រូបរាងសណ្ឋានដីបត់បែនដូចជាពស់បានធ្វើឱ្យអ្នកវិទ្យាសាស្រ្តទាល់គំនិត មិនដឹងថាវាកើតឡើងមកពីអ្វី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមសប្តាហ៍នេះ អ្នកស្រាវជ្រាវរបស់អង្គការណាសាបានបង្ហោះរូបភាពផ្កាយរណបជាបន្តបន្ទាប់ នៃទេសភាពដីបត់បែនដ៏ចម្លែក នៅលើគេហទំព័ររបស់ទីភ្នាក់ងារ Earth Observatory។ ថតដោយផ្កាយរណប Landsat 8 អស់រយៈពេលជាច្រើនឆ្នាំ រូបថតទាំងនោះបង្ហាញពីដីនៅសងខាងដងទន្លេ Markha មានរាងបត់បែននិងមានស្នាមឆ្នូតខ្មៅនិងស ឆ្លាស់គ្នា។

ស្នាមឆ្នូតនេះអាចមើលឃើញនៅគ្រប់រដូវទាំងបួន ប៉ុន្តែវាមើលឃើញកាន់តែស្អាតក្នុងរដូវរងារ នៅពេលព្រិលសធ្វើឱ្យឆ្នូតទាំងនោះលេចឡើងកាន់តែច្បាស់។

ស្នាមឆ្នូតនៅលើដី (រូបភាព៖ NASA Earth Observatory/ Landsat 8)
ស្នាមឆ្នូតនៅលើដី (រូបភាព៖ NASA Earth Observatory/ Landsat 8)

អ្នកជំនាញមួយចំនួនបានផ្តល់ការពន្យល់ដល់អង្គការណាសា អំពីស្នាមឆ្នូតទាំងនោះ។ ការពន្យល់មួយត្រូវបានលើកឡើងថា តំបន់នេះដែលជាតំបន់ខ្ពង់រាបស៊ីបេរីកណ្តាលត្រូវដណ្តប់ដោយដីកក (permafrost) ប្រហែល9ភាគរយនៃរយៈពេលឆ្នាំទាំងមូល ទោះបីជាវាម្តងម្កាលរលាយអស់ក្នុងរយៈពេលខ្លីក៏ដោយ។

ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍នៅក្នុងការសិក្សាមួយ ដែលត្រូវបានចេញផ្សាយក្នុងខែមករាឆ្នាំ2003 ក្នុង Journal Science ថា បំណែកដីដែលបង្កក រលាយ បន្ទាប់មកកកម្តងទៀត អាចចេញជាឆ្នូតរង្វង់ ឬឆ្នូតចម្លែកៗ ហៅថា patterned ground។ ស្នាមឆ្នូតកើតឡើងដោយសារដីនិងថ្មប៉ះគ្នាក្នុងកំឡុងពេលវដ្តកក (freeze-thaw cycle)។  

ស្នាមឆ្នូតក្នុងរដូវខុសៗគ្នា (រូបភាព៖ NASA Earth Observatory)
ស្នាមឆ្នូតក្នុងរដូវខុសៗគ្នា (រូបភាព៖ NASA Earth Observatory)

ទោះជាមានទ្រឹស្តីនេះក៏ដោយ ក៏ patterned ground មួយផ្សេងទៀតគឺដូចជារង្វង់ថ្មនៃ Svalbard ប្រទេសន័រវេស នៅតែមានទំហំតូចជាងឆ្នូតដែលគេឃើញនៅស៊ីបេរីនេះដដែល។

ការពន្យល់មួយទៀតលើកឡើងថា វាអាចកើតឡើងដោយសារសំណឹក។ ឆ្នូតនេះស្រដៀងនឹងលំនាំ patterns នៅលើផ្ទាំងថ្មល្បាប់ដែលគេស្គាល់ថាជាដីស្រទាប់ layer cake geology។

លំនាំទាំងនេះកើតឡើងនៅពេលដែលព្រិលរលាយ ឬភ្លៀងធ្លាក់មកពីលើភ្នំចុះមកក្រោម បានធ្វើឱ្យដាច់បំណែកនៃថ្មល្បាប់ហូរចុះទៅក្រោមទៅជាគំនរ។ ដំណើរនេះបានធ្វើឱ្យដីល្បាប់មានរាងជាចំណិតស្រទាប់ៗ ដែលផ្នែកងងឹតគឺចោតជាង ឯភ្នែកភ្លឺគឺរាបជាង។ 

ប៉ុន្តែរហូតដល់តំបន់នេះអាចត្រូវបានសិក្សាយ៉ាងមុតមាំ វានឹងនៅតែជាចម្ងល់មួយរបស់ស៊ីបេរីដដែល៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T