តិចនិកបង្កើតទម្លាប់ឲ្យកូនៗ ចូលចិត្តញ៉ាំបន្លែ-ផ្លែឈើ តាំងពីតូច!

//s9.kh1.co/dc/dcb9a1a6b285bba3d7279f8773e2498862d181ea.jpg
យល់ដឹង

 ២៥-កុម្ភៈ-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ជម្រើស​នៃ​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ​សំខាន់​ណាស់​ ព្រោះ​អាហារ​មាន​នាទី​ចិញ្ចឹម​រាល់​សិរីរាង្គ​របស់​រាងកាយ​យើង។ បើ​យើង​ញ៉ាំ​អាហារ​ល្អៗ។

ជម្រើស​នៃ​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ​សំខាន់​ណាស់​ ព្រោះ​អាហារ​មាន​នាទី​ចិញ្ចឹម​រាល់​សិរីរាង្គ​របស់​រាងកាយ​យើង។ បើ​យើង​ញ៉ាំ​អាហារ​ល្អៗ នោះ​រាងកាយ​យើង​នឹង​រឹងមាំ បើ​ញ៉ាំ​អាហារ​មិន​ល្អ រាងកាយ​នឹង​ទ្រុឌ​ទ្រោម​តាម​នឹង​ដែរ។ ហេតុ​នេះ វា​ជា​រឿង​សំខាន់​ដែល​យើង​ណែនាំ​ឲ្យ​កូន​តូចៗ​ញ៉ាំ​អាហារ​ល្អ ជា​ជាង​អាហារ​កញ្ចប់ ការ៉េម ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ាក់​ប៉ា​មួយ​ចំនួន​ច្បាស់​ជា​គិត​ថា ការ​បង្វែរ​កូន​ពី​ការ​ញ៉ាំ​អាហារ​កញ្ចប់ ឬ​ fast food​ អស់​នោះ មក​ញ៉ាំ​បន្លែ ផ្លែឈើ​ធម្មជាតិ ជា​រឿង​មួយ​ពិបាក​ធ្វើ ព្រោះ​ក្មេង​អត់​ចូល​ចិត្ត​របស់​ធម្មជាតិ​អស់​ហ្នឹងទេ។ ប៉ុន្តែ ម៉ាក់​ប៉ា​អាច​សាក​ល្បង​ជាមួយ​វិធីសាស្រ្ត​ជួយ​ឲ្យ​កូន​ចូល​ចិត្ត​ញ៉ាំ​អាហារ​ធ្វើ​ឲ្យ​សុខភាព​ល្អ​បាន រហូត​អាច​ក្លាយ​ជា​ទម្លាប់​ដល់​អា​អូន​ពេញ​វ័យ៖

  • បង្កើត​ភាព​សប្បាយ​រីករាយ​ម៉ោង​ញ៉ាំ​បាយ​ដោយ​ណែនាំ​អាហារ​ចម្រុះ​ពណ៌ក្នុង​ចាន​បាយ មាន​តន្ត្រី​អម ឬ​សកម្មភាព​ផ្សេង​ទៀត​តាម​ការ​នឹក​ឃើញ​របស់​ម៉ាក់​ប៉ា។ យើង​ក៏​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​កូន​ដោយ​ចេញ​ទៅ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ ឬ​ធ្វើ​ពិច​និក​ម្ដង​ម្កាល​ក៏​ល្អ។
  • មិន​ត្រូវ​បង្ខំ​កូន​ឲ្យ​ញ៉ាំ​លឿន​ៗ ប្រញាប់​ពេក​ទេ គួរ​តែ​បញ្ចុក​កូន​មួយៗ ឬ​ឲ្យ​កូន​ញ៉ាំ​តាម​សម្រួល។
  • ជួន​កាល អា​អូន​មានៈ​មិន​ព្រម​ញ៉ាំ​បាយ ឬ​បន្លែ​ទេ អញ្ចឹង​យើង​មិន​ចាំ​បាច់​បង្ខំ​កូន ឬ​ខឹង​ច្រឡោត​ដាក់​កូនទេ។ ការ​អត់​ធ្មត់​គឺ​ជា​គន្លឹះ យើង​អាច​ឲ្យ​អាអូន​ញ៉ាំ​បន្លែ ឬ​អាហារ​ធម្មជាតិ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ក្រោយ​ក៏​បាន។
  • រាល់​ពេល​ដែល​ណែនាំ​អាហារ​ថ្មី​ៗ​ឲ្យ​កូន យើង​គួរ​តែ​តាម​ដាន​ប្រតិកម្ម​របស់​កូន​ទៅ​នឹង​អាហារ​នោះ ដើម្បី​ដឹង​ថា អា​អូន​មាន​អាលែកហ្ស៊ី​នឹង​អាហារ​ណា​ខ្លះ ។ បើ​កូន​ចេញ​សញ្ញា​អាលែកហ្ស៊ី​នឹង​អាហារ​អ្វី​មួយ គួរ​នាំ​កូន​ទៅ​ពេទ្យ កុំ​ព្យាយាម​សម្រួល​អាការៈ​កូន​ដោយ​ប្រើ​ថ្នាំ​ផ្ដេស​ផ្ដាស។
  • កំណត់​ម៉ោង​បាយ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ឲ្យ​ម៉ោង​រាងកាយ​របស់​កូន​ចំណាំ​ម៉ោង​បាយ​ទៀង​ពេល​ដែរ។ កុំ​បញ្ចុក​បាយ​កូន​ផ្ដេស​ផ្ដាស​ខុស​ម៉ោង​បាយ។
  • ប្រសិន​បើ​អា​អូន​ចាប់​ផ្ដើម​ឃ្លាន​បាយ ប៉ុន្តែ​អត់​ទាន់​ដល់​ម៉ោង​ត្រូវ​ញ៉ាំ​បាយ ម៉ាក់​ប៉ា​អាច​ឲ្យ​អាហារ​សម្រន់​ល្អៗ​ឲ្យ​កូន​ញ៉ាំ​បាន​ដូច​ជា នំ​បន្លែ គ្រាប់​ធញ្ញជាតិ ឬផ្លែ​ឈើ​។ល។
  • រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​កូន​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​ខ្លះ អារម្មណ៍​ឃ្លាន អាច​ច្រឡំ​ជាមួយ​អារម្មណ៍​ស្រេក​ទឹក។ ដូច​នេះ ពេល​កូន​ត្អូញ​ថា​ឃ្លាន​ខុស​ម៉ោង យើង​អាច​ឲ្យ​កូន​​ញ៉ាំ​ទឹក​១​កែវ​មើល៍​សិន​បាន។
  • ម៉ាក់​ប៉ា​ត្រូវ​តែ​ផ្ដល់​អាហារ​ចម្អិន​ពី​ផ្ទះ​ឲ្យ​កូន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​អាហារ​នៅ​ក្រៅ​មិន​ដូច​អាហារ​ធ្វើ​ដោយ​ក្នុង​ផ្ទុះ​ទេ។ មួយ​វិញ​ទៀត ពេល​ធ្វើ​ដំណើរ បើ​អាច​គួរ​តែ​ធ្វើ​អាហារ​ដូច​ជា​សាំង​វិច ឬ​ដាក់​ផ្លែ​ឈើ​ទៅ​ញ៉ាំ​តាម​ឡាន ជា​ជាង​នំ​កញ្ចប់ ឬ​ទឹក​ក្រូច​កំប៉ុង​អស់​នោះ។
  • នៅ​ពេល​កូន​លូតលាស់​ធំ​ទៅៗ ផ្តល់​ឱកាស​ឲ្យ​កូន​ជ្រើស​រើស​អាហារ​ប្រចាំ​ថ្ងៃ​ដោយ​ខ្លួន​កូន​ផ្ទាល់ និង​ឲ្យ​កូន​ជួយ​ចម្អិន​ម្ហូប​អាហារ។
  • ព្យាយាម​ឲ្យ​កូន​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ល្មម​ឆ្អែត​សម្រាប់​មួយ​ពេល និង​គួរ​ណែនាំ​ឲ្យ​កូន មិន​ត្រូវ​ញ៉ាំ​ច្រើន​ពេក ឬ​តិច​ពេក​ទេ។

បន្ថែម​ពី​លើ​នេះ ម៉ាក់​ប៉ា​គួរ​ចង​ចាំ​ថា ការ​បង្កើត​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​អាហារ​ល្អ ប្រសើរ​ជាង​ការ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​ច្រើន​ដើម្បី​ឡើង​ទម្ងន់​គ្រប់​តាម​ស្ដង់​ដារ។ ឲ្យ​កូន​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ ហើយ​ញ៉ាំ​បាន​ត្រឹម​ត្រូវ កូន​យើង​នឹង​មាន​ទម្ងន់​គ្រប់​ទៅ​តាម​ស្ដង់​ដារដោយឯកឯង។ ផ្ទុយ​ទៅ​វិញ បើ​យើង​បារម្ភ​រឿង​គីឡូ​របស់​កូន​នៅ​តែ​មិន​ឡើង ទោះ​ព្យាយាម​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​នេះ គួរ​នាំ​កូន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ។​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T