ភ្នំពេញៈ បុរសម្នាក់ ដែលអះអាងថា ជាអ្នកកាសែតបាយ័ន្ត ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនទៅសួរនាំ បន្ទាប់ពី បុរសរូបនេះ បានយកដុំថ្ម ទៅវាយបែកកញ្ចក់រថយន្ត ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនកាពីតូល នៅមុខសាលាពេទ្យ ស្ថិត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នារសៀលថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១២ ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានអះអាងថា នៅមុនពេលកើតហេតុ គេឃើញ លោក ទេព កុសល វ័យ ជាង ២០ឆ្នាំ បានជិះម៉ូតូស្កុបពី ពីជើងទៅត្បូង តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត របស់ក្រុមហ៊ុន កាពីតូល បានស៊ីភ្លេ ក៏ធ្វើឲ្យបុរសរូបនេះខឹង ហើយជិះម៉ូតូមកឈប់ពាំង ពីមុខរថយន្ត ហើយក៏យកដុំថ្ម វាយបែកកញ្ចក់រថយន្ត បង្កឲ្យមានជម្លោះប្រកែកគ្នា ជាមួយអ្នកបើកបររថយន្ត តឹងសរសៃក ស្ទះចរាចរណ៍ជាងកន្លះម៉ោង ។

លោក ទេព កុសល ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រោះបង្កហិង្សា ពេលមានបញ្ហាចរាចរណ៍ខាងលើនេះ បានអះ អាង ប្រាប់ សមត្ថកិច្ចថា មូលហេតុ ដែលគាត់ធ្វើ ដូច្នេះ ដោយសារតែខឹងនឹងភាគីរថយន្ត របស់ក្រុមហ៊ុនកាពីតូល បានបើករថយន្ត មក ប៉ះធ្វើឲ្យបែកទូរស័ព្ទរបស់គាត់ ទើបគាត់ខឹងបង្កជាបញ្ហាបែប នេះតែម្តងទៅ ។

យោងតាម សាក្សីនៅកន្លែងកើតហេតុ ក៏បានឲ្យដឹងផងដែរថា ក្រោយពេលកើតហេតុភ្លាមៗ លោក ទេព កុសល បានប្រើ កាយស្រែកឡូឡា និងប្រកាសក្តែងៗថា រូបគេជាអ្នកព័ត៌មាន នៅបណ្តាញទូរទស្សន៍បាយ័ន្ត លុះពេល អ្នកព័ត៌មាន ទូរទស្សន៍បាយ័ន្តពិតប្រាកដ ចុះទៅដល់ ទើបបុរសរូបនោះ ក្រឡាស់សំដីមកវិញថា រូបគេជាអ្នកកាសែត បាយ័ន្ត ដែល គេមិនដែលឃើញចេញផ្សាយទៅវិញ ។

តែទោះជាយ៉ាងណា បុរសរូបនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន ទៅសួរនាំ និងដោះស្រាយគ្នា តាមផ្លូវ ច្បាប់ជាមួយភាគីក្រុមហ៊ុន រថយន្តកាពីតូល ៕

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]