ក្រុមហ៊ុន Ford និង Google បានសហការគ្នានាំយកប្រព័ន្ធប្រតិបត្តិការ Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣ ខាងមុខ!

//s9.kh1.co/c2/c279678c289569813672957a6b6e8be375e8bbf1.jpg
បច្ចេកវិទ្យា

 ១៨-កុម្ភៈ-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលនឹងចាប់ផ្តើមនៅឆ្នាំ 2023 ខាងមុខនេះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលនឹងចាប់ផ្តើមនៅឆ្នាំ 2023 ខាងមុខនេះ។ ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។ ជាមួយគ្នានេះដែរ​ Ford នឹងប្រើប្រាស់សេវាកម្ម Google ផ្សេងទៀតដែលមានដូចជា​៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់ពីឆ្នាំ 2023 អតិថិជន​រថយន្ Ford និង Lincoln នឹងទទួលបានបទពិសោធន៍កាន់តែប្រសើរទាក់ទងជាមួយនឹងកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ការបើកបរ ហើយជាពិសេសនោះគឺប្រព័ន្ធកំសាន្តបែបថ្មី​ដែលអាចប្រើប្រាស់ផ្ទាល់នៅលើអេក្រង់ Touch Screen របស់រថយន្តដោយពុំចាំបាច់ភ្ជាប់ជាមួយនឹងទូរស័ព្ទនោះទេ។

  លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford
  លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford

លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖

“ក្រុមហ៊ុន Ford បានបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ និងនាពេលអនាគតតួយ៉ាងដូចជារថយន្តអគ្គិសនី និងរថយន្តដែលអាចបើកបរបានដោយខ្លួនឯង ហើយថ្មីៗនេះក្រុមហ៊ុន Ford និង Google បានរួមគ្នាដើម្បីបង្កើតនូវការច្នៃប្រឌិតថ្មីដែលអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ។”

ប្រសាសន៍របស់លោក Jim Farley
  លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet
  លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet បានមានប្រសាសន៍ថា៖

“ក្រុមហ៊ុន​ Ford បានឈរជើងនៅលើវិស័យយានយន្តអស់រយៈពេលជិត 120 ឆ្នាំមកហើយ ថ្ងៃនេះដែរយើងពិតជាមានមោទនៈភាពដែលអាចសហការគ្នាជាមួយក្រុមហ៊ុន Ford ដែលអាចប្រើប្រាស់បច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេតក្នុងការគណនា វិភាគទិន្នន័យក្នុង Cloud ដើម្បីជួយផ្លាស់ប្តូរ និងបង្កើនល្បឿនអាជីវកម្មតរបស់ Ford ឲ្យកាន់តែប្រសើរ និងកាន់តែផ្តល់សុវត្ថិភាពជូនអ្នកបើកបររថយន្ត Ford ទាំងអស់ថែមទៀតផង។”

 Android
 Android

តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអាចធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់ខ្លួនបាន ទាក់ទងការស្នើរឲ្យយកយានយន្តទៅធ្វើការថែទាំ ឬត្រួតពិនិត្យផ្សេងៗ ក៏ដូចជាការជូនដំណឹងសំខាន់ៗជាច្រើនទៀតផងដែរ។ 

Ford 
Ford 

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើរថយន្ត Ford នាឆ្នាំ 2023 ខាងមុខនោះវាមិនដូចគ្នាទៅនឹងកម្មវិធី Android Auto នាពេលសព្វថ្ងៃនេះទេ ព្រោះថា Android Auto គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ មិនមែនជាប្រព័ន្ធប្រតិបត្តិការឡើយ ហេតុដូច្នេះមុខងាររបស់វាមានដែនកំណត់ ហើយមួយវិញទៀតអ្នកអាចប្រើបាន លុះត្រាតែភ្ជាប់វាជាមួយទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android ទើបបាន។ តែសម្រាប់រថយន្ត Ford នាពេលអនាគតដែលបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android ស្រាប់វិញនោះគឺ វាដូចជាទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android អ៉ីចឹង ដែលអ្នកប្រើប្រាស់អាចបញ្ជាមុខងារសំខាន់ៗ ឬបើកកម្មវិធីផ្សេងៗបានដោយខ្លួនឯង នៅក្នុងនោះផ្ទាល់តែម្ដងដែលមានដូចជា៖

· មុខងារ​ Google Assistant ជួយឲ្យអ្នកបើកបរអាចផ្តោតអារម្មណ៍ក្នុងការបើកបរទៅមុខ និងបញ្ជាមុខងារផ្សេងៗរបស់រថយន្តតាមរយៈការប្រើសម្លេងតែប៉ុណ្ណោះ

· មុខងារ Google Map បង្ហាញផែនទី និងទីតាំងបានច្បាស់លាស់ដែលអាចជួយឲ្យអ្នកបើកបរទៅដល់គោលដៅបានឆាប់រហ័សជាងមុនជាមួយនឹងការបង្ហាញស្ថានភាពចរាចរណ៍ជាក់ស្តែង និងធ្វើការណែនាំពីគន្លងផ្លូវដែលយើងត្រូវបើកបរ

· មុខងារ Google Play ផ្តល់នូវការកំសាន្តដល់អ្នកបើកបរតាមរយៈមុខងារ Apps ជាច្រើនដូចជាការស្តាប់ចម្រៀង, Podcasts, Audiobooks ដែលមុខងារទាំងអស់នេះមាននៅលើរថយន្តស្រាប់តែម្តង។

តាមរយៈការបំពាក់ប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត Ford នេះនឹងអាចធ្វើឲ្យក្រុមហ៊ុន Ford និងអ្នកអភិវឌ្ឍន៍កម្មវិធី Mobile Apps អាចបង្កើតកម្មវិធីកំសាន្ត និងកម្មវិធីផ្សេងៗទៀតបាន ដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីនៃការបើកបរសម្រាប់អតិថិជន៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T