ខេត្តព្រះសីហនុ ៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលគួរឱ្យ កត់សម្គាល់កន្លងមកនេះ គឺការបុករវាងរថយន្តកុងតឺន័រ និងរថយន្តរបស់តារាចម្រៀង ខេមរៈ សិរីមន្ត  កាលពីយប់ថ្ងៃទី៧ មីនា កន្លងមកលើ កំណាត់ផ្លូវជាតិលេខ៤ ។ បើគិតមកដល់ពេលនេះគឺ មានរយៈពេលជិត៣ខែហើយ ប៉ុន្តែពន្លឺណាមួយដែលឈានដល់ ការដោះស្រាយតាមផ្លូវច្បាប់ជាមួយ ក្រុមហ៊ុនSKនៅពុំទាន់លេចចេញ ជារូបរាងនៅឡើយទេ ។

តាមមន្ត្រីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមិថុនា នៅការិយាល័យចរាចរណ៍ ជើងគោកខេត្តក្រុមការងារមួយ ក្រុមក្នុងនោះមាន កញ្ញាស៊ន លីនណា ចៅក្រមស៊ើបសួរ និងមេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាងជំនាញខាងរថយន្ត បានមកធ្វើការពិនិត្យ អង្កេតរថយន្តរបស់លោកខេមរៈ សិរីមន្ត ដែលរក្សាទុកនៅស្នងការដ្ឋានដើម្បី ធ្វើការវិនិច្ឆ័យដែលភាគីក្រុមហ៊ុន និយាយថា រថយន្តរបស់តារាចម្រៀងខេមរៈ សិរីមន្ត មានភ្លើងឡាហ៊ែ្សរទើបជាហេតុ នាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ។

ក្រោយពីពិនិត្យស្រាវជ្រាវជា ច្រើនលើកច្រើនសា ចម្លើយពីជាងជំនាញបានបង្ហាញថា រថយន្តតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាមានភ្លើងឡាហែ៊្សរមែនហើយភ្លើងនេះគឺ ជាភ្លើងច្នៃ ប៉ុន្តែមាននៅតែផ្នែកខាងក្ រោមស្ដុបកាងនៃរថយន្ត ភ្លើងនេះពុំអាចភ្លឺឆ្ងាយនោះទេ តែចំពោះការភ្លឺបានប៉ុន្មានម៉ែត្រនោះ នៅពុំទាន់អាចកំណត់បាននៅឡើយ  ។ មេធាវីរបស់តារាចម្រៀងខេមរៈ សិរីមន្ត បានអះអាងថា រថយន្តលោក ខេមរៈ សិរីមន្ត ថ្វីដ្បិតតែមានភ្ លើងឡាហែ៊្សរពិតមែន តែភ្លើងនេះពុំអាចភ្លឺបានចម្ងាយលើស ពី៥០ម៉ែត្រទេដូច្នេះហើយបើទស្សនៈ និងការយល់ឃើញរបស់ លោកភ្លើងនេះពុំអាចជាដើមហេតុនៃគ្ រោះថ្នាក់ចរាចរណ៍នេះជាដាច់ខាត ។

គេនៅចាំបានថា ក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានរយៈពេល១ម៉ោង នៅថ្ងៃទី១៤ មីនា នៅក្រុមហ៊ុនសាន់ដេ តារាចម្រៀងជីវិតថ្លៃ លោកខេមរៈ សិរីមន្ត បានរៀបរាប់ពីហេតុការណ៍នោះថា នៅក្នុងថ្ងៃកើតហេតុលោក និងក្រុមការងារបានរួមដំណើរ នៅក្នុងរថយន្តលោកតែមួយ ដើម្បីចេញដំណើរទៅសម្ដែងនៅ ខេត្តព្រះសីហនុ ក្នុងថ្ងៃ៨ មីនា ។ លោកបន្តថា លោក និងក្រុមការងារបានសម្រេចធ្វើដំណើរ ទៅមុនមួយថ្ងៃដើម្បីឱ្យការបើកបរ មិនមានការតក់ក្រហល់ ហើយមានឱកាសបានសួរសុខទុក្ខ បងប្អូននៅទីនោះ និងឆ្លៀតឱកាសដើរកម្សាន្តមុន ការសម្ដែងមកដល់ផង ។ លោកបញ្ជាក់ថា នៅមុនហេតុការណ៍មេឃមានភ្លៀង រលឹមៗនៅវេលាម៉ោងប្រហែលជាង៨យប់ លោកបានឃើញរថយន្តកុងតឺន័រមួយបើកបរ បញ្ច្រាសទិសជាមួយនឹងរថយន្តរបស់លោក និងមានសភាពរេពេញផ្លូវ ដោយមានចម្ងាយប្រហែលជា ១០០ម៉ែត្រប៉ុណ្ណោះពីរថយន្តរបស់លោក ។ 

ក្រោយមកទៀតរថយន្តកុងតឺន័រ នោះបានរេមកទទឹងផ្លូវតែម្ដង ហើយអ្នកបើកបររថយន្តរបស់លោកឃើញដូច្នេះបាន ព្យាយាមប្រឹងយកចង្កូតគេចឱ្យផុតពីរថយន្តកុងតឺន័រនោះ ដោយរកទីតាំងមួយសម្រាប់ឈប់ ។ ទោះជាយ៉ាងណានៅតែមិនអាចគេចផុត ដោយសារកន្ទុយរថយន្តកុងតឺន័របានវាត់
គ្របពីលើរថយន្តរបស់លោក មួយចំហៀងពេញទំហឹងតែម្ដង ។ ពេលដែលឃើញហេតុការណ៍ នោះលោកក៏បានក្រាបទៅក្រោម ។ ដោយសារតែល្បឿននៃរថយន្តកុងតឺន័រនោះ បានមកបុករថយន្តរបស់លោកក្នុង ល្បឿនលឿនជាង១វិនាទី ប្រសិនបើក្រាបទាន់ ឬមិនទាន់ទេនោះជីវិត មិនអាចរស់នៅបានឡើយ ។  

លោកបញ្ជាក់ថា ការក្រាបចុះរបស់លោកនោះ គឺគ្រាន់តែការតក់ស្លុតប៉ុណ្ណោះ ដោយមិនសង្ឃឹមថា ការក្រាបចុះនោះធ្វើឱ្យលោកអាច គេចផុតពីគ្រោះថ្នាក់នេះបានឡើយ ប៉ុន្តែក្រោយពីហេតុការណ៍នោះកើតឡើង លោកបានដឹងខ្លួន ហើយនៅមានស្មារតីស្រែករកក្រុមការងារ ទាំងអស់ដែលនៅក្នុងរថយន្ត ។ លោកបន្ថែមថា នៅខណៈលោកមិនបានគិតពីអ្វីក្ រៅពីរករថយន្តពេទ្យ ដើម្បីជួួយសង្គ្រោះមនុស្សដែលមកជាមួយលោក  លោកបានឃើញមនុស្សនៅក្នុងរថយន្តសន្លប់ ទាំងអស់ដឹងខ្លួនតែលោកម្នាក់គត់ ហើយលោកបានបីជនរងគ្រោះ ដែលនៅមានដង្ហើមចេញពីរថយន្ត ។ បន្ទាប់មកក៏មានប្រជាជនដែលរស់ នៅក្បែរនោះបាននាំគ្នាមកជាបណ្ដើរៗ ហើយលោកក៏បានសុំអង្វរឱ្យ ប្រជាពលរដ្ឋទាំងនោះជួយសហការជាមួយលោក ដើម្បីហៅរថយន្តពេទ្យមកជួយសង្គ្រោះ ជនរងគ្រោះទាំង អស់  ។ 

លោកបានបញ្ជាក់ថា ក្នុងពេលនោះលោក គិតអ្វីក៏មិនចេញឡើយ សូម្បីតែនិយាយទូរស័ព្ទក៏មិនអាចនិយាយបានដែរ ។ ហេតុនេះលោកបានសុំឱ្យប្រជាពលរដ្ឋ ដែលនៅក្នុងហេតុការណ៍ជួយលោក ។  ក្រោយមកប្រជាពលរដ្ឋបានទូរស័ព្ទ ចូលស្ថានីយវិទ្យុABCដើម្បីធ្វើការផ្សព្វផ្សាយ ហើយវិទ្យុក៏បានទំនាក់ទំនង ហៅរថយន្តពេទ្យមកដល់កន្លែងកើតហេតុ ត្រឹមរយៈប្រហែលកន្លះម៉ោងក្រោយ ហេតុការណ៍បានកើតឡើង ។ ក្រោយពេលរថយន្តពេទ្យមកដល់មនុស្សដែលមានជីវិត នៅក្នុងហេតុការណ៍នោះត្រូវបានគេ ដឹកយកទៅសង្គ្រោះភ្លាមៗ ហើយរូបលោកផ្ទាល់ក៏គិតថា មនុស្សទាំងអស់ដែលនៅក្នុងរថយន្ត មិនអាចបាត់បង់ជីវិតឡើយ ពោលគឺពួកគេគ្រាន់តែសន្លប់ប៉ុណ្ណោះ។ ប៉ុន្តែក្រុមរថយន្តសង្គ្រោះបានប្រាប់លោកថា ពួកគេបានបាត់បង់ជីវិតអស់ហើយ តែលោកនៅតែមិនជឿ ដោយសារលោកគិតថា មនុស្សដែលមានកម្លាំងពេញខ្លួនសោះ ហេតុអ្វីក៏ស្លាប់ស្រួលដូច្នេះ ។

ពេលនោះក៏បានសុំអង្វរករក្រុមអ្នកសង្គ្រោះ ទាំងនោះឱ្យជួយមើលម្ដងហើយម្ដងទៀត តែក្រុមការងារទាំងនោះមិនអាចទទួលបានឡើយ ដោយសារជនរងគ្រោះទាំងនោះបានស្លាប់បាត់ទៅហើយ ។ ដោយឡែកពាក់ព័ន្ធនឹងពាក្យបណ្តឹងដែលក្រុមគ្រួសារ របស់លោកបានដាក់ប្តឹងទាមទារសំណងពី ម្ចាស់ក្រុមហ៊ុនSKចំនួនជិត១០ម៉ឺនដល្លារនោះខេមរៈ សិរីមន្ត បានអះអាងថា  បណ្តឹងដែលលោកបានដាក់ទៅនោះគឺ ក្នុងគោលបំណងដើម្បីបញ្ជៀសកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បន្តទៀតព្រោះប្រសិនពាក្យបណ្តឹងដែលបានដាក់ទៅនោះ មានលក្ខណៈធូរស្រាលងាយស្រួលដោះស្រាយវា នឹងរិតតែធ្វើឱ្យអ្នកបើកររថយន្តកុងតឺន័រមួយ ចំនួននៅតែមិនខ្លាចញញើតនៅក្នុងការបង្ក គ្រោះថ្នាក់កើតឡើងនោះឡើយ ។

ហេតុនេះបណ្តឹងរបស់លោកគឺជាការជំរុញដល់អ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនឱ្យមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការត្រួតពិនិត្យយានយន្ត និងអ្នកបើកបរមុនពេលធ្វើដំណើរ ។ លោកយល់ថា សំណងដែលបានដាក់នេះគឺមិនមែនសំដៅលើការ ខូចខាតទ្រព្យសម្បត្តិរបស់លោកទាំងស្រុងឡើយ ពោលគឺជាការដាក់កម្រិតមួយ ដើម្បីសង្កត់ទៅលើអ្នកបើបរ និងម្ចាស់ក្រុមហ៊ុនដែលមានការធ្វេសប្រហែស នាំឱ្យមានគ្រោះថ្នាក់រហូតបាត់បង់អាយុជីវិតមនុស្ស៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]