មេស្នងការប៉ូលីស  Cho Hyun-Oh អាយុ ៥៦ ឆ្នាំនៃប្រទេសកូរ៉េ លាលែងពីដំណែងដោយសារ ករណីរំលោភនិងសម្លាប់មួយ ក្នុងពេលថ្មីៗនេះ ។ សាធារណជននៅប្រទេសកូរ៉េ មានការខឹងសម្បានឹងប៉ូលីសកូរ៉េ នៅពេលគេដឹងថា ជនរងគ្រោះអាយុ ២៨ ឆ្នាំ បានទូរស័ព្ទហៅប៉ូលីសឲ្យជួយនាងបន្ទាន់ ពេលនាងដឹងថា មានជនមួយ បានលួចចូលក្នុងផ្ទះរបស់នាង។ នាងពួនក្នុងបន្ទប់របស់នាងចាក់សោជាប់ ហើយទូរស័ព្ទហៅប៉ូលីស នឹង ផ្តល់ទីតាំងផ្ទះរបស់នាងត្រឹមត្រូវ ប៉ុន្ដែដោយសារបញ្ហាបច្ចេកទេស រវាងអ្នកគ្រប់គ្រងបណ្តាញទំនាក់ទំនងប៉ូលីស និង ប៉ូលីសដែលប្រចាំការ បណ្ដាលឲ្យប៉ូលីស ទៅស្វែងរកជនរងគ្រោះ ខុសកន្លែងអស់រាប់ម៉ោង។

ជនរងគ្រោះបានទុកទូរស័ព្ទបើកចោល ហើយគេលឺសំឡេងជនដៃដល់ទម្លាយទ្វារចូលក្នុងបន្ទប់នាង ហើយនាងស្រែកដូចជាគេវាយធ្វើបាបនាង ថែមទាំងអង្វរជនដៃដល់ទុកជីវិតឲ្យនាង។

សាកសពរបស់នាង ត្រូវបានគេរកឃើញមួយថ្ងៃក្រោយថ្ងៃកើតហេតុ ដែលខ្លួនប្រាណរបស់នាងបានជនដៃដល់ កាត់ជាកង់ៗញាត់ចូលក្នុងថង់។ ជនសង្ស័យអាយុ ៤២ ឆ្នាំ ដែលជាកម្មករមកពីប្រទេសចិន ត្រូវបានប៉ូលីសឃាត់ខ្លួន ។

សាធារណជនខឹងនឹងប៉ូលីសដោយសារ តែប៉ូលីសខំបិទបាំងរឿងឃាតកម្មនេះ ហើយ ថែមទាំងផ្ដល់ព័ត៌មានមិនត្រឹមត្រូវ។ ស្នងការ  Cho Hyun-Oh ចេញមុខទទួល ខុសត្រូវរាល់កំហុស ទាំងឡាយក្នុងករណីនេះ ហើយសន្យាថានឹងស្វែករកសំណងដល់គ្រួសារជនរងគ្រោះ។

មេស្នងការក៏ធ្លាប់មានរឿងអាស្រូវពីមុនមក ដូចជាក្នុងចុងឆ្នាំ ២០១១ គាត់ត្រូវបានគេរិះគន់ ពីភាពគ្មានសមត្ថភាពក្នុងការទប់ស្កាត់ ការវាយតប់គ្នារវាងប៉ូលីស និង ក្រុមអ្នកលេងប្រចាំក្រុង Incheon ប្រទេសកូរ៉េមួយក្រុមធំ និង បានរិះគន់ពីបក្សពួកនិយមក្នុងអង្គភាពប៉ូលីសរបស់លោក។

រូបមេស្នងការ

ដោយ វីន

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]