រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ដោយ​សារ​តែ​ស្រឡាញ់​ប្រពន្ធ​លើស​ពី​ជីវិត​របស់​ខ្លួន​ តែ​បែរជា​នាង​​ចាក​ចេញ​ពី​ផ្ទះ​អស់រយៈ​ពេល​ជា​ច្រើនខែ​​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​​​ផឹក​ថ្នាំ​កណ្តុរ​ដើម្បី​បញ្ចប់​ជីវិត​ តែ​ត្រូវ​​​​សាច់​ញាតិ​​ឃើញ​ទាន់​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែ​ត​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៩ មេសា ។ អំពើ​របស់​បុរស​រូប​នេះមាន​ន័យ​ថា បើ​គ្មាន​អូន​បង​រស់​ក៏​គ្មាន​ន័យ​ដែរ ។

បុរស​ដែល​ស្រឡាញ់​ប្រពន្ធ​ចាក់​ទឹក​មិន​លិច​​ ហើយ​​​ផឹក​ថ្នាំ​កណ្តុរ​ប៉ង​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​ពេជ្រ មែន អាយុ​២២​ឆ្នាំ​ ធ្វើ​ស្រែ​ចម្ការ​ ស្នាក់​នៅ​ភូមិ​ភ្នំ​ប្រាំ​ពីរ ឃុំ​ចក្រី ស្រុក​ភ្នំព្រឹក ខេត្ត​បាត់​ដំបង​ រី​ឯ​ប្រពន្ធ​ឈ្មោះ​យ៉ិត គឹមហៀង​ អាយុ​២០​​ឆ្នាំ មាន​ស្រុក​កំណើត​នៅភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ​ ស្រុក​បរិបូណ៌ ខេត្តកំពង់​ឆ្នាំង ។

សាច់​ញាតិ​​​និយាយ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ពេជ្រ មែន បាន​រៀប​ការ​ជា​មួយ​​​នាង​យ៉ិត គឹម​ហៀង​ នៅ​ថ្ងៃ​ទី​១១ មិថុនា ឆ្នាំ​២០១១ ​នៅ​ផ្ទះ​ខាង​ស្រី ។ ​ពិធី​មង្គល​ការ​នេះ​​មិន​​មាន​ការ​បង្ខិត​បង្ខំ​ពី​ភាគី​ណា​មួយ​​ទេ គឺ​ពួក​គេ​ទាំង​ពីរ​នាក់​យល់​ព្រម​ស្មោះ​ស្ម័គ្រ​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​រៀ​ង​ៗខ្លួន​​ និង​ពិធី​ការ​បាន​ដំណើរ​ការ​ចប់​ចុង​ចប់​ដើម​យ៉ាង​រលូន​ ។ ក្រោយ​ពី​ស្នាក់​នៅ​ផ្ទះ​ខាង​ស្រី​អស់​មួ​យ​រយៈ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​កាន់​ដៃ​គ្នា​ធ្វើ​ដំណើរ​មក​នៅ​ខាង​ប្រុស​ឯភូមិ​ភ្នំ​ប្រាំ​ពីរ ឃុំ​ចក្រី ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់​ដំបង ដោយ​ប្រកប​រប​រ​ធ្វើ​ស្រែ​ចម្ការ ។

ទាំង​ពី​នាក់​​ប្តី​-​ប្រពន្ធ​មិន​ដែល​ត្អូញ​ត្អែរ​ពី​ការ​លំ​បាក​ឡើយ​ ពួក​គេ​​​ស្រឡាញ់​គ្នា​បាត់​មុខ​មិន​បាន ​ទៅណា​​មក​ណា​តែ​ពីរ​នាក់​ ចំណែក​ឪពុក​ក្មេក​-ម្តាយ​ក្មេក​​ក៏​ស្រឡាញ់​កូន​ប្រសា​ស្ទើរ​លេប​ ព្រោះ​នាង​ជា​ប្រតិ​បត្តិ​បាន​ល្អ​ក្នុង​នាម​ជា​កូន​ប្រសា​ស្រី ។

គ្មាន​ឪពុក​ម្តាយ​ណា​មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​កូន​ចេះ​ស្រឡាញ់​គ្នា​ចាក់​ទឹក​មិន​លិច​នោះទេ ក៏​ប៉ុន្តែ​នៅ​លើ​លោក​នេះ​មិន​មាន​អ្វី​ទៀង​​ទាត់​​​​ទេ គឺ​ស្រាប់​តែ​នៅថ្ងៃទី​១២ មីនា ឆ្នាំ​២០១២ នាង​​យ៉ិត គឹម​ហៀង បាន​បាត់​ពី​ផ្ទះ​មិន​ដឹង​មូល​ហេតុ​​ ។ លុះ​បាន​បី​ថ្ងៃ​​ទើប​ឮ​ដំណឹង​ថា នាង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះវិហារ តែ​មិន​ដឹង​ជា​ទៅ​ជា​មួយ​អ្នក​​ណា​​ទេ ។ បញ្ហា​នេះ​​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ ជា​ពិសេស​បុរស​ជា​ប្តី​​​ខ្វាយ​ខ្វល់​យ៉ាង​ខ្លាំង​ពី​សុវត្ថិ​ភាព​ប្រពន្ធ​របស់​ខ្លួន​។ ដោយ​សារ​តែ​ការ​ស្រឡាញ់​​ឪពុក​ក្មេក​ក៏​​​ផ្ញើ​លុយ​តាម​រយៈ​ក្រុម​ហ៊ុន​វីង ដើម្បី​ឱ្យ​នាង​ជា​កូន​ប្រសាធ្វើ​​សោហ៊ុយ​វិល​ប្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ ​ហើយ​ការ​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​នាង​យ៉ិត​ គឹម​ហៀង បាន​រហូត​តែ​នាង​មិន​ប្រាប់​ពី​ទី​កន្លែង​ច្បាស់​លាស់​ឡើយ​​ហាក់​ដូច​ជា​មាន​អ្វី​​​គំរាម​កំហែង​នាង​ជា​និច្ច​ ។

តាម​ប្រភព​ព័ត៌​មាន​បន្ត​ថា ក្រោយ​មក​​ទៀត​បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ថ្លែង​ពី​ទឹក​ចិត្ត​អាណិត​ស្រឡាញ់​នាង​កាន់​តែ​ខ្លាំង​ក្លា​ ខណៈ​ពេល​នាង​ចាក​ចេញ​ពី​ផ្ទះ​អស់​រយៈ​ពេល​ជាច្រើន​ខែ ។​បុរសជាប្តី​​ព្យាយាម​អង្វរករ​​ភរិយាឲ្យ​ត្រឡប់​មក​ផ្ទះវិញ ហើយរឿង​កន្លង​ផុតទៅ​នោះ​ចាត់ទុកថា ជាការយល់សប្តីទៅចុះ។ ប៉ុន្តែនៅពេលថ្មីៗនេះ​ពេល​ប្តីនាង​ទូរ​ស័ព្ទ​ទៅ​នាងលើកទូរស័ព្ទនិយាយ តែនិយាយបណ្តើរយំបណ្តើរ និងមានការគំរាម​ឲ្យឈប់​និយាយ​​​ពីបុរស​ម្នាក់ដែល​នៅក្បែរ​នាង​។ ​​តាមការលេចឮព័ត៌មានថា នាង​យ៉ិត គឹម​ហៀង ទំនងកំពុងរស់​នៅឯខេត្តកំពត តែមិង​ដឹង​​​នៅ​ជាមួយ​អ្នក​ណាទេ ។

សាច់ញាតិបុរសខូចចិត្តបន្ត​ថា ​ក្រោយពី​ប្រពន្ធ​ចាកចោល​ពី​ទ្រូង​​​មិនដឹង​​ពី​មូលហេតុបែប​នេះ​ធ្វើឱ្យ​ ពេជ្រ មែន លែង​ហូប​បាយចូល គឺផឹក​តែទឹកនិងមួយថ្ងៃៗឈរសញ្ជប់​សញ្ជឹង​ម្នាក់​ឯង​លែង​និយាយ​រក​សាច់​ញាតិ​ហាក់​ដូចជាមនុស្ស​គ្មានវិញ្ញាណក្នុងខ្លួនហើយ​​បានចាក​​ចេញ​ពី​​ស្រុក​កំណើតមក​ផ្ទះ​ម្តាយ​មីង​នៅឯ​សង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីស្វែងរក​ប្រពន្ធ​ក្រែង​​ព្រះ​លោក​ជួយ​ឲ្យ​ជួបនាង​វិញ ព្រោះឮថា នាង​យ៉ិត​គឹម​ហៀង​ទំនង​ជា​ចាញ់​បោក​គេត្រូវគេ​យក​ទៅ​លាក់​នៅខេត្តកំពត ។​ បុរស​​ជាប្តី​បានប្រាប់ម្តាយ​មីង​ថា ខ្លួនគេមិនយកទោសពៃរ៍អ្វី​ឡើយ​​ចំពោះ​ប្រពន្ធឲ្យតែ​នាងវិលមករួមរស់ជា​មួយ​គ្នាវិញ​​ ។

លោក​តា លោក​យាយរបស់បុរសខូចចិត្ត​បានអង្វរករចៅប្រុស​ឲ្យឈប់​គិត​​និង​ខិត​​ខំកាត់​ចិត្ត​ពីប្រពន្ធ​ទៅ តែ​គេនៅតែ​មិន​ព្រម​ស្តាប់ ហើយ​ក៏មិន​ហូប​បាយ​ដែរ ។

សាច់ញាតិ​បញ្ជាក់ថា ​នៅ​រសៀល​ថ្ងៃទី៩ មេសា ​បុរស​​​​​​​​​​ខូច​ចិត្តនេះ​បាន​ទិញ​ថ្នាំបំពុល​សត្វ​កណ្តុរ​យកមក​ទុកក្នុងកាបូបស្ពាយ ហើយ​ផឹក​អស់​​ជាច្រើន​កញ្ចប់ តែ​ត្រូវ​​​សាច់ញាតិ​ឃើញ​ទាន់​នាំគ្នា​ដឹក​​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដើម្បី​សង្គ្រោះ​ជីវិត​ ។

​គ្រូពេទ្យ​បាន​ឲ្យក្រុម​គ្រួសារ​ដឹងថា ​ពេជ្រ​មែន បាន​រួច​ផុ​ត​ពីសេច​ក្តី​ស្លាប់ហើយដោយ​សារ​​ថ្នាំមិន​ទាន់ជ្រួត​ជ្រាបពេញខ្លួន តែបើមកយឺត​ពេលវិញពិត​ជា​ស្លាប់មិនខានឡើយ ។

តាមរយៈសារព័ត៌មានកោះសន្តិភាពសាច់​ញាតិក៏ដូចជាបុរសជាប្តីបាន​អង្វរដល់នាងយ៉ិត គឹមហៀង ឲ្យវិលត្រលប់ទៅ​រួម​​រស់ជា​មួយ​ប្តីវិញ​ ៕ វិលវិញ​មក​អូន​!​ ​

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]