ខេត្តបាត់ដំបង ៖ បុរសម្នាក់បានត្រូវកូនដើមវាយស្លាប់ ក្រោយពីប៉ះទង្គិចពាក្យសំដីមួយប្រាវជាមួយប្រពន្ធ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ ឧសភា នៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ចំណែកជនដៃដល់ក៏បាន រត់គេចខ្លួនបាត់ទាំងយប់ ។ ក្រោយពេលកើតហេតុបន្តិច ប្រជាពលរដ្ឋនៅក្នុងភូមិប្រាប់ កោះសន្តិភាពតាមទូរស័ព្ទថា ជនរងគ្រោះឈ្មោះចាន់ រឿន អាយុ៣៨ឆ្នាំ ដែលមានភរិយាឈ្មោះហឹម ថន អាយុ៤៨ឆ្នាំ ។

ចំណែកកូនដើម(កូនប្ដីមុន) ដែលជាជនដៃដល់ឈ្មោះស៊ឹម ពុធ អាយុ២២ឆ្នាំ បានប្រើដែកវាយចំក្បាលជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗ បន្ទាប់ពីមានការឈ្លោះ ប្រកែកគ្នាមួយប្រាវ ប៉ុន្តែគ្រានោះជនដៃដល់ក៏បានគេចខ្លួនទាំង យប់បាត់ស្រមោលដែរមុនពេល សមត្ថកិច្ចចុះទៅដល់។ភរិយាជនរងគ្រោះ អ្នកស្រីហឹម ថន រៀបរាប់តាមទូរស័ព្ទដែរថា ដំបូងអ្នកស្រី និងស្វាមីឈ្លោះប្រកែកគ្នា ហើយស្វាមីចេះតែតិះដៀល គាត់គ្មានសំចៃមាត់ទេ ឲ្យតែខឹងកូនប្រុសដែលជាកូនប្ដីមុននេះ ។

ជាមួយគ្នានោះ គាត់ក៏បានស្ដីបន្ទោសកូនប្រុសនេះដែរ រហូតតឹងសរសៃកដាក់គ្នាទៀតផង ដែលក្លាយទៅជាទម្លាប់ នៅក្នុងគ្រួសារគាត់ទៅហើយ ។ អ្នកស្រីបញ្ជាក់ថា គ្រានោះគាត់ដើរទៅដុតភ្លើង ស្រាប់តែកូនប្រុសទាញសោម៉ាឡេតសម្រាប់ ដោះខ្ចៅត្រាក់ទ័រមកវាយ ក្បាលឪពុកចុងភូសៗ សូម្បីតែគាត់មកជួយក៏មិនទាន់ផង ធ្វើឲ្យប្ដីអ្នកស្រីស្លាប់ភ្លាមតែម្ដង រីឯកូនប្រុសនេះក៏គេចខ្លួនភ្លាមៗដែរ ។ អ្នកស្រីបញ្ជាក់ទៀតថា ប្ដីគាត់និងកូនប្រុសគាត់ប្ដីមុន នេះមិនដែលត្រូវគ្នាទេ ឲ្យតែជួបមុខគ្នាឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ។

អ្នកភូមិបញ្ជាក់ដែរថា តាមគេធ្លាប់ស្គាល់ប្រវត្តិខ្លះៗ គឺកូនដើមនោះជាអ្នកប្រើប្រាស់ថ្នាំញៀនផង ហើយតែងតែបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ ដូច្នេះហើយទើបឪពុកចុងមិនសប្បាយចិត្ត ពេលឃើញមុខលោកកូនដើម នេះម្ដងៗតែងតែឈ្លោះគ្នាពុំដែលខាន ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះទាំងយប់ និងកំពុងតាមស្រាវជ្រាវរកកូន ដើមជាជនដៃដល់នោះ តែមិនដឹងថា តើអាចឃាត់ខ្លួនបាន ឬយ៉ាងណាទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]