ខេត្តកំពង់ចាម ៖ ក្រុមចោរលីអូដែលល្បីល្បាញ ខាងធ្វើសកម្មភាពប្លន់ ហើយបាត់ឈ្មោះជាយូរមក ហើយនៅតាមស្រុក-ក្រុងទាំង១៧ នៅតំបន់ត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គ ពេលនេះបានលេចមុខជាថ្មី។ តាមប្រភពព័ត៌មានឱ្យដឹងថា ក្រុមចោរមានគ្នាចំនួន៤នាក់ ប្រដាប់ដោយអាវុធខ្លី១ដើម បានធ្វើសកម្មភាពចូលប្លន់ ផ្ទះតាយាយ២នាក់ ដែលជាអ្នកលក់ដូរបន្តិច បន្តួចនៅក្នុងភូមិទី៧ ឃុំកងតាណឹង ស្រុកកងមាស កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៣១ ឧសភា ព្រមទាំងបាញ់គំរាម១គ្រាប់ ធ្វើឱ្យតាភ័យតក់ស្លុត។

លោកវរសេនីយ៍ត្រី សូ សារិទ្ធ អធិការនគរបាលស្រុកកងមាស ឱ្យដឹងថា តាម្ចាស់ផ្ទះឈ្មោះ អុី ឡូញ អាយុ៦១ឆ្នាំ ហើយនៅវេលាម៉ោងជាង៧យប់នោះ ខណៈកំពុងអង្គុយហូបបាយនៅ លើគ្រែសំយាបមុខផ្ទះ ស្រាប់តែមានក្រុមចោរប្លន់៤នាក់ ក្នុងនោះពាក់ម៉ាស់មុខ២នាក់ ចូលមកដល់ចាប់អូសគាត់ទម្លាក់ពីលើគ្រែ ហើយយកក្រមាចងជើងជាប់ ព្រមទាំងសម្លុតឱ្យយកទ្រព្យ ដែលមាននៅលើផ្ទះមកឱ្យពួកគេជាបន្ទាន់ ។ ពេលចោរកំពុងធ្វើសកម្មភាពនោះ ប្រពន្ធរបស់គាត់ឈ្មោះ ឃឹម យ៉ែម អាយុ៥៨ឆ្នាំ ដែលនៅខាងក្រោមផ្ទះមើលមកឃើញ ក៏រត់ទៅពួននៅក្បែរជង្រុកស្រូវ ។ ពេលនោះគាត់ឃើញចោរម្នាក់ យកកាំភ្លើងខ្លីភ្ជង់តា ហើយបាញ់១គ្រាប់គំរាម។

បន្ទាប់មកក្រុមចោរបានតាមរកយាយ តែរកមិនឃើញ ក៏នាំគ្នាឡើងទៅលើផ្ទះក្នុង គោលបំណងរកទ្រព្យ ។ លុះក្រុមចោរឡើងទៅបានបន្តិច មិនទាន់នឹងយកអ្វីបានផង តាដែលនៅក្រោមផ្ទះ បានប្រឹងរើបម្រះរហូតរបូត ចំណងពីជើងទាំងពីរ និងរត់ចេញទៅផ្ទះអ្នកភូមិផងរបងជាមួយ ថែមទាំងស្រែកឱ្យគេជួយ ព្រោះមានចោរចូលប្លន់ផ្ទះរបស់គាត់។ ចំណែកពួកចោរ ពេលឮសូរតាម្ចាស់ផ្ទះស្រែក យ៉ាងដូច្នេះមិនហ៊ាននៅទេ បាននាំគ្នាប្រញាប់រត់ចុះមកដីវិញ ហើយគេចខ្លួនបាត់អស់។

លោកអធិការបន្តថា ពេលដឹងពីហេតុការណ៍ នោះ លោកបានចាត់លោកនាយ ប៉ុស្តិ៍រដ្ឋបាលកងតាណឹង ឱ្យដឹកនាំកម្លាំងក្រោមឱវាទ ចុះទៅទាំងយប់ដល់ផ្ទះកើតហេតុ។ ជាមួយនេះ សមត្ថកិច្ច ប្រមូលភ័ស្តុតាងបានមួយចំនួនដូចជា ក្រមា២ ស្បែកជើង២គូ ម៉ាស់បិទមុខ១ ដែលបានបន្សល់ទុកនៅផ្ទះតាយាយរងគ្រោះ ។ រហូតមកដល់ម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី១ មិថុនា នៅចម្ងាយប្រមាណជា៧គីឡូម៉ែត្រពីផ្ទះកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រែកកុយ បានឃាត់ខ្លួនជនសង្ស័យ២នាក់ គឺឈ្មោះ ម៉ូត រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ នួន តេងលី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលស្លៀកតែខោលីអូ ដើរតាមផ្លូវទាំងពីរនាក់ គួរឱ្យសង្ស័យ ហើយបានហៅឃាត់ដើម្បីសួរនាំ។

ជនសង្ស័យឈ្មោះ ម៉ូត រដ្ឋា ឆ្លើយសារភាពថា ក្រុមរបស់គេកាលពីយប់ថ្ងៃទី៣១ ឧសភា ពិតជាបាននាំគ្នាធ្វើសកម្មភាពចូលប្លន់ ផ្ទះរបស់តាយាយនៅភូមិទី៧ ឃុំកងតាណឹង ប្រាកដមែន ។ ក្រោយពីទទួលបានបញ្ជាពី លោកអធិការនគរបាលស្រុក ក៏ដូចជាលោកស្នងការនគរបាលខេត្ត សមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ នៅព្រឹកថ្ងៃទី២ មិថុនា ហើយប្រទះឃើញកាំភ្លើងខ្លី១ដើម ម៉ាកកា59 នៅក្នុងព្រៃរបោះ ។ ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោមកិច្ចសហការជាមួយ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ព្រមទាំងសុំដីកាតាមចាប់បក្ស ពួកមួយចំនួនទៀត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]