ខេត្តប៉ៃលិន ៖ ថ្វីដ្បិតតែទិវាកុមារអន្តរជាតិ១ មិថុនា ទើបតែកន្លងផុតទៅថ្មីៗក្តី ប៉ុន្តែការរំលោភបំពាននៅលើសិទ្ធិ របស់កុមារយ៉ាងសាហាវព្រៃផ្សៃខ្លះៗ នោះនៅតែមានដដែល ។ ជាក់ស្តែងរឿងរ៉ាវរបស់កុមារអនាថា អាយុ១០ឆ្នាំម្នាក់ នេះ ត្រូវបានលាតត្រដាងពីជីវិតរស់ក្រោមគំនាប មេខ្យល់ចាប់បង្ខំឱ្យដើរសុំទាន នៅក្រុងបាងកកប្រទេសថៃក្នុង ចំណោមកុមារ៤នាក់ និងទទួលរងនូវការ ធ្វើទារុណកម្មគួរឱ្យសង្វេគ។

ក្មេងប្រុសអនាថាម្នាក់នេះត្រូវ មេខ្យល់ជាជនជាតិខ្មែរតែង ធ្វើទារុណកម្មយ៉ាងសាហាវព្រៃ ផ្សៃជារៀងរាល់ថ្ងៃ និងប្រើឱ្យដើរសុំទានគេនៅស្រុកថៃ ដើម្បីបានលុយយកមកឱ្យខ្លួន ។ កុមាររូបនេះត្រូវបានតម្រួតឈុតខ្មៅថៃ ចាប់បញ្ជូនមកតាមច្រកទ្វារខេត្តប៉ៃលិន កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២ មិថុនា ២០១៣ ។ ក្មេងប្រុសអនាថា ប៊ូ ឡុង អាយុ១០ឆ្នាំ មានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គេមានបងប្អូនចំនួន៣នាក់ មានឪពុកឈ្មោះ ប៊ូ ចយ អាយុ៣៥ឆ្នាំ ស្លាប់ ម្តាយឈ្មោះ រស់ អាយុ៣០ឆ្នាំ ជាអ្នកស៊ីឈ្នួលដើរសុំទាននៅ ស្រុកថៃឱ្យមេខ្យល់ខ្មែរម្នាក់នោះផង
ដែរ។

ប៊ូ ឡូង បន្តថា គេបានទៅសុំទាននៅប្រទេសថៃនោះ ដោយមេខ្យល់ខ្មែរម្នាក់នោះឈ្មោះ គុយ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ និងមានប្រពន្ធឈ្មោះ ហីុង អាយុប្រហែល៤០ឆ្នាំ។ មេខ្យល់ទាំងពីរនាក់ប្តីប្រពន្ធនេះ តែងតែងនាំមនុស្សក្មេងចាស់ប្រុស ស្រីពីស្រុកខ្មែរទៅដើរសុំទានគេនៅស្រុកថៃចំនួន៨នាក់ ។ នៅពេលដើរសុំទាននៅទីនោះ ពួកគេត្រូវបានមេខ្យល់ពីរនាក់ ប្តីប្រពន្ធបែងចែកជាពីរក្រុម ដោយប្តីគ្រប់គ្រងក្មេងតូចៗអាយុក្រោម១៥ឆ្នាំ។ ចំណែកប្រពន្ធវិញគ្រប់គ្រង មនុស្សចាស់ៗ អាយុជាង៥០ឆ្នាំឡើងលើ ។

កុមារកម្សត់រូបនេះបន្តទៀតថា នៅក្នុងក្រុមរបស់គេមាន ក្មេងចំនួន៤នាក់ទី១គឺរូបគេ ត្រូវមេខ្យល់វាយធ្វើបាបជារៀងរាល់ថ្ងៃ និងយកកាំបិតអារស្មា ខាងឆ្វេងរបស់គេឱ្យរបួស ។ ២-ឈ្មោះ ទីណា ភេទប្រុស អាយុ១០ឆ្នាំ ។ ៣-ឈ្មោះ លីណា ភេទប្រុស អាយុ៨ឆ្នាំ ទាំងពីរនាក់មានស្រុកកំណើតរស់នៅខេត្តព្រៃវែង និង៤-ឈ្មោះ ណាឡា ភេទប្រុស អាយុ៩ឆ្នាំ រស់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក៏ត្រូវមេខ្យល់កាប់ដាច់ក ដៃខាងឆ្វេងដើម្បីបង្ខំឱ្យដើរសុំទានគេដែរ ។ ចំណែកមនុស្សចាស់ៗផ្សេងទៀតក៏ ត្រូវមេខ្យល់វាយធ្វើបាបយា៉ងខ្លាំងផងដែរ ប៉ុន្តែគ្រាន់តែរូបគេអត់ស្គាល់ ឈ្មោះក្រៅពីម្តាយរបស់ខ្លួនប៉ុណ្ណោះ ។

ក្មេងប្រុសអនាថារៀបរាប់បន្តទៀតថា រូបគេត្រូវបានមេខ្យល់ដាក់ ឱ្យរស់នៅឆ្ងាយពីម្តាយ ហើយក៏ឱ្យដើរសុំទានបែកពីពួកមនុស្សចាស់ៗដែរ ។ ពេលសុំទានបានត្រូវមេខ្យល់ ប្រមូលយកលុយអស់ពីខ្លួន ។ លុះពេលពួកគេឃា្លនចង់ហូបនំឬការ៉េម ហើយទៅសុំលុយទិញ ហូបបន្តិចបន្តួចពីមេខ្យល់នោះ គឺគេមិនឱ្យឡើយ ថែមទាំងចាប់អូសដៃយកទៅចាក់ សោនៅក្នុងបន្ទប់រួចវាយធ្វើបាបយ៉ាងព្រៃផ្សៃ ហើយថែមទាំងគំរាម និងបំភិតបំភ័យថា នឹងឱ្យតម្រួតថៃចាប់ដាក់គុកទៀតផង ។ លើសពីនេះទៀត ជួនកាលខ្លួនត្រូវបានមេខ្យល់ទាំង ប្តីប្រពន្ធវាយនិងខ្សែភ្លើង វាយនឹងដំបង យកកាំបិតអារដៃ អារជើង បណ្តាលឱ្យមានរបួស ហូរឈាមពេញខ្លួន ។

បើទោះជារងនូវការឈឺចាប់យ៉ាងណា ក៏ខ្លួនមិនហា៊នតបតឬស្រែក យំនោះឡើយ ពីព្រោះមេខ្យល់ដ៏កំណាចនោះ បានគំរាមកំហែងជាប់ជានិច្ច ។ 
ក្មេងប្រុសអភ័ព្វនេះនិយាយទៀតថា នៅល្ងាចថ្ងៃដដែលនោះតម្រួតថៃ បានចាប់រូបគេបាន ខណៈទៅសុំលុយពីមេខ្យល់ ចំនួន១០បាត (ជាង១ពាន់រៀល) ដើម្បីយកមកទិញការ៉េមហូប តែគាត់ឱ្យតែ៥បាត (ជាង៥រយរៀល) ប៉ុណ្ណោះ ថែមទាំងទាញរូបគេយកទៅក្នុងបន្ទប់ចាក់សោ ហើយវាយដំយ៉ាងព្រៃផ្សៃ ទើបធ្វើឱ្យគេទ្រាំពុំបាន នាំគ្នាទាំងបួននាក់សុំរថយន្ត គេជិះពីលិចមកកើត មកព្រំដែនខេត្តប៉ៃលិន ។ ពេលមកដល់ ពួកគេបានចុះពីលើរថយន្ត ក៏ត្រូវតម្រួតថៃ ឃើញ ក៏ដេញចាប់បណ្តាលឱ្យពួកគេរត់បែកខ្ញែកគ្នាអស់ ឯរូបគេត្រូវចាប់បញ្ជូន មកខេត្តប៉ៃលិនតែម្តង ។ ចំណែក៣នាក់ទៀត មិនដឹងរត់ទៅដល់ទីណាទេ។

ទាក់ទិនទៅនឹងបញ្ហាក្មេងអនាថាម្នាក់នេះ ត្រូវបានមន្ត្រីប៉ូលិសអន្តោប្រវេសន៍ ច្រកព្រំដែនខេត្តប៉ៃលិន យកទៅផ្ញើទុកនៅក្នុងមណ្ឌល កុមារកំព្រាមួយកន្លែង ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយមានប្រធានអង្គការអាហ្វីស៊ីប ចូលរួមមើលការខុសត្រូវផងដែរ ដើម្បីរង់ចាំឱ្យសាច់ញាតិមក ទទួលយកទៅស្រុកកំណើតវិញ ។ តែបើអត់ឃើញមានអ្នកណា មកទទួលយកទៅទេ ខាងមណ្ឌលកុមារកំព្រា នឹងទទួលចិញ្ចឹមក្មេងប្រុសម្នាក់នេះ ឱ្យស្នាក់នៅសិក្សារៀនសូត្រដូចកុមារកំព្រាដទៃទៀតផងដែរ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]