ភ្នំពេញ៖មន្រ្តីអង្គភាពប្រឆាំង អំពើពុករលួយ នៅរសៀលថ្ងៃចន្ទ ទី៣ ខែមិថុនា នេះ បានធ្វើសន្និសីទសារ ព័ត៌មាន ទាក់ទងនឹងករណីឆបោក ដែលប្រព្រឹត្តឡើងដោយមន្រ្តី សាធារណៈចំនួន២រូប ដែល បំរើការ នៅក្នុង ក្រសួង មហាផ្ទៃ និងក្រសួងយុត្តិធម៌ នៅអង្គភាព ប្រឆាំងអំពើពុករលួយ។

លោក នួន សុធិមន្ត ប្រធាននាយកដ្ឋានកិច្ចការ គតិយុត្ត ពាក្យបណ្តឹង និងអន្តរជាតិ នៃអង្គភាពប្រឆាំង អំពើពុក រលួយ បានឲ្យដឹងថា អង្គភាពប្រឆាំង អំពើពុករលួយ នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០១៣នេះ បានចាប់បញ្ជូន ជនសង្ស័យចំនួន២នាក់ ឈ្មោះ នួន សារ៉ាត មន្រ្តីនៃនាយកដ្ឋានរដ្ឋប្បវេណី ក្រសួងយុត្តិធម៌ និងឈ្មោះ កែវ សុផល ជាមន្រ្តីនគរបាល នាយកដ្ឋានបេតិកភ័ណ្ឌ ក្រសួងមហាផ្ទៃ ទៅសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធ នឹងករណីឆបោក ប្រាក់ចំនួន២.៥០០ដុល្លារអាមេរិក ដោយប្រើប្រាស់ឈ្មោះ អង្គភាពប្រឆាំង អំពើពុករលួយ។

លោក នួន សុធិមន្ត បានបន្តថា"នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១២ អង្គភាពប្រឆាំងអំពើពុក រលួយ បាន ទទួលនូវ បណ្តឹងរបស់ឈ្មោះ សាន យេន ភេទស្រី អាយុ៣៥ឆ្នាំ មានមុខរបរជាកសិករ ហើយសព្វថ្ងៃរស់ នៅក្នុងភូមិតេជោ ជ្រៃបាក់ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ដែលបានប្តឹងឈ្មោះ នួន សារ៉ាត និងឈ្មោះ កែវ សុផល ថា បានឆបោកប្រាក់របស់ គាត់ចំនួន២.៥០០ ដុល្លារ សហរដ្ឋអាមេរិក ដើម្បីរត់ការដោះលែង ឲ្យនៅក្រៅឃុំនូវបង ប្អូនរបស់គាត់ឈ្មោះ ឃ្លោក វ៉ៃ ភេទស្រី ពីមន្ទីរអប់រំកែប្រែព្រៃស"។

លោក នួន សុធិមន្ត បានបន្តទៀតថា អង្គភាពប្រឆាំង អំពើពុករលួយ បានទទួលពាក្យបណ្តឹង ចំនួន ៣ ពាក់ព័ន្ធ នឹងជនសង្ស័យខាងលើ។ ក្រោយពីទទួលបាន ការ អនុញ្ញាតឲ្យបើកការស៊ើបអង្កេតបឋម ពីតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញរួចមក អង្គភាពប្រឆាំង អំពើពុករលួយ បានធ្វើការស្តាប់ចម្លើយសាក្សី ដើម បណ្តឹង និងជនសង្ស័យ ទាំងពីរនាក់ខាងលើ ជាលទ្ធផល អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា ជន សង្ស័យទាំងពីរនាក់ខាងលើ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឈ្មោះ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឆបោក ប្រាក់ពីប្រជាពលរដ្ឋ រស់នៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពតក្នុងការ រត់ការដោះលែង ជនជាប់ ចោទ ឈ្មោះ ឃ្លោក វ៉ែ ភេទស្រី ដែលត្រូវសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន នៅ ពន្ធនាគារព្រៃស។

លោក នួន សុធិមន្ត បានបញ្ជាក់ថា យើងអាចកំណត់ធាតុផ្សំ នៃបទល្មើសឆបោកតាមមាត្រា ៣៧៧, មាត្រា ៣៧៨ ,មាត្រា៣៨០ និងមាត្រា២៦ នៃក្រមព្រហ្មទណ្ឌ។

បើតាម លោក នួន សុធិមន្ត ជនសង្ស័យទាំងពីរ កំពុងដាក់ឲ្យឋិតនៅក្រោម ការត្រួតពិនិត្យ ពីបទល្មើសឆបោក មានស្ថានទម្ងន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១២ ដែលបទល្មើសនេះ ដែលមានបញ្ញត្តិ ឲ្យ ផ្តន្ទាទោសតាមមាត្រា៣៧៧, មាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ៕

ឈ្មោះ នួន សារ៉ាត

ឈ្មោះ កែវ សុផល

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]