ភ្នំពេញ៖ សមត្ថកិច្ច កងរាជអាវុធ ហត្ថ ខណ្ឌចំការមន បានព័ន្ធចាប់ចោរខ្ទើយ មួយបានម្នាក់ បន្ទាប់ពី ចោរខ្ទើយនេះ បានធ្វើសកម្មភាព បន្លំលូកយកកាបូបលុយ ពីបុរសម្នាក់ ដែលកំពុងដេក ក្នុងរថយន្តដឹកបន្លែ កាល ពីវេលាម៉ោង ១ នឹង ០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៣ នៅចំណុចផ្លូវម៉ៅសេទុង ត្រង់ស្តុបចេនឡា ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះស្ពាយកាបូបដេក ក្នុងរថយន្តដឹកបន្លែមួយគ្រឿង ដែលចតស្ងៀម នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ខណៈនោះក៏មានស្រីខ្ទើយម្នាក់ បានមកធ្វើសកម្មភាព បន្លំលួចយកកាបូប លុយនោះពីខ្លួនបុរស ដែលកំពុងដេក តែមិនបានសម្រេច ដោយសារ ម្ចាស់គេទាន់ស្រែកឆោឡោបង្កឲ្យមានការ ភ្ញាក់ផ្អើល ទើបស្រីខ្ទើយរូបនោះ បានដាក់មេប្រូចក្នុងបំណងរត់គេចខ្លួន តាមបណ្តោយផ្លូវម៉ៅសេទុង ក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌចំការមន ដែលកំពុងដើរល្បាតឃើញ ស្ទាក់ចាប់ខ្លួនបានរួចនាំយកទៅ កាន់ទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ ។

សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់ពីអត្តសញ្ញាណចោរ ខ្ទើយខាងលើនេះ បាននៅឡើយទេ ដោយសារ សមត្ថកិច្ចកំពុង ធ្វើការសាកសួរពាក់ព័ន្ធនឹងករណី ដែលបុរសម្នាក់ បានចោទនាងថា លូកយកកាបូបលុយ ពេល រូបគេកំពុងសម្រាក ក្នុងរថយន្តដឹកបន្លែ ។ ជនសង្ស័យស្រីខ្ទើយខាងលើនេះ បានប្រកែក យ៉ាងខ្លាំងមួយសមត្ថកិច្ចថា ខ្លួនមិនបានប្រព្រឹត្តអំពើដូចការ រៀបរាប់ របស់បុរសរងគ្រោះនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចក៏សម្រេចឃុំខ្លួនរូបនាងជាបណ្ដោះអាសន្ន ដោយយោង ទៅតាមពាក្យបណ្តឹងរបស់បុរសជាម្ចាស់កាបូបលុយ ។ បច្ចុប្បន្នចោរខ្ទើយ នោះត្រូវបានកងរាជ អាវុធឃាត់ខ្លួនយក ទៅកាន់ទីបញ្ជាការកង រាជអាវុធហត្ថខណ្ឌចំការមន ៕





ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]