បន្ទាយមានជ័យ៖ សពពលករខ្មែរ ចំនួន ៤នាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅប្រទេសថៃ ដោយគ្រោះថ្នាក់ចរាចរ ត្រូវបាន អគ្គកុងស៊ូលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ ប្រទេសថៃ បានបញ្ជូន ត្រឡប់មកខ្មែរវិញ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្រុង ប៉ោយបែត កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣។

យោងតាមការផ្សព្វផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា សពជនរងគ្រោះទាំង ៤នាក់ នោះ រួមមាន ទី១- ឈ្មោះ ផល យ៉ែម ភេទស្រី អាយុ ៥៨ឆ្នាំ ទី២- ឃឹម ជី ភេទស្រី អាយុ ២៨ឆ្នាំ ទី៣-ចក់ ផែម ភេទប្រុស អាយុ ៥៨ឆ្នាំ ពលករខ្មែរ ទាំងបីនាក់ មានទីលំនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវក្រុមគ្រួសារ ចាត់ចែងបូជា នៅវត្ត បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី៤-ឈ្មោះ ផាត់ បេន ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវក្រុមគ្រួសារ យកទៅចាត់ចែងបូជា ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព នៅភូមិឃុំខាងលើ ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងទៀតថា សាកសពជនរងគ្រោះ ដែលបញ្ជូនមកនេះ បានស្លាប់ដោយគ្រោះថ្នាក់ ចរាចរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ នៅខេត្តឆាកឆឹងសៅ ប្រទេសថៃ៕

     ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]