កំពង់ចាមៈ ក្រុមចោរមានគ្នា ៣ នាក់ បានធ្វើសកម្មភាព ប្រើអាវុធខ្លីជ័រ ចូលប្លន់ផ្ទះប្រជាពលរដ្ឋ លក់ឥវ៉ាន់ចាប់ ហួយ ប៉ុន្តែ ការប្លន់នោះ មិនបានសម្រេចទេ ដោយសារមានការរើបម្រះ ពីជនរងគ្រោះ និងស្រែកផ្អើលឆោឡោ ធ្វើឲ្យក្រុមចោរស្លន់ស្លោ បាញ់គ្រាប់ផាវ ១ គ្រាប់ ហើយរត់គេចខ្លួន ប៉ុន្តែ ក្នុងករណីចោរកម្មនេះ សមត្ថកិច្ចនគរ បាលស្រុកកងមាស បានជួយអន្តរាគមន៍ ចាប់បានក្រុមចោរ ២ នាក់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣ ។

ហេតុការណ៍ ក្រុមចោរប្រើកាំភ្លើងជ័រ ប្លន់ផ្ទះប្រជាពលរដ្ឋ មិនបានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ នៅភូមិទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

លោក សែន សានឌី អធិការរង នគរបាលស្រុកកងមាស បានប្រាប់ដើមអម្ពិលឲ្យដឹងថា ក្រុមចោរពីរនាក់ដែល សមត្ថកិច្ចបានឃាត់ខ្លួន ទី១-ឈ្មោះ ម៉ូត រដ្ឋា ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ទី២-ឈ្មោះ នួន តេងលី ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិខ្លែងពណ៌ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

លោកអធិការរង បានឲ្យដឹងទៀតថា នៅវេលាម៉ោងជាង ៧ យប់ ថ្ងៃកើតហេតុ នៅខណៈ ដែលប្តីប្រពន្ធជនរង គ្រោះមានវ័យចាស់ៗ មានមុខរបរ លក់ឥវ៉ាន់ចាប់ហួយបន្តិចបន្តួច កំពុងអង្គុយហូបបាយ ក្រុមចោរមានគ្នា ៣នាក់ ជិះម៉ូតូ ១ គ្រឿង បានឆ្លៀតឱកាស ចូលទៅប្រើកាំភ្លើងខ្លីជ័រភ្ជង់ និងយកដៃខ្ទប់មាត់ គម្រាមជនរងគ្រោះ ឲ្យយក លុយឲ្យពួកវា ប៉ុន្តែពេលនោះ ជនរងគ្រោះ បានអង្វរពួកវាថា គាត់គ្មានលុយទេ បន្ទាប់មក ស្ត្រីជាប្រពន្ធជនរង គ្រោះ បានរើបម្រះរួចចេញពីក្រុមចោរ ហើយបានស្រែកឆោឡោឲ្យគេជួយ ហើយពេលនោះ ក្រុមចោរ បានប្រើ កាំភ្លើងជ័រ បាញ់គ្រាប់ផាវមួយគ្រាប់ ហើយបានភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួន ដោយពេលរត់គេចខ្លួននោះ គ្នាវា ម្នាក់បានរត់ឡើងម៉ូតូ ជិះគេចខ្លួនបាត់ទៅ ។ ដោយឡែកពីរនាក់ទៀត ឡើងម៉ូតូមិនទាន់ ក៏រត់គេចចូលព្រៃ នៅក្នុង ភូមិនោះ ។

លោកអធិការរង បានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ បន្ទាប់ពីហេតុការណ៍ សមត្ថកិច្ចនគរបាល ស្រុកកង មាស បានធ្វើការឡោមព័ទ្ធនៅតំបន់ក្រុមចោរ គេចខ្លួនរហូតដល់ព្រឹកថ្ងៃទី០១ ខែមិថុនា នេះ ទើបសមត្ថកិច្ច ឃាត់ ខ្លួនក្រុមចោរបានពីរនាក់ ដែលមានឈ្មោះដូចខាងលើ ។

ជនរងគ្រោះក្នុងអំពើប្លន់នោះ មានឈ្មោះ អី ឡុញ ភេទប្រុស អាយុ ៦១ឆ្នាំ ជាប្តី និងឈ្មោះ ឃឹម យ៉ែម អាយុ ៥៨ឆ្នាំ ជាប្រពន្ធ  ។ ចំណែកឯជនសង្ស័យពីរនាក់  សមត្ថកិច្ចនគរបាលស្រុកកងមាស កំពុងកសាងសំណុំរឿង បញ្ជូនមកសាលាដំបូង ខេត្តកំពង់ចាម ចាត់ការទៅតាមនីតិវិធី ៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]