រាជធានីភ្នំពេញ ៖ ស្ត្រី៣នាក់ ខណៈពេល ចេញពីក្លឹបរាំកម្សាន្ត ហើយជិះម៉ូតូមកដល់ផ្ទះ រៀបនឹងចាក់សោទ្វារចូល ស្រាប់តែលេចក្រុមចោរ ប្រមាណ៨នាក់ ជិះម៉ូតូ៤គ្រឿង ធ្វើសកម្មភាពវាយប្លន់ យកម៉ូតូស្គូពីស៊េរីឆ្នាំ២០១៣ មួយគ្រឿង លុយ និងដោះយកគ្រឿងអលង្ការ សរុបគិតជាទឹកប្រាក់ ជាង២ពាន់ដុល្លារ រួចហើយគេចខ្លួនទៅបាត់ ។ ករណីវាយប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៣១ ឧសភា នៅមុខផ្ទះលេខ១៦៦ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ស្ត្រីរងគ្រោះទាំង៣នាក់នេះមាន ១-ឈ្មោះ ហ៊ុន នី អាយុ២៤ឆ្នាំ ជាបុគ្គលិកលក់ផលិតផលឱ្យវិទ្យុ ABC ២-ឈ្មោះ យឹម ចំរើន អាយុ២០ឆ្នាំ និង៣-ឈ្មោះ ថា រតនា អាយុ១២ឆ្នាំ ជាសិស្ស ។ ស្ត្រីរងគ្រោះ បានរាយការណ៍ប្រាប់ ប៉ូលិសថា ម៉ូតូស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពាក់ស្លាកលេខតាកែវ 1H-8728 រួមទាំងប្រាក់ ១.០០០ដុល្លារ នៅក្នុងកែបម៉ូតូ និងខ្សែដៃប្លាទីន២ជីកន្លះ ខ្សែកប្លាទីន២ជីកន្លះ សរុបទាំងអស់ជាង២.០០០ដុល្លារ ត្រូវចោរប្រមូលយកអស់ ។ ក្រុមចោរមានគ្នា៧ទៅ៨នាក់ ជិះម៉ូតូចំនួន៤គ្រឿង គឺមា៉កអាយខន២គ្រឿង និងមា៉កស្មាស២គ្រឿង ។

នៅមុនពេលកើតហេតុ ពួកនាង បាននាំគ្នា ទៅរាំកម្សាន្តលេង នៅក្លិបម៉ូណាកូ ចាប់ពីម៉ោង១០យប់ រហូតដល់ម៉ោង ៤ទៀបភ្លឺ ទើបត្រឡប់មកផ្ទះវិញ ក៏ត្រូវចោរ ប្លន់តែម្តង ។ ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅដល់ ប៉ុន្តែយឺតពេលទៅហើយ ដោយក្រុមចោរបានជិះម៉ូតូទៅបាត់ស្រមោល ហើយប៉ូលិស បានត្រឹមតែ ហៅជនរងគ្រោះមកសាកសួរធ្វើកំណត់ហេតុប៉ុណ្ណោះ ។ ករណីមួយទៀតបានឱ្យដឹងថា ម៉ូតូស្គូពីមួយគ្រឿងពណ៌ផ្កាឈូក ជិះដោយស្ត្រី២នាក់ បានត្រូវក្រុមចោរ ប្រដាប់អាវុធ៤នាក់ ជិះម៉ូតូ២គ្រឿងបាញ់១គ្រាប់ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ឧសភា នៅតាមបណ្តោយផ្លូវលេខ៩៣ ក្រុម១៩ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូស្គូពីតាមបណ្តោយផ្លូវលេខ៩៣ ពីត្បូងទៅជើង ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ។ ខណៈមកដល់ចំណុចខាងលើ ស្រាប់តែក្រុមចោរ៤នាក់ ជិះម៉ូតូ២គ្រឿង ក្នុងនោះម៉ូតូវីវា៉ពណ៌ក្រហមមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀតមិនស្គាល់មា៉ក បានធ្វើសកម្មភាពប្លន់យកម៉ូតូ ។ ប៉ុន្តែដោយសារ ស្ត្រីរងគ្រោះ មិនព្រមប្រគល់ម៉ូតូឱ្យ ដោយងាយៗ ទើបចោរម្នាក់ ដកកាំភ្លើងបាញ់១គ្រាប់ ត្រូវចំបញ្ឆិតបំពង់ក បណ្តាលឱ្យដេកដួលនៅកណ្តាលផ្លូវ ហើយចោរបានយកម៉ូតូជិះទៅដោយសុវត្ថិភាព ។ ដោយឡែកស្ត្រីម្នាក់ទៀតដែលរួមដំណើរជាមួយមិនបានរងរបួសអ្វីទេ ។

ក្រោយពេលកើតហេតុ ស្ត្រីរួមដំណើរជាមួយបានលើកគ្រាហ៍ស្ត្រីរងរបួសយកទៅព្យាបាលនៅគ្លីនិកឯកជនមួយ ។ មន្ត្រីប៉ូលិសដែលធ្វើការសាកសួរបានឱ្យដឹងថា រហូតមកដល់រសៀលថ្ងៃដដែល ប៉ូលិសមិនបានទទួលបណ្តឹងពីជនរងគ្រោះនៅឡើយទេ ហើយក៏មិនដឹងថាដេកពេទ្យណាដែរ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]