ខេត្ដប៉ៃលិន ៖  ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំ រងការធ្វើទារុណកម្ម ពីឪពុកមាសាច់ថ្លៃ យ៉ាងសាហាវព្រៃផ្សៃ ជាទីបំផុត ដោយចាប់គាបនឹងដង្កាប់ វាយនឹងខ្សែភ្លើង វាយនឹងកែងព្យួរខោអាវជារៀងរាល់ថ្ងៃ បណ្ដាលឱ្យរងរបួសជាំពេញខ្លួន ជាំកំប៉េះគូទ ជាំសាច់ភ្លៅ និងជាំដោះទាំងសងខាង ស្ទើរឡប់សតិទៅហើយ ។ ការធ្វើទារុណកម្មដ៏ឃោរឃៅព្រៃផ្សៃបែបនេះ តែងធ្វើឱ្យអ្នកជិតខាង ដែលលបមើលឃើញ តែងនឹកអាណិតអាសូរ និងខ្លោចផ្សាក្នុងចិត្ដ ចំពោះកុមារារងគ្រោះយ៉ាងខ្លាំង រហូតអត់ទ្រាំពុំបាន ក៏រាយការណ៍ទៅប៉ូលិសបុ៉ស្ដិ៍រដ្ឋបាលសង្កាត់ទួលល្វា ដើម្បីរំដោះយកកុមារារងគ្រោះ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ ។

ចំណែកឪពុកមាអគតិត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ។ ហេតុការណ៍វាយដំទៅលើកុមារារងគ្រោះរូបនេះ ទើបបានដឹងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ឧសភា ស្ថិតនៅក្នុងផ្ទះឪពុកមាសាច់ថ្លៃ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ កុមារារងគ្រោះឈ្មោះ វិុត ម៉េងលៀង អាយុ១១ឆ្នាំ មានស្រុកកំណើតនៅភូមិលេខ៤ ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល មានឪពុកឈ្មោះ វិុត អាយុ៣១ឆ្នាំ ជាកសិករ និងម្ដាយឈ្មោះ យីម អាយុ៣៣ឆ្នាំ ។ កុមារារងគ្រោះមានបងប្អូន៣នាក់ រូបគេជាកូនទី១ ។ ចំណែកជនអគតិឪពុកមាសាច់ថ្លៃឈ្មោះ ពេជ្រ វណ្ណថា អាយុ៣២ឆ្នាំ ជាជាងជួលជុលម៉ូតូ និងប្រពន្ធឈ្មោះ ឡុង មករា អាយុ២៧ឆ្នាំ ។

សូមបញ្ជាក់ថា មុនពេលកុមារកម្សត់នេះមករស់នៅជាមួយម្ដាយមីងបង្កើត និងឪពុកមា សាច់ថ្លៃមានចិត្ដសាហាវឃោរឃៅនេះ រូបគេ បានត្រូវឪពុកគម្រក់ ផឹកស្រាស្រវឹង វាយដំធ្វើបាបជារៀងរាល់ថ្ងៃដែរ នៅឯស្រុកកំណើតអស់រយៈពេលជាយូរថ្ងៃខែមកហើយ ។ ជួនកាលវាយនឹងអង្កត់អុស ពេលខ្លះទៀតវាយនឹងដំបងធំៗប៉ុនកដៃ ធ្វើឱ្យកុមារដ៏កម្សត់រូបនេះមានការភ័យខ្លាច និងពិបាករស់នៅជាមួយ ទើបដាច់ចិត្ដមករស់នៅជាមួយឪពុកមាសាច់ថ្លៃ និងម្ដាយមីងបង្កើត ។ ទោះជាបែបណា ជីវិតរបស់កុមារកម្សត់រូបនេះ ហាក់បីដូចជាចុះទឹកក្រពើឡើងលើខ្លា ពោលគឺតែងតែរងការធ្វើទារុណកម្មដ៏សាហាវព្រៃផ្សៃដដែល ។

ប្រភពព័ត៌មានឱ្យដឹងទៀតថា កុមារារងគ្រោះបានមករស់នៅជាមួយម្ដាយមីង និងឪពុកមាក្នុងក្រុងប៉ៃលិន កាលពីថ្ងៃទី៣១ មេសា ឆ្នាំ២០១៣ ក្នុងគោលបំណង មកសុំរៀនជួសជុលម៉ូតូជាមួយ និងរត់គេចពីការវាយដំ របស់ឪពុកបង្កើត នៅឯស្រុកកំណើត ។ លុះមករស់នៅបានតែប្រហែលពីរបីថ្ងៃ ស្រាប់តែឪពុកមា ចាប់ផ្ដើមវាយធ្វើបាប ជារៀងរាល់ថ្ងៃ នៅក្នុងផ្ទះ និងក្រោយផ្ទះដោយអត់ឱ្យអ្នកជិតខាងឃើញនោះឡើយ ។

ប្រភពបន្ដថា លុះឮសំឡេងក្មេងប្រុស ដ៏គួរឱ្យអាណិតអាសូរនេះ ស្រែកយំអង្វរកុំឱ្យបន្ដវាយទៀត ទើបអ្នកជិតខាងលបមើល ស្រាប់តែឃើញឪពុកមា កំណាច យកខ្សែភ្លើង វាយទៅលើកុមារារងគ្រោះ យ៉ាងចាស់ដៃ ។ ជួនកាលទៀត គេលបមើលឃើញ យកដង្កាប់ធំ ទៅគាបសាច់ភ្លៅ របស់កុមារា បណ្ដាលឱ្យហើមជាំ និងរបួសស្ទើរសុះសាច់ ស្រែកយំ ដោយការឈឺចាប់ ពន់ប្រមាណ រហូតស្ទើរខ្សោះទឹកភ្នែក ។ នៅព្រឹកថ្ងៃកើតហេតុ អ្នកជិតខាង បានឮសំឡេងកុមារា កម្សត់ ស្រែកយំ យ៉ាងគ្រលួច គួរឱ្យអាណិត សុំអង្វរឪពុកមាកុំឱ្យបន្ដវាយរូបគេតទៅទៀត ។ ប៉ុន្ដែបុរសតិរច្ឆានរូបនោះអត់ព្រមស្ដាប់តាមទេ នៅតែបន្ដលើកដៃវាយទៅលើកុមារារងគ្រោះ វាយហើយវាយទៀត រហូតធ្វើឱ្យអ្នកជិតខាង ដែលលួចឈរមើល នឹកអាណិតអាសូរកុមារ រហូតហូរទឹកភ្នែក ព្រោះតែក្ដុកក្ដួលអាណិត ដោយមិនដឹងខ្លួន ព្រោះក្មេងតូចប៉ុណ្ណេះ ត្រូវមនុស្សធំវាយធ្វើបាបយ៉ាងសាហាវព្រៃផ្សៃតាមអំពើចិត្ដ ទើបទ្រាំមិនបានក៏ប្ដឹងសមត្ថកិច្ចតែម្ដង ។

អ្នកជិតខាងម្នាក់ឱ្យដឹងថា ការវាយធ្វើបាប ទៅលើកុមារារងគ្រោះ បែបនេះ បានធ្វើជាច្រើនដងមកហើយ ។ មិនត្រឹមតែប្ដីទេ សូម្បីប្រពន្ធរបស់គេ ដែលជាម្ដាយមីងបង្កើត ក៏ធ្លាប់វាយទៅលើក្មួយប្រុសរបស់ខ្លួនឯងដែរ ។ នេះហាក់បីដូចជាមិនចង់ឱ្យរូបគេរស់នៅជាមួយទាល់តែសោះ  ជាពិសេស ពេលណាគេប្រើឱ្យធ្វើការងារអ្វីម្ដងៗ គឺតែងតែវាយដំដោយមិនដឹងមូលហេតុ ។ ប្រភពពីអ្នកជិតខាងចោទជាសំណួរថា តើជនប្រភេទនេះ អាចគេចផុតពីសំណាញ់ច្បាប់ បានដែរឬទេ? ព្រោះថា ពួកគេ បានរំលោភទៅលើសិទ្ធិ ទាំងបួនរបស់កុមារគឺ សិទ្ធិរស់រានមានជីវិត សិទ្ធិការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម ។

ប្រភពដដែលបន្ដថា ពេលកុមារារងគ្រោះមករស់នៅជាមួយគ្រួសារនេះ រូបគេអត់ដែលបានទទួលភាពកក់ក្ដៅទេ គឺធ្វើការងារជារៀងរាល់ថ្ងៃ អត់បានចូលរៀន ទាល់តែសោះ គឺមានតែការវាយដំ និងស្ដីបន្ទោសពីម្ដាយមីង និងឪពុកមាចិត្ដតិរច្ឆាន ។ ជាក់ស្ដែងនៅពេលនេះ កុមារារងគ្រោះបានរងរបួសធ្ងន់ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ ហើយមានប្រធានអង្គការអាហ្វីស៊ីប ចុះទៅមើលដល់មន្ទីរពេទ្យផងដែរ ដោយប្រាប់ថា នឹងយកក្មេងប្រុសរងគ្រោះរូបនេះ ទៅដាក់នៅមណ្ឌល ដើម្បីឱ្យរូបគេគេចផុតពីការវាយធ្វើបាប និងមានឱសកាសបានចូលសាលារៀន ។

លោក ឈុន ឆឺយ អធិការក្រុងប៉ៃលិន ប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែលថា ពេលនេះរូបលោកកំពុងមានភារកិច្ចនៅកន្លែងផ្សេង តែសមត្ថកិច្ច ខាងលោក បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ប្ដីប្រពន្ធ ទៅស្នងការដ្ឋាននគរបាលខេត្ដរួចរាល់អស់ហើយ ដើម្បីឱ្យច្បាប់កាត់ទោស ពួកគេសមនឹងអ្វីដែលពួកគេបានប្រព្រឹត្ដ ។ ក្នុងទិវាសិទ្ធិកុមារអន្ដរជាតិ ១ មិថុនា សូមជនទាំងឡាយណា ដែលកំពុងរំលោភទៅលើសិទ្ធិកុមារ គួរតែយកធម៌មេត្ដា ករុណានិងព្រហ្មវិហារធម៌មកប្រតិបត្ដិផង ។ពេលឃើញការធ្វើទារុណកម្មលើក្មេងប្រុសនេះ យើងក៏នឹកឃើញឧកញ៉ាវែង លីតិចឡា និងប្រពន្ធធ្វើបាប កូនចិញ្ចឹម យ៉ាងព្រៃផ្សៃដែរ ប៉ុន្ដែ...ស្ងាត់ឈឹង គឺជនបង្កកំពុងរស់នៅក្រៅច្បាប់នៅឡើយ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]