កណ្ដាល ៖ គ្រោះធម្មជាតិ ភ្លៀងលាយ ខ្យល់ ដែលបានកើតឡើងកាលពីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៣ ស្ថិតនៅ ស្រុកស្អាង ខេត្ដកណ្ដាល បានបណ្ដាលឱ្យផ្ទះ ប្រជាពលរដ្ឋចំនួន ៥ខ្នង បានរងការខូចខាត យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ស្ថិតនៅក្នុងឃុំ ស្វាយរលំ និងឃុំសិត្បូ ។

អធិការនគរបាល ស្រុកស្អាង ខេត្ដ កណ្ដាល លោកវរសេនីយ៍ត្រី សេង សុជាតិ បានឱ្យដឹងថា កាលពីវេលាម៉ោង ៤ និង៣០ នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង អម ដោយកម្លាំងខ្យល់បក់ បណ្ដាលឱ្យផ្ទះប្រជា ពលរដ្ឋ នៅក្នុងឃុំស្វាយរលំចំនួន ១ខ្នងដួល រលំទាំងស្រុង រីឯផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នងផ្សេងទៀត នៅឃុំសិត្បូ បានរងផលប៉ះ ពាល់ ដោយប៉ើងដំបូង និងទ្រេត ។

លោក សេង សុជាតិ បានបន្ដថា ម្ចាស់ ផ្ទះដែលរងផលប៉ះពាល់ ដោយសារខ្យល់ ព្យុះខាងលើនេះ រួមមាន ទី១ លោក ផាត់ ចណ្ណា អាយុ ៣៨ឆ្នាំ រស់នៅភូមិលេខ ៥ ឃុំ ស្វាយរលំ ដែលផ្ទះរបស់គាត់មួយខ្នងធ្វើអំពី ឈើប្រកស័ង្កី ដួលរលំទាំងស្រុង ទី២ លោក ថូ រ៉ុម អាយុ ៣២ឆ្នាំ រស់នៅភូមិព្រែកតា ព្រីង ឃុំសិត្បូ ផ្ទះរបស់គាត់ប្រកស័ង្កីប៉ើង ដំបូល ទី៣ លោក ហ៊ន សាត អាយុ ៦៦ឆ្នាំ រស់នៅភូមិព្រែកតាព្រីង ឃុំសិត្បូ ផ្ទះរបស់ គាត់ធ្វើពីឈើ ប្រកស័ង្កីទ្រេត ទី៤ លោក តេង តុង អាយុ ៦២ឆ្នាំ រស់នៅភូមិព្រែក តាព្រីង ឃុំសិត្បូ ផ្ទះរបស់គាត់ធ្វើពីឈើប្រក ស័ង្កីទ្រេត និងទី៥ លោក ហ៊ុល តោ អាយុ ៨០ឆ្នាំ រស់នៅភូមិសិត្បូ ឃុំសិត្បូ ផ្ទះរបស់ គាត់ដែលធ្វើពីឈើប្រកស័ង្កីទ្រេត ។ យ៉ាង ណាក៏ដោយ ចំពោះគ្រោះធម្មជាតិខាងលើ នេះ ត្រូវបានលោកអធិការ សេង សុជាតិ អះអាងថា មិនបណ្ដាលឱ្យនរណាម្នាក់រង របួសនោះឡើយ ។

គួរបញ្ជាក់ថា រដូវវស្សាបានឈានមក ដល់នេះ បាតុភូតខ្យល់លាយភ្លៀងបានកើត ឡើងនៅតាមបណ្ដាខេត្ដ ធ្វើឱ្យផ្ទះប្រជាពល រដ្ឋជាច្រើនខ្នងរងការបំផ្លាញទាំងស្រុង និង រងផលប៉ះពាល់ ហើយបណ្ដាលឱ្យម្ចាស់ផ្ទះ រងរបួសធ្ងន់ស្រាលទៀតផង ។

ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ មានការ ប្រុងប្រយ័ត្ន ចំពោះបាតុភូតខ្យល់កន្ដ្រាក់ ដែលបាន និងកំពុងកើតឡើង នៅតាមបណ្ដា ខេត្ដក្នុងប្រទេសកម្ពុជានេះ ៕







ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]