ភ្នំពេញ ៖ ស្ដ្រីគ្រប់ខែឆ្លងទន្លេ ដែលមាន កូនភ្លោះ បានជួបគ្រោះអកុសលស្លាប់បាត់ បង់ជីវិតទាំងម្ដាយ និងកូនចោលប្ដី និងកូន ស្រីអាយុ ៦ឆ្នាំ កណ្ដោចកណ្ដែងខណៈដែល ស្ដ្រីរងគ្រោះ ត្រូវបានប្ដី និងសាច់ញាតិបញ្ជូន ទៅសម្រាលកូននៅមន្ទីរពេទ្យគាំពារមាតា និងទារក ហៅថា ពេទ្យជប៉ុន ប៉ុន្ដែបានស្លាប់ នៅទីនោះកាលពីយប់រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣។ យ៉ាង ណាក៏ដោយ ការស្លាប់របស់ស្ដ្រីរងគ្រោះនិង កូនភ្លោះទាំងពីរនាក់នៅក្នុងផ្ទៃខាងលើនេះ ត្រូវបានប្រភពព័ត៌មានមួយចំនួន ចាត់ទុក ថា អាចបណ្ដាលមកពីជនរងគ្រោះតែម្ដង ដោយសារតែធ្លាប់មានជំងឺទឹកចូលសួត បណ្ដាលឱ្យមានអាការៈថប់ដង្ហើម ហើយ គាប់ជួននឹងដល់ពេលវេលា នៃការសម្រាល កូន ។

យោងតាមប្រភពព័ត៌មាន ពីសាច់ញាតិ ស្ដ្រីរងគ្រោះបានឱ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៣ ស្ដ្រីរងគ្រោះមាន អាការៈថប់ដង្ហើម និងឈឺពោះក៏ត្រូវបានប្ដី របស់ខ្លួន បញ្ជូនទៅកាន់មន្ទីរពេទ្យជប៉ុន ដើម្បីសម្រាលកូនភ្លោះ ប៉ុន្ដែ ពេលទៅដល់ មន្ទីរពេទ្យ នៅវេលាម៉ោង ១២ និង៣០ នាទីយប់រំលងអាធ្រាត្រ ស្ដ្រីរូបនេះបាន ស្លាប់ទាំងកូននៅក្នុងផ្ទៃតែម្ដង ។

បើតាមសាច់ញាតិស្ដ្រីរងគ្រោះរូបនេះ ឈ្មោះ គង់ ស្រីលក្ខណ៍ អាយុ ៣១ឆ្នាំ និង ប្ដីឈ្មោះ ផល ចាន់ឌី អាយុជាង ៣០ឆ្នាំ រស់ នៅភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌ ឫស្សីកែវ មានមុខរបរជាអ្នករត់ម៉ូតូឌុប ។ តាមការរៀបរាប់របស់សាច់ញាតិបានឱ្យដឹង ថា ប្ដីប្រពន្ធទាំងពីរនាក់នេះបានរៀបការជា មួយគ្នាអស់រយៈពេលជិត ១០ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់អាយុ ៦ឆ្នាំ ហើយ ស្ដ្រីរងគ្រោះបានមានផ្ទៃពោះ និងនៅពេល ដែលគ្រូពេទ្យឆ្លុះអេកូ បង្ហាញលទ្ធផលថា  ស្ដ្រីរូបនេះមានកូនភ្លោះ ហើយត្រូវសម្រាល នៅអំឡុងថ្ងៃទី២៨ ឬ២៩ ខែឧសភា ឆ្នាំ ២០១៣ ។

លុះដល់ថ្ងៃកើតហេតុនេះស្ដ្រីរង គ្រោះ ដែលធ្លាប់មានជំងឺទឹកចូលសួតផង នោះ មានអាការៈថប់ដង្ហើម និងឈឺពោះ ហេតុដូច្នេះហើយ បុរសជាប្ដីដែលមានជីវ ភាពមិនធូរធា រួមទាំងសាច់ញាតិបានជួយ ដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យជប៉ុន ប៉ុន្ដែ បានស្លាប់នៅទីនោះតែម្ដង ។ យ៉ាងណាក៏ដោយ មិនទាន់មានប្រភពព័ត៌មាន ច្បាស់ការណ៍ណាមួយបញ្ជាក់ថា ការស្លាប់ នេះ បណ្ដាលមកពីកត្ដាខ្លួនឯង ឬមួយការ មិនអើពើរបស់ក្រុមគ្រូពេទ្យ យ៉ាងណានោះ ទេ ។

ជុំវិញករណីនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយ ពី លោកស្រី តុង រដ្ឋាវី នាយកមន្ទីរពេទ្យជប៉ុន បាននៅឡើយទេ នារសៀលថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៣ ដោយទូរស័ព្ទរបស់ លោកស្រីគ្មានអ្នកទទួល ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]