ស្វាយរៀង៖ ក្រុមការងារ សន្តិសុខ ព្រហ្មទណ្ឌ ខេត្តស្វាយរៀង សហការជា មួយអធិការដ្ឋាន នគរបាល ក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ និងករណីបង្ខាំងមនុស្សជំរិតទារ លុយដោយ ខុសច្បាប់ កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ។

តាមប្រភពព័ត៌មាន មួយបាន ឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួននោះមាន ចំនួន០២នាក់ ទី១-ឈ្មោះ មាឃ រ៉ាវី ហៅ គោ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី២-ឈ្មោះ តូ ង៉ុកធី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មានទីនៅបច្ចុប្បន្ន នៅក្រុងហូជីមិញ តែមកស្នាក់នៅ ចល័តក្នុង ក្រុងបាវិត និងលេងល្បែងជាប្រចាំ នៅកាស៊ីណូ ឡាវីហ្គាសសាន់ ក្រុងបាវិត ខេត្តស្វាយរៀង។

ការឈានទៅដល់ការ ឃាត់ខ្លួននេះ ដោយសារ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ អធិការដ្ឋាន នគរបាលក្រុងបាវិត បានទទួលពាក្យ បណ្តឹងមួយពីឈ្មោះ ផាម លឿងលូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅ បច្ចុប្បន្ន ភូមិ៣ ខណ្ឌ១ ទីរួមខេត្តតៃនិញ  ស្រុកកំណើត នៅហូជីមិញ មុខរបរ ធ្វើកសិកម្ម បានប្តឹងជនមួយ ក្រុមមានគ្នា០៤នាក់ បានឃុំឃិតគ្នា ឆបោកខ្លួនថា ឲ្យខ្ចីលុយ១៥០០ដុល្លារ ហើយបាននាំខ្លួនទៅផ្ទះគ្មានលេខ មួយ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីទទួលលុយ តែបែជារុញចូលបន្ទប់ វាយធ្វើបាប យ៉ាងធ្ងន់ធ្ងរ និងបង្ខំ ឲ្យខ្លួនទូរស័ព្ទ ទៅប្រពន្ធដើម្បីយកលុយ ចំនួន១៥០០ដុល្លារ មកលោះខ្លួន បើទោះលុយនោះខ្លួនពុំបាន ទទួលបន្តិចណាសោះឡើយ ក៏ដោយ។

ហើយក្នុង អំឡុងពេលដែលខ្លួនត្រូវបាន គេឃុំក្នុងបន្ទប់នោះ មានមនុស្ស ម្នាក់ឈ្មោះ តង ជនជាតិវៀតណាម ត្រូវបានគេបង្ខាំងក្នុងបន្ទប់នោះរួច មកហើយ ហើយមានមនុស្សជាច្រើននាក់ ផ្សេងទៀត ត្រូវបានគេយកទៅឃុំ និងវាយធ្វើបាបជំរិតទារប្រាក់។ ក្នុងចំណោមជនដែលត្រូវ គេឃុំខ្លួនទាំងអស់ មានស្រ្តីម្នាក់ ឈ្មោះ ង៉ុក ដែលត្រូវគេ ឃុំជដែរនោះ បានលួចផ្ញើសារ ទៅប្រពន្ធខ្លួនថា ត្រូវបានគេវាយធ្វើបាប និងចាប់រំលោភ យ៉ាងព្រៃផ្សៃទៀតផង។

បន្ទាប់ពីទទួលពាក្យ បណ្តឹង សមត្ថកិច្ច បានកោះហៅ ឈ្មោះ មាឃ រ៉ាវី ហៅ គោ មកសួរនាំ ក្រោយមកជននេះ ក៏បានឆ្លើយ សារភាពថា ខ្លួនជាអ្នកឃ្លាំមើល និងវាយដំទៅ លើជនរងគ្រោះ ដោយខ្លួនបាន ទទួលប្រាក់ខែចំនួន១៥០ដុល្លារ ក្នងខែ ពីស្រ្តីជនជាតិ វៀតណាមម្នាក់ ឈ្មោះ ថោ ។ សមត្ថកិច្ចបានបន្តថា ក្នុងចម្លើយសារភាពនេះដែរ មានមនុស្សជាច្រើនទៀត ដែលត្រូវបានគេបញ្ជូន ទៅបង្ខាំង វាយដំ ជំរិតទារប្រាក់ ក្នុងបន្ទប់ នៃផ្ទះនោះហើយ ឲ្យខ្លួនមើលការខុសត្រូវ។

ដោយមានការចង្អុលបង្ហាញ ពីជនសង្ស័យឈ្មោះ គោ  ភ្នាមៗនោះ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួន ស្រ្តីជនជាតិវៀតណាមម្នាក់ ឈ្មោះ តូ ង៉ុកធី ហៅ ថោ ជាជនជាតិ វៀតណាម មកសួរនាំ។ ចំពោះករណីនេះ សមត្ថកិច្ចបាន បញ្ជូនសំណុំរឿង និងវត្ថុតាង ទៅសាលា ដំបូង ខេត្តស្វាយរៀង រួចរាល់ហើយ ដើម្បីចាត់ការ តាមច្បាប់។

ជនរងគ្រោះ ឈ្មោះ ផាម លឿងលូ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ បានឲ្យដឹងថា មានមនុស្សម្នាក់ ដែលជាអ្នកបកប្រែ ភាសាវៀតណាម ឲ្យក្នុងករណីនេះ នៅស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង បានប្រើទូរស័ព្ទលេខ ០៩៧ ៩៩៦៦៣១៩ ទាក់ទងមកខ្លួន ហើយប្រាប់ថា លុយចំនួន១៥០០ដុល្លារនោះ គឺខាងស្រ្តីឈ្មោះ ថោ នោះ ព្រមប្រគល់ ឲ្យវិញហើយ និង ឲ្យឡើងពីបាវិត មកទទួលលុយនៅ ខេត្តស្វាយរៀងវិញចុះ។ ទាំងជនរងគ្រោះ និងប្រជាជន ទូទៅកំពុង រង់ចាំមើល ចំណាត់ការ របស់សាលា ដំបូងខេត្តស្វាយរៀង ដើម្បីផ្តល់យុត្តិធម៌ ដល់ជងរងគ្រោះជាច្រើន ដែលត្រូវ គេបង្ខាំងវាយដំ និងជំរិតទារប្រាក់នេះ៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]